តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?
ថ្នាំកសិកម្មជាអ្វី??

ជាការពិតណាស់ទឹក គឺជាជីវិត ជីវិតទាំងអស់នៅលើផែនដីនេះ គឺសុទ្ធតែត្រូវការទឹកជាចាំបាច់ដើម្បីរស់។ កសិករយើងបានចំណាយទាំងពេលវេលា កម្លាំង និងធនធានជាច្រើន ដើម្បីធានាថាមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំរបស់ពួកគាត់អោយដុះលូតលាស់បានល្អ និងផ្ដល់នូវទិន្នផលខ្ពស់។
ទឹក គឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងវិស័យកសិកម្ម ចុះបើគ្មានទឹកវិញ?? ពិតណាស់វាមិនអាចទៅរួចទេដែលយើងធ្វើកសិកម្មដោយមិនប្រើប្រាស់ទឹក វាជាបញ្ហាចម្បងមួយរបស់កសិករ ហើយយើងក៏មិនអាចទស្សន៍ទាយទុកមុនបានដែរ ប្រសិនបើរដូវប្រាំងអូសបន្លាយរយ:ពេលយូរ នោះវានឹងធ្វើអោយដំណាំស្ត្រេស និងការលូតលាស់មិនបានល្អនោះទេ នៅពេលដែរដំណាំស្ត្រេស វានឹងបង្អាក់ការលូតលាស់នូវផ្នែកផ្សេងៗរបស់ដំណាំ បើទោះបីយើងបន្តការស្រោចស្រពឡើងវិញក៏ដោយ ក៏មិនអាចធ្វើអោយដំណាំលូតលាស់ល្អ ដូចនៅពេលដែលរុក្ខជាតិមិនទាន់ស្ដ្រេសនោះដែរ ដើម្បីអោយដំណាំលូតលាស់បានល្អ ដីត្រូវតែមានសំណើមជានិច្ច កសិករបានព្យាយាមស្វែងរកគ្រប់វិធីសាស្ត្រដើម្បីអោយមានទឹកស្រោចស្រពដំណាំគាត់បានគ្រប់គ្រាន់ ដូចជាការជីកអណ្ដូង ប្រឡាយ និងការស្ដុកទឹកក្នុងស៊ីតេនធំ ហើយថែមទាំងមានការបន់ស្រន់អោយមានភ្លៀងធ្លាក់ជាដើម។ទោះបីជាពួកគាត់មានទឹកគ្រប់គ្រាន់សម្រាប់ការស្រោចស្រពក៏ដោយក៏ដំណាំមិនអាចស្រូបយកទឹកបានត្រឹមត្រូវដដែរ ដោយសារតែភាគច្រើននៃទឹកដែលប្រើប្រាស់ដើម្បីស្រោចស្រពគឺត្រូវបានបាត់បង់ដោយរំហួត ឬហូរចូលទៅក្នុងដីយ៉ាងជ្រៅដែលធ្វើអោយឬសរបស់ដំណាំមិនអាចចាក់ទៅដល់ និងពិបាកស្រូបយកទឹកនោះដើម្បីអោយលូតលាស់បានល្អនោះទេ។បច្ចុប្បន្នជីពិតជាមានតម្លៃថ្លៃ ហើយការប្រើប្រាស់ជីអោយបានត្រឹមត្រូវក៏ជាបញ្ហាប្រឈមមួយដែរ ឬសរបស់ដំណាំអាចស្រូបយកសារធាតុចិញ្ចឹមទាំងអស់នោះបានលុះត្រាតែជីនោះរលាយជាមួយទឹកបានល្អ ប៉ុន្តែនៅពេលដែរដីមិនមានសំណើមគ្រប់គ្រាន់ជីទាំងនោះគឺមិនរលាយបានដែរ រុក្ខជាតិមិនអាចស្រូបយកសារធាតុចិញ្ចឹមនោះបានឡើយ។បញ្ហាប្រឈមទីបីសម្រាប់កសិករនោះគឺសុខភាពដីដែលត្រូវដាំដុះរបស់ពួកគេដីដែរធូរ ធ្វើអោយខ្យល់ចេញចូលបានល្អសម្បូរទៅដោយសារធាតុចិញ្ចឹម និងមីក្រូសារពាង្គកាយដែលធ្វើអោយរុក្ខជាតិលូតលាស់បានល្អ និងផ្តល់នូវទិន្នផលខ្ពស់។តើអ្នកដឹងទេថា ដោយសារតែសំណើមមិនគ្រប់គ្រាន់កសិករអាចបាត់បង់នូគ្រាប់ពូជរហូតដល់ ២០ % និងបាត់បង់នូវជីដែរគេប្រើដល់ ៥០ %។
ទាំងនេះគឺជា វិធីសាស្ត្រសំខាន់ៗក្នុងការគ្រប់គ្រងសំណើមដី ដែលកសិករគួរតែអនុវត្ត ដើម្បីរក្សាឲ្យដីមានសំណើមសមស្រប និងជួយដំណាំលូតលាស់បានល្អ ៖
ការគ្របដីដោយសម្ភារៈសរីរាង្គដូចជា ស្លឹកឈើ ឬចំបើង ដើម្បីរក្សាសំណើម ទប់ស្កាត់ស្មៅចង្រៃ និងការពារការហូរច្រោះដី។ នៅពេលវារលួយ វានឹងបន្ថែមជីជាតិដល់ដី។
ការគ្របដី ជាវិធីមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់រក្សាសំណើមដី។



