ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ថ្នាំកសិកម្មជាអ្វី??

នៅក្នុងប្រទេសកម្ពុជា វិស័យកសិកម្មគឺជាអាយុជីវិតនៃសេដ្ឋកិច្ចជាតិ និងមានប្រជាពលរដ្ឋប្រមាណជា ៨០% ជាកសិករដែលពឹងផ្អែកទាំងស្រុងទៅលើការបង្កបង្កើនផលធ្វើស្រែ ចំការ ជារៀងរាល់ឆ្នាំសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ។ ដោយសារតែប្រទេសនេះស្ថិតនៅតំបន់ត្រូពិច ហើយមានរដូវពីរគឺ រដូវប្រាំង និង រដូវវស្សា ហើយការដាំដុះមានដំណាំជាច្រើនប្រភេទផ្សេងៗគ្នាជារៀងរាល់ឆ្នាំ ។ ប៉ុន្តែគុណវិបត្តិនៃអាកាសធាតុបែបនេះគឺងាយកើតឡើង​នៃជំងឺ និងសត្វល្អិតចង្រៃ ដែលតែងតែរាតត្បាតដល់ដំណាំរបស់កសិករជាប្រចាំ ។        ដើម្បីទប់ស្កាត់នូវរាល់បញ្ហាទាំងនេះកសិករតែងតែប្រើប្រាស់ថ្នាំកសិកម្ម ដើម្បីការពារដំណាំរបស់ពួកគាត់ ហើយការប្រើប្រាស់ថ្នាំគីមីមានការកើនឡើងគួរឱ្យភ័យខ្លាច ។ ដូច្នេះ ដើម្បីជៀសវាងការប្រើប្រាស់ថ្នាំកសិកម្មទៅនាំអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាកសិករធ្ងន់ធ្ងរ ទើបថ្ងៃនេះ នាទីកសិកម្ម សូមនាំបងប្អូនកសិករ មកយល់ដឹងពីការការពារខ្លួននៅពេលដែលមានការប្រើប្រាស់ថ្នាំកសិកម្មនេះ និងណែនាំបងប្អូនពីការមើលនូវកម្រិតជាតិពុលនៅលើសំបកថ្នាំផងដែរ។ 

និយមន័យថ្នាំកសិកម្ម

តើថ្នាំកសិកម្មគឺជាអ្វី?

ថ្នាំកសិកម្ម គឺជាធាតុទោល ឬផ្សំ ដែលផលិតឡើងដើម្បីបង្ការ កម្ចាត់ ឬគ្រប់គ្រង់កត្តាចង្រៃនានា ដែលរំខានដល់មនុស្ស សត្វ និងរុក្ខជាតិនានាក្នុងដំណើរផលិត កែច្នៃ រក្សាទុក ដឹកជញ្ជូន ឬលក់នៅលើទីផ្សារ។

ចំណាត់ថ្នាក់ថ្នាំកសិកម្ម

១. ចំណាត់ថ្នាក់ថ្នាំកសិកម្ម ផ្អែកលើកម្រិតជាតិពុល(Toxicity Classification-WHO)

WHO នេះត្រូវបានបែកចែកថ្នាំកសិកម្ម មានដូចខាងក្រោម ៖

       – ក្រុមគ្រោះថ្នាក់ខ្លាំងមែនទែន (ក្រុមលេខ ១.ក) នៅលើសំបកថ្នាំមានពណ៍ក្រហម

       – ក្រុមគ្រោះថ្នាក់ខ្លាំង(ក្រុមលេខ ១.ខ) នៅលើសំបកថ្នាំមានពណ៍ក្រហម

       – ក្រុមក្រោះថ្នាក់ខ្លាំងល្មម (ក្រុមលេខ ២) នៅលើសំបកថ្នាំមានពណ៍លឿង

       – ក្រុមមិនសូវគ្រោះថ្នាក់ (ក្រុមលេខ ៣) នៅលើសំបកថ្នាំមានពណ៍ខៀវ ឬបៃតង

ដើម្បីងាយស្រួលយល់ថា តើកំរិតពុល ឬ កំរិតគ្រោះថ្នាក់របស់ក្រុមនីមួយៗ ខុសគ្នាយ៉ាងណា យើងសូមធ្វើ ការបកស្រាយដូចខាងក្រោមនេះ ៖

