បច្ចេកទេសក្នុងការចិញ្ចឹមខ្យងប័រងាយៗ នៅផ្ទះដោយខ្លួនឯង ដើម្បីជាចំណូលបន្ថែម
ការសន្សំទឹកក្នុងវិស័យកសិកម្ម (Water Conservation in Agriculture)

នៅប្រទេសកម្ពុជា ការផ្លាស់ប្តូររវាងគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់នាំមកនូវសេចក្តីប្រឈមសម្រាប់ការគ្រប់គ្រងទឹក។និន្នាការបច្ចុប្បន្នបង្ហាញថា មានកំណើនចំពោះភ្លៀងធ្លាក់ប្រចាំឆ្នាំនិងសីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា ដែលអាចនឹងមានការកើនឡើងនៃភាពញឹកញាប់(ប្រេកង់) កម្រិតធ្ងន់ធ្ងរនិងរយៈពេលកើតមាននៃគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់។ការគ្រប់គ្រងទឹករួមបញ្ចូលបញ្ហាមួយចំនួនដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងកត្តាអនាម័យ និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹង ការគ្រប់គ្រងគ្រោះមហន្តរាយនិងផែនការនៃការផ្លាស់ប្តូរអាកាសធាតុ។
ខណៈពេលដែលអាកាសធាតុមានបម្រែបម្រួលខ្លាំងនិងការផ្លាស់ប្តូរអាកាសធាតុបានគម្រាមកំហែងដល់ការគ្រប់គ្រងទឹក គម្រោងសាងសង់ធំៗមួយចំនួន តួរយ៉ាងគម្រោងទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា និងនៅបណ្តាប្រទេសជិតខាងបានផ្តល់ការគម្រោមកំហែងភ្លាមៗលឿនជាងកត្តាពីធម្មជាតិ។ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក គោលនយោបាយ និងការគ្រប់គ្រងទឹកមានលក្ខណៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសក្នុងការធានាឱ្យបាននូវទឹកស្អាតសម្រាប់ការប្រើប្រាស់ និងកត្តាអនាម័យ ក៏ដូចជាប្រភពទឹកសម្រាប់ការស្រោចស្រព។
ប្រភពទឹកជាសម្បត្តិរបស់រដ្ឋ ដែលរដ្ឋាភិបាលមានភារកិច្ចក្នុងការគ្រប់គ្រងតាមរយៈក្រសួងនិងអាជ្ញាធរនៅទូទាំងប្រទេស។ ជនគ្រប់រូបអាចប្រើប្រាស់ប្រភពទឹកសម្រាប់តម្រូវការប្រចាំថ្ងៃនិងការស្រោចស្រពក្នុងមូលដ្ឋាន។ ប្រភេទនៃការប្រើប្រាស់ផ្សេងទៀតតម្រូវឱ្យមានអាជ្ញាប័ណ្ណ។ មានអនុក្រឹត្យស្តីអំពីបញ្ហានេះកំពុងត្រូវបានព្រាងឡើង។ឯកសារច្បាប់គត្តិយុត្តិចម្បងសម្រាប់ការគ្រប់គ្រងទឹកសំដៅលើច្បាប់ឆ្នាំ២០០៧ ស្តីអំពីទឹក ដែលរួមមានក្រមខណ្ឌគតិយុត្តិនៃគោលនយោបាយ និងការគ្រប់គ្រងទឹក។