ការសង្កេតជាប់ជាប្រចាំជួយឲ្យដឹងពេលណាត្រូវការទឹក និងពេលណាចាំបាច់ឈប់ប្រើប្រាស់ទឹក។
ការដាំដំណាំគ្របដីដូចជា ពពួកសណ្តែក ឬគ្រាប់ពូជដទៃទៀត អាចជួយឱ្យដីមានខ្យល់ លើកកំពស់មីក្រូសរីរាង្គមានប្រយោជន៍ និងនៅពេលវាបំបែក វានឹងបន្ថែមជីជាតិដល់ដី។ ដំណាំទាំងនេះក៏ជួយកាត់បន្ថយការហូរច្រោះខ្សោះដី និងកែលម្អរចនាសម្ព័ន្ធដីផងដែរ។

បន្ថែមជីកំប៉ុស លាមកសត្វក្រៀម ដើម្បីបង្កើនជីជាតិដល់ដី។ សមាសធាតុសរីរាង្គជួយជំរុញសកម្មភាពមីក្រូសរីរាង្គ កែលម្អរចនាសម្ព័ន្ធដី និងបង្កើនការរក្សារសំណើមបានយូរ ។
កាត់បន្ថយការភ្ជួរដីអាចជួយរក្សារចនាសម្ព័ន្ធដី និងលើកកំពស់ការលូតលាស់របស់ពពួកសរីរាង្គមានប្រយោជន៍។ ការភ្ជួរដីច្រើនពេកអាចប៉ះពាល់ដល់ស្រទាប់ដី បណ្តាលឱ្យមានការហូរច្រោះខ្សោះដី និងការថយចុះជីជាតិ។

ការធ្វើតេស្តកម្រិត pH និងជីជាតិក្នុងដី។ ការវិភាគដីជួយឱ្យអ្នកដឹងពីការកែលម្អដែលត្រូវការ ដើម្បីបង្កើនជីជាតិដីសម្រាប់ការដាំដុះ។
ការផ្លាស់ប្តូរដំណាំរៀងរាល់រដូវ ដើម្បីការពារការថយចុះជីវជាតិ និងកាត់បន្ថយសត្វល្អិត និងជំងឺ។ វិធីសាស្រ្តនេះអាចឱ្យដំណាំផ្សេងៗប្រើប្រាស់ និងបំពេញជីជាតិផ្សេងៗគ្នា ដែលជួយរក្សាសុខភាពដី។ ដោយការប្រើប្រាស់វិធីសាស្រ្តទាំងនេះ អ្នកអាចបង្កើតបរិស្ថានដីដែលមានជីជាតិ និងអាចជួយដល់ដំណាំអោយមានសុខភាពល្អ និងបានផលខ្ពស់។

វិធីសាស្ត្រគ្រប់គ្រងសំណើមដី មានបីគន្លឹះសំខាន់
១. រក្សាសំណើមឲ្យបានយូរ
២. កាត់បន្ថយការបាត់បង់ទឹក
៣. កែសំរួលដីឲ្យស្រូបទឹកបានល្អ
ប្រភព ៖
១. https://youtu.be/jUgRwy2MIjo?si=9WbPgRKhrChMKqDb
២. សៀវភៅវិទ្យាសាស្ត្រដី (Soil Science) Brady, N.C. & Weil, R.R. (2016). The Nature and Properties of Soils. Pearson.
៣. FAO Manuals (អង្គការអាហារ និងកសិកម្ម UN – FAO) FAO Irrigation and Drainage Paper 56 – Crop Evapotranspiration (1998)