ក្រុមគ្រោះថ្នាក់ខ្លាំងមែនទែន(តាងដោយក្រុមលេខ ១.ក)មានន័យថា បរិមាណថ្នាំតែ ២ ទៅ ៣ ដំណក់ ដល់ ១ កូនស្លាបព្រា អាចធ្វើអោយមនុស្សពេញជំទង់មា្នក់ពុលស្លាប់
ក្រុមគ្រោះថ្នាក់ខ្លាំង(តាងដោយក្រុមលេខ ១.ខ)មានន័យថា ជាតិពុលបរិមាណ ពី ១ កូនស្លាបព្រា ដល់ ២ ស្លាបព្រាបាយ អាចធ្វើអោយមនុស្សពេញវ័យមា្នក់ពុលស្លាប់បាន
ក្រុមក្រោះថ្នាក់ខ្លាំងល្មម(តាងដោយក្រុមលេខ ២)មានន័យថា ជាតិពុលបរិមាណ ពី ២ ស្លាបព្រាបាយ ដល់ ១ កូនកែវ នោះទើបអាចធ្វើអោយមនុស្សពេញវ័យមា្នក់ពុលស្លាប់បាន
ក្រុមមិនសូវគ្រោះថ្នាក់(តាងដោយក្រុមលេខ ៣)មានន័យថា ជាតិពុលបរិមាណ ពី ២ កូនកែវដល់ ១ កែវ(ប្រហែលកន្លះលីត្រ) ទើបអាចធ្វើអោយមនុស្សពេញវ័យមា្នក់ពុលស្លាប់បាន
២. ចំណាត់ថ្នាក់ថ្នាំកសិកម្ម ផ្អែកលើរបៀបនៃការសម្លាប់

– ពុលដោយការលេបចូល

– ពុលដោយការប៉ះពាល់

– ពុលដោយបង្ហុយ

– ពុលដោយជា្របចូល

– ថ្នាំពុលរូបសាស្ត្រ

៣. ចំណាត់ថ្នាក់ថ្នាំកសិកម្ម ផ្អែកលើគ្រួសារធាតុគីមី(Chemical Classification)

       – Organoclorines

       – anophosphates

       – Carbamates

       – Pyrethroids

       – Others

៤. ចំណាត់ថ្នាក់ថ្នាំកសិកម្ម ចែកតាមមុខងារ (Function/Use Classification)

– ថ្នាំសម្លាប់សត្វល្អិត (Insecticides) ៖ Pyrethroids, Organophosphates, Carbamates, Neonicotinoids

– ថ្នាំសម្លាប់បាក់តេរី និងផ្សិត (Fungicides / Bactericides) ៖ Mancozeb, Chlorothalonil, Copper-based

– ថ្នាំសម្លាប់ស្មៅ (Herbicides) ៖ Glyphosate, Paraquat, Atrazine

– ថ្នាំសម្លាប់កណ្តុរ (Rodenticides) ៖ ថ្នាំនេះមានកម្រិតពុលខ្ពស់ហើយបន្ទាប់កណ្តុរលេបចូលក្នុងខ្លួនវា និងសម្លាប់រហ័ស ។

– សារធាតុជួយលូតលាស់ (Plant Growth Regulators) ៖ Auxins, Cytokinins, Gibberellins

– សារធាតុជីជាតិ (Fertilizers) ៖ N, P, K, Organic fertilizers, Micro-nutrients

វិធីសាស្រ្ដការពារខ្លួន មុន និងក្រោយប្រើប្រាស់ថ្នាំកសិកម្ម

ការការពារខ្លួនពីថ្នាំពុលកសិកម្ម (Pesticide Safety) ជារឿង សំខាន់ខ្លាំងណាស់ សម្រាប់អ្នកបាញ់ថ្នាំ និងកសិករ ដើម្បីការពារសុខភាព កាយ និងភ្នែក សួត។ ខាងក្រោមនេះជាវិធីសាស្ត្រការពារខ្លួនយ៉ាងត្រឹមត្រូវ និងអាចអនុវត្តបានជាក់ស្តែង៖