ការគ្រប់គ្រងទឹក គឺជាបន្ទុករបស់រដ្ឋាភិបាលតាំងពីមុនពេលដែលច្បាប់ពាក់ព័ន្ធត្រូវបានអនុម័ត។ គោលនយោបាយដែលបានអនុម័តក្នុងរយៈពេលប៉ុន្មានទសវត្សនេះបង្ហាញថាការគ្រប់គ្រងទឹកជានិច្ចកាលជាផ្នែកមួយនៃគោលនយោបាយទូលំទូលាយជាងនេះ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច គ្រោះធម្មជាតិ កតា្តអនាម័យប្រសើរជាងមុន និងការផ្លាស់ប្តូរអាកាសធាតុដែលកើតមានឡើងក្នុងពេលថ្មីៗនេះ។ គម្រោងសំខាន់ពីរក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលគឺយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី០៣ និងផែនការអភិវឌ្ឍថ្នាក់ជាតិ ក្នុងកញ្ចប់ថវិការចំនួន ២៦.៥៩ពាន់លានដុល្លារ។
| គ្រោះធម្មជាតិ/ កសិកម្ម/ ការផ្លាស់ប្តូរអាកាសធាតុ | ការគ្រប់គ្រងទឹក |
| ផែនការសកម្មភាពថ្នាក់ជាតិសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ២០០៨-២០១៣ (អង់គ្លេស)ក្រសួងផែនការ | ច្បាប់ស្តីអំពីការការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ ១៩៩៦ (អង់គ្លេស) ក្រសួងបរិស្ថាន |
| ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍបៃតង ២០១៣-២០៣០ (អង់គ្លេស)ក្រសួងបរិស្ថាន | អនុក្រឹត្យលេខ ២៧ ស្តីអំពីការគ្រប់គ្រងកង្វះទឹក ១៩៩៩ ក្រសួងធនធានទឹកនិងឧតុនិយម |
| ផែនការយុទ្ធសាស្ត្រសម្រាប់បម្រែបម្រួលអាកាសធាតុ ២០១៤-២០២៣ (អង់គ្លេស)ក្រសួងបរិស្ថាន | ច្បាប់ស្តីអំពីការគ្រប់គ្រងទឹក ២០០៧ (អង់គ្លេស)ក្រសួងធនធានទឹក និងឧតុនិយម |
| ផែនការយុទ្ធសាស្ត្រអភិវឌ្ឍថ្នាក់ជាតិ២០១៤-២០១៨ ក្រសួងផែនការ | យុទ្ធសាស្ត្រថ្នាក់ជាតិស្តីពីការផ្គត់ផ្គង់ទឹកតាមជនបទ និងអនាម័យ ២០១១-២០២៥ (អង់គ្លេស)ក្រសួងអភិវឌ្ឍជនបទ |
| យុទ្ធសាស្ត្រចតុកោណអាណាត្តិទី០៣ ២០១៥-២០១៨ (អង់គ្លេស)រាជរដ្ឋាភិបាលកម្ពុជា | អនុក្រឹត្យគាំទ្រច្បាប់ ២០០៧ (ក្រសួងធនធានទឹកនិងឧតុនិយម, ២០១៥ – ?) |
| យុទ្ធសាស្ត្រថ្នាក់ជាតិតាមវិស័យសំខាន់ៗ និងផែនការសកម្មភាពសម្រាប់ការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ការកាត់បន្ថយគ្រោះមហន្តរាយនិងការអភិវឌ្ឍប្រកបដោយនិរន្តភាពតាំងពីឆ្នាំ១៩៩៦ | |
