ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើអ្នកដឹងពីរបៀបជ្រើសរើសផ្លែបឺរដែរឫទេ?

ផ្លែបឺរគឺជាផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមមានអត្ថប្រយោជន៍ដល់សុខភាព និងខ្លាញ់ល្អសម្រាប់សុខភាពរបស់យើង។ យើងអាចយកផ្លែបឺរទៅបរិភោគហើយក៏អាចកែច្នៃវាយកទៅប្រើប្រាស់លើស្បែកផងដែរដោយសារវាសម្បូរទៅដោយសារធាតុចិញ្ចឹម ប្រេងផ្លែបឺរគឺជាផលិតផលធម្មជាតិដ៏ល្បីមួយដែលមនុស្សចូលចិត្តប្រើប្រាស់សម្រាប់ថែរក្សាសក់និងស្បែករបស់ពួកគេប្រចាំថ្ងៃ។ ផ្លែបឺរខុសពីផ្លែឈើដទៃទៀតវាមិនទុំនៅលើដើមរបស់វាទេយើងមើលដឹងថាវាទុំឫនៅតាមកត្តាមួយចំនួន។ ថ្ងៃនេះយើងនឹងបង្រៀនអ្នកពីរបៀបជ្រើសរើសផ្លែបឺរនិងវិធីបន្ទុំផ្លែបឺរ។

របៀបជ្រើសរើសនិងមើលផ្លែបឺរ

  1. ពិនិត្យពណ៌សំបកនៃផ្លែបឺរ- បើសិនវាមានពណ៌បៃតងខ្ចីនោះមានន័យថាវាមិនទាន់ទុំនោះទេ បើសិនវាមានពណ៌បៃតងងងឹតមានន័យថាវាទុំហើយ។ ប៉ុន្តែផ្លែបឺរខ្លះនៅតែមានពណ៌បៃតងខ្ចីស្រស់ដដែលទោះបីជាវាទុំហើយក៏ដោយ។ ដូច្នេះអ្នកត្រូវពិនិត្យកត្តាផ្សេងៗទៀត។
  2. ស្ទាបផ្លែបឺរ- យើងត្រូវស្ទាបមើលផ្លែបឺរដើម្បីដឹងថាវាទុំអាចបរិភោគបានឫនៅ។ ដាក់ផ្លែបឺរនៅលើបាតដៃរបស់អ្នក ហើយច្របាច់ផ្លែឈើថ្នមៗដើម្បីពិនិត្យមើល ប្រសិនបើច្របាច់ទៅវានៅរឹងពេកមានន័យថាវានៅមិនទាន់ទុំនោះទេ ហើយបើច្របាច់ទៅវាជ្រាយពេកមានន័យថាវាទុំពេកអាចនិងជិតរលួយហើយ។ ផ្លែបឺរដែលទុំល្មមអាចបរិភោគបាននោះគឺពេលដែលយើងច្របាច់វាទៅវាទន់ល្មមមិនរឹងពេកក៏មិនជ្រាយពេកដែរ។
  3. ដើមទងរបស់ផ្លែបឺរ – ដកដើមទងតូចដែលចាប់នៅពីលើផ្លែបឺរចេញដើម្បីពិនិត្យមើលឱ្យប្រាកដថាផ្លែបឺរទុំហើយល្មួតឆ្ងាញ់ នៅខាងក្នុងអាចបរិភោគបាន។ ប្រសិនបើដកមកឃើញមានពណ៌បៃតងមានន័យថាវាទុំល្អ។ ប្រសិនបើវាពណ៌ត្នោតមានន័យថាផ្លែបឺរទុំជ្រាយហើយប្រសិនបើវាមានពណ៌ត្នោតងងឹតមានន័យថាវាទុំជ្រុលជិតខូចឫដុះផ្សិតហើយបរិភោគមិនកើតទេ ។

វិធីបន្ទុំផ្លែបឺរនៅផ្ទះ៖

  1. ថង់ក្រដាស – ដាក់វានៅក្នុងថង់ក្រដាសជាមួយចេកនោះនឹងជួយឱ្យផ្លែបឺរទុំព្រោះចេកផលិតឧស្ម័នអេទីឡែនដែលជួយឱ្យផ្លែឈើទុំលឿន។
  2. អង្ករ – អប់វាក្នុងអង្ករពីរបីយប់ដើម្បីឱ្យវាទុំ។
  3. ពន្លឺព្រះអាទិត្យ- ដាក់វានៅខាងក្រៅផ្ទះរបស់អ្នកក្រោមពន្លឺព្រះអាទិត្យ ភាពកក់ក្តៅនៃព្រះអាទិត្យនឹងជួយឱ្យផ្លែបឺរទុំលឿន។
Writer