១.ការរៀបចំមុនពេលប្រើ (Before Using Pesticides)
  • អានស្លាកសញ្ញា និងការណែនាំលើកំប៉ុង
  • អានប្រភេទថ្នាំ, កម្រិតគ្រោះថ្នាក់, របៀបលាយ, របៀបប្រើ, ពេលវេលាបាញ់
  • មិនប្រើថ្នាំដែលគ្មានស្លាកសញ្ញា ឬស្លាកសញ្ញាមិនច្បាស់លាស់
  • ពិនិត្យមើលឧបករណ៍បាញ់
  •  មិនឱ្យលេចធ្លាយ
  • បូម/ផ្លុំដំណើរការល្អ
  • ត្រៀមឧបករណ៍ការពារខ្លួន (PPE) ឧបករណ៍ត្រូវមាន៖
  • អាវដៃវែង និងខោវែង
  • ស្រោមដៃ
  • ម៉ាសការពារមុខពីធូលី/ឧស្ម័ន 
  • សម្លៀកបំពាក់ការពារខ្លួន 
  •  មួក និងស្បែកជើងមិនជ្រាបទឹក
  •  វ៉ែនតាការពារភ្នែក 
២. ការការពារខ្លួនពេលកំពុងប្រើ (During Application)
  • ប្រើតាមការកំណត់លើស្លាកសញ្ញា
  • កុំលាយថ្នាំច្រើនជាងកំណត់
  •  កុំលាយថ្នាំចូលគ្នា នៅពេលគ្មានការណែនាំ
  • បាញ់ក្នុងពេលខ្យល់តិច ឬព្រឹក-ល្ងាច
  •  កុំបាញ់ពេលខ្យល់ខ្លាំង ឬថ្ងៃក្តៅខ្លាំង
  •  បាញ់តាមទិសខ្យល់ (កុំឱ្យថ្នាំបុកមកលើខ្លួន)
  • មិនត្រូវញាំអាហារ  ឬជក់បារី ពេលកំពុងបាញ់ ដោយសារសារធាតុពុលខ្លះចូលរាងកាយតាមមាត់បានងាយស្រួល។
  • មិនឱ្យអនីតិជន ឬសត្វចូលជិតពេលកំពុងបាញ់ថ្នាំ
៣. ការការពារក្រោយពេលបាញ់ (After Application)
  • លាងដៃ–មុខ–ខោអាវ ភ្លាមៗ បន្ទាប់ពីបាញ់ថ្នាំហើយ
  • លាងដោយសាប៊ូ និងទឹកស្អាត
  • មិនត្រូវបោកខោអាវជាមួយខោអាវកូនតូច ឪពុកម្តាយ
  • សម្អាតឧបករណ៍បាញ់ រទេះ/ម៉ាស៊ីនបាញ់ម្តងទៀត
  • ទឹកដែលលាងសម្អាតហើយត្រូវចាក់ចោលនៅកន្លែងសុវត្ថិភាព
  • រក្សាទុកថ្នាំក្នុងកន្លែងសុវត្ថិភាព មានខ្យល់ចេញចូលបានល្អ, មិនសើម, ឆ្ងាយពីកុមារ
៤. ការទប់ស្កាត់ការប៉ះពាល់ដោយគ្រោះថ្នាក់ (Emergency)
  • បើថ្នាំប៉ះលើស្បែក ត្រូវលាងផ្នែកនោះដោយទឹកច្រើនដងប្រហែល 15–20 នាទី
  • បើប៉ះភ្នែក ត្រូវលាងភ្នែកដាក់ទឹកសម្អាតប្រហែល 15 នាទី
  • ទៅពិនិត្យ និងសម្អាតនៅមន្ទីរពេទ្យ
  • បើសិនជាញ័រទ្រូងឬស្រវឹងថ្នាំ សូមធ្វើការទៅពិនិត្យនៅមន្ទីពេទ្យជាបន្ទាន់ 
៥. ការអនុវត្តតាមគោលការណ៍ត្រឹមត្រូវទាំង ៥ ខាងក្រោមនេះ

 1. Right pesticide → ប្រភេទត្រឹមត្រូវ

 2. Right dose → កម្រិតត្រឹមត្រូវ

 3. Right time → ពេលវេលាត្រឹមត្រូវ

 4. Right method → វិធីត្រឹមត្រូវ

 5. Right safety → ការពារខ្លួនត្រឹមត្រូវ

ប្រភព ៖ 

១. By Mr. KENG SOK AN

២. MAFF Cambodia – Pesticide Management Law and Guidelines

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(ឯកសារគ្រប់គ្រងថ្នាំការពារដំណាំ។)

Writer