ក្រសួងមួយចំនួនបានបង្កើតគម្រោងផ្ទាល់ខ្លួន ដោយបានកំណត់យកកម្មវត្ថុជាច្រើនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការអន្តរក្រសួងត្រូវបានតម្រូវខណៈពេលមានចំណុចផ្ទួនគ្នានៃគម្រោងនីមួយៗ ដែលគម្រោងទាំងនេះមានគោលបំណងក្នុងការផ្តល់សន្តិសុខទឹកនិងសន្តិសុខស្បៀងអាហារ។ ទំនាក់ទំនងអន្តកាលរវាងដី ទឹក និងកសិកម្មបានផ្តល់ផលលំបាកកាន់តែខ្លាំងក្នុងការគ្រប់គ្រងរវាងក្រសួងពាក់ព័ន្ធ។ គម្រោងខ្លះត្រូវបានទ្រទ្រង់ដោយកសិប្រពលវប្បកម្ម ដែលអាចនឹងមានផលប៉ះពាល់ទៅកាន់កត្តាផ្សេងៗទៀតដោយផ្ទាល់ ឬដោយប្រយោល។
ក្រសួង និងអាជ្ញាធរមួយចំនួនមានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងទឹក ដោយក្រសួងធនធានទឹក និងឧតុនិយមមានតួរនាទីចម្បងក្នុងបញ្ហានេះ។
ក្រសួងពាក់ព័ន្ធរួមមាន៖
សរុបមក មានក្រសួងមិនតិចជាង៩ទេដែលទទួលបន្ទុកដោយផ្ទាល់ឬដោយប្រយោលក្នុងការគ្រប់គ្រងទឹកនៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនេះ មានការបំពេញបន្ថែមពីស្ថាប័នរដ្ឋាភិបាលនានា ដូចជាគណៈកម្មាការអន្តរកាលនិងភ្នាក់ងារផ្សេងៗ ដែលក្នុងនោះមានទំនាក់ទំនងខ្លាំងជាងគេគឺក្រុមប្រឹក្សាថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលជំនួសលើអតីតគណៈកម្មាធិការជាតិ ស្តីពី ការផ្លាស់ប្តូរអាកាសធាតុ និងក្រុមប្រឹក្សាថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍបៃតង។
ទឹកក៏ត្រូវបានគ្រប់គ្រងនៅថ្នាក់មូលដ្ឋានផងដែរ ៖
គោលនយោបាយទឹកបានចាប់ផ្តើមក្នុងកម្រិតថ្នាក់តំបន់។ ក្នុងឆ្នាំ១៩៩៥ កិច្ចព្រមព្រៀងលើការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងតំបន់អាងទន្លេមេគង្គ ដែលត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការទន្លេមេគង្គ ត្រូវបានចុះហត្ថលេខាដោយបណ្តាប្រទេសជិតខាងរបស់កម្ពុជា។ នេះជាកិច្ចបន្ទាប់ពីផែនការអភិវឌ្ឍថ្នាក់ជាតិ ឆ្នាំ២០០៦-២០១០។ដែលរួមមានខ្លឹមសារជាច្រើនដែលទាក់ទងនឹងទឹក។ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។
កម្មវត្ថុរបស់ច្បាប់នេះ គឺបង្កើនដីកសិកម្មដែលទទួលបានការស្រោចស្រព ក៏ដូចជានាំយកវិនិយោគទុនទៅកាន់វិស័យទឹក។ ច្បាប់នេះក៏បានកំណត់អំពីសិទ្ធិ និងភារកិច្ចរបស់អ្នកប្រើប្រាស់ទឹក គោលការណ៍នៃការគ្រប់គ្រងធនធាន និងការចូលរួមរបស់អ្នកប្រើប្រាស់ក្នុងការអភិវឌ្ឍធនធានទឹក។
ក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកក្នុងការកំណត់គោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ក៏ដូចជាធ្វើការស្រាវជ្រាវនិងការស៊ើបអង្កេត។ ក្រសួងនេះក៏ទទួលបន្ទុកក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ក៏ដូចជាចាត់វិធានការជាមួយក្រសួងពាក់ព័ន្ធនិងអាជ្ញាធរដែនដីផងដែរ។
ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) គឺជាវិធីសាស្ត្រចម្បងសម្រាប់ការអនុវត្តច្បាប់នេះ។ក្រសួងធនធានទឹកនិងឧតុនិយមរៀបចំបញ្ជីសារពើភ័ណ្ឌដែលកំណត់អំពីទីតាំង ចំនួននិងគុណភាពនៃធនធាន។ ការប្រមូលទិន្នន័យត្រូវបានបញ្ជូនទៅកាន់ក្រសួងនិងត្រូវតែផ្តល់ទៅកាន់សាធារណៈជនដោយសេរី។ក្រសួងធនធានទឹកនិងឧតុនិយមផ្តល់អាជ្ញាប័ណ្ណនិងការអនុញាតិសម្រាប់ការប្រើប្រាស់ទឹក។ ក្រសួងដដែលបានរៀបចំអនុក្រឹត្យចំនួន៤ ដើម្បីជាជំនួយដល់ច្បាប់នេះ៖
នៅឆ្នាំ២០០៣ រដ្ឋាភិបាលបានកំណត់គោលនយោបាយវិស័យអនាម័យ និងការផ្គត់ផ្គង់ទឹកថ្នាក់ជាតិជាមួយនឹងទស្សនវិស័យដែលគ្រប់គ្រងលើវិស័យនេះទាំងមូលត្រឹមឆ្នាំ២០២៥។យុទ្ធសាស្ត្រទឹកប្រើប្រាស់ជនបទ និងអនាម័យ ២០១០-២០២៥ ក៏ត្រូវបានបង្កើតផងដែរក្នុងឆ្នាំ២០១០។
គោលបំណងនៃយុទ្ធសាស្ត្រស្ថិតត្រង់ការកំណត់ការផ្គត់ផ្គង់ទឹក សេវាអនាម័យដែលអាចផ្តល់ទៅប្រជាជនដែលរស់នៅតាមជនបទនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាធនធានហិរញ្ញវត្ថុ ធនធានមនុស្សនិងធនធានដ៏ទៃទៀតដែលចាំបាច់សម្រាប់ការផ្តល់សេវាទាំងនេះប្រកបដោយនិរន្តភាព។ គោលបំណងមួយក្នុងចំណោមនោះ គឺជាជំនួយក្នុងការពន្លឿនដំណើរការនេះដើម្បីឆ្ពោះទៅកាន់ការសម្រេចបាននូវចក្ខុវិស័យសម្រាប់វិស័យនេះក្នុងឆ្នាំ២០២៥។
យុទ្ធសាស្ត្រថា្នក់ជាតិសម្រាប់វិស័យកសិកម្ម និងទឹក (SAW) ផ្តោតទៅលើវិនិយោគទុននិងប្រព័ន្ធស្រោចស្រព ពិសេសហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដែលជានិច្ចកាលត្រូវបានអនុវត្តក្រោមជំនួយពីដៃគូខាងក្រៅ ដែលជាកិច្ចបន្ថែមទៅលើការអភិវឌ្ឍនៃគម្រោងថ្មី ដែលការងារច្រើននឹងផ្តោតទៅលើការកែតម្រូវនៃគម្រោងដែលមានរួចជាសេ្រច។
ឯកសារច្បាប់ចម្បងសម្រាប់ប្រព័ន្ធធារាសាស្ត្រគឺគោលនយោបាយអនុវត្តសម្រាប់ប្រព័ន្ធធារាសាស្ត្រប្រកបដោយនិរន្តរភាព(១៩៩៩)។ ឯកសារនេះទទួលស្គាល់សហគមន៍កសិករប្រើប្រាស់ទឹកថាជាស្ថាប័នស្របច្បាប់ទទួលបន្ទុកការគ្រប់គ្រងប្រចាំថ្ងៃនៃគម្រោងស្រោចស្រព។ នេះរួមបញ្ចូលទាំងសោធទនកម្មច្បាប់ដែលអះអាងថា ៖ ប្រព័ន្ធធារាសាស្ត្រដែលអាចបង្កើតឡើងបានលុះត្រាមានការអនុញាត្តិពីសហគមន៍កសិករប្រើប្រាស់ទឹក។ ក្រសួងធនធានទឹកនិងឧតុនិយមទទួលបន្ទុកផ្តល់ជំនួយបចេ្ចកទេស។ អ្នកអង្កេតការណ៍ជាច្រើន រួមមានធនាគារអភិវឌ្ឍអាស៊ី យល់ឃើញថា ប្រព័ន្ធនេះមិនទាន់ដំណើរការបានយ៉ាងមានប្រសិទ្ធភាពនោះទេ។
ក្រៅពីគោលនយោបាយរបស់រដ្ឋាភិបាល គោលដៅសំខាន់សម្រាប់គោលនយោបាយនេះគឺ សម្រេចឱ្យបាននូវគោលដៅទី៣ដែលបានកំណត់ក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី០៧ ៖ កាត់បន្ថយចំនួនប្រជាជនដែលមិនទទួលបានទឹកប្រើប្រាស់ និងអនាម័យត្រឹមឆ្នាំ២០១៥។ ខណៈពេលដែលអង្គការ UNICEF បានលើកឡើងថា កំណើននៃការទទួលបានទឹកប្រើប្រាស់និងអនាម័យសម្រាប់ប្រជាជនទីទ័លក្រមានផលប៉ះពាល់ចម្បងបំផុតទៅកាន់ការកាត់បន្ថយភាពក្រីក្រ សមភាពយែនឌ័រ សុខាភិបាលនិងវិស័យអប់រំ។
ក្រសួងអភិវឌ្ឍជនបទបានឱ្យដឹងថា ប្រទេសកម្ពុជាបានសម្រេចគោលដៅនេះកាលពីឆ្នាំមុនដោយពាក់កណ្តាលនៃតំបន់នៅតាមទីជនបទអាចទទួលបានទឹកស្អាតប្រើប្រាស់រួចហើយក្នុងពេលបច្ចុប្បន្ន។ ក្រសួងដដែលក៏បាននិយាយផងដែរថា នៅដើមឆ្នាំ២០១៦ ៤៦ភាគរយនៃប្រជាជននៅតាមទីជនបទមានបង្គន់ប្រើប្រាស់ និងទទួលបានបរិក្ខារសម្រាប់ការលាងសំអាតដៃនិងអនាម័យ។
គោលនយោបាយរបស់រដ្ឋាភិបាល ស្តីអំពី កំណើននៃទិន្នផលស្រូវអង្ករនាំឱ្យមានការទិញយកដីក្នុងទ្រង់ទ្រាយធំសម្រាប់ការធ្វើកសិកម្មតាមកិច្ចសន្យា។ កត្តានេះនាំឱ្យមានការធ្វើពាណិជ្ជនីយកម្មកាន់តែច្រើននៃទឹកដែលបង្កើតជាសេចក្តីប្រឈមចំពោះការប្រើប្រាស់តាមផ្ទះ និងកសិដ្ឋានតូចៗ។ ទោះបីជាគោលនយោបាយនេះមិនទាន់បានអនុវត្តពេញលេញក៏ដោយ ការធ្វើកសិកម្មតាមកិច្ចសន្យា គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការគ្រប់គ្រងទឹក។យ៉ាងណាមិញ គម្រោងអភិវឌ្ឍនៅតែផ្តោតលើការនាំចេញស្រូវអង្ករ ដែលទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រកាន់តែទូលំទូលាយ។ ចំណុចប្រឈមស្ថិតនៅត្រង់ការស្វែងរកវិធីសាស្ត្រក្នុងការប្រើប្រាស់ទឹកដើម្បីជាជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចខណៈទ្រទ្រង់ការកាត់បន្ថយភាពក្រីក្រតាមរយៈសន្តិសុខស្បៀងអាហារនិងអនាម័យនៅថ្នាក់មូលដ្ឋាន។ មានចំណុចប្រឈមសម្រាប់បញ្ហាបច្ចេកទេសក្នុងការអភិវឌ្ឍធនធានទឹកនៅក្នុងតំបន់ដែលទឹកក្រោមដីត្រូវបានបំពុលដោយសារធាតុអាសេនិច។(ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ )
ទាក់ទងនឹងគោលនយោបាយនិងការគ្រប់គ្រងទឹក