ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើអ្វីទៅជាវចនានុក្រមអាកាសធាតុ?

តើត្រូវប្រើប្រាស់ភាសាអាកាសធាតុ បែបណាទើបត្រឹមត្រូវ និងស្ទាត់ជំនាញ?

ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាដែលកំណត់ជោគវាសនាយើងទាំងអស់គ្នា។ ជារៀងរាល់ថ្ងៃ មានមនុស្សកាន់តែច្រើន កំពុងចូលរួមអនុវត្តសកម្មភាពអាកាសធាតុ។អ្នកដែលធ្វើការនៅក្នុងវិស័យនេះយូរមកហើយ យល់ច្បាស់ពីវាក្យសព្ទ និងទស្សនទានជាច្រើនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែ ប្រសិនបើអ្នកទើបតែចូលរួមនៅក្នុងការពិភាក្សាអំពីបញ្ហានេះជាលើកដំបូង វាអាចជាកាលំបាកក្នុងការស្វែងយល់ពីអ្វីៗគ្រប់បែបយ៉ាងក្នុងពេលតែមួយ។ដោយហេតុនេះហើយ ទើបយើងបានរៀបចំនូវឯកសារធនធានអំពីវាក្យសព្ទ និងទស្សនទានស្តីពីការប្រែប្រួលអាកាសធាតុនេះឡើង។ ប្រសិនបើអ្នកលំបាកយល់ការសន្ទនាអំពីអាកាសធាតុវចនានុក្រមអាកាសធាតុនេះ គឺសម្រាប់អ្នក។យើងខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកអានវចនានុក្រមនេះ កត់ចំណាំពាក្យពេចន៍សំខាន់ៗ និងប្រើវានៅក្នុងការងារអនុវត្តសកម្មភាពអាកាសធាតុ។ 

ធាតុអាកាស ធៀបនឹង អាកាសធាតុ

-ធាតុអាកាស (Weather) សំដៅលើលក្ខខណ្ឌបរិយាកាសនៅពេលណាមួយ នៅទីតាំងណាមួយ ដូចជាសីតុណ្ហភាព សំណើម កំណកអាកាស ពពក ខ្យល់ និងភាពអាចមើលឃើញជាដើម។ លក្ខខណ្ឌធាតុអាកាសមិនមែនកើតឡើងដោយឯងៗនោះឡើយ​ វាមានផលសាយភាយតៗគ្នា។ ធាតុអាកាសនៅក្នុងតំបន់មួយ មានឥទ្ធិពលលើធាតុអាកាសនៅតំបន់ឆ្ងាយពីវារាប់រយ ឬរាប់ពាន់គីឡូម៉ែត្រ។

-អាកាសធាតុ (Climate) សំដៅលើនិន្នាការធាតុអាកាស​គិតជាមធ្យមនៅក្នុងតំបន់ជាក់លាក់ណាមួយ ក្នុងរយៈពេលវែង ជាធម្មតាចាប់ពី ៣០ ឆ្នាំឡើងទៅ ដែលតំណាងឱ្យស្ថានភាពជារួមនៃប្រព័ន្ធអាកាសធាតុ។

សកម្មភាពមនុស្សនៅក្នុងយុគឧស្សាហកម្ម ជាពិសេសនៅក្នុងសតវត្សរ៍ចុងក្រោយនេះ កំពុងធ្វើឱ្យមានការប្រែប្រួលដល់អាកាសធាតុនៃភពផែនដីរបស់យើងគួរឱ្យកត់សម្គាល់ តាមរយៈការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏សែនគ្រោះថ្នាក់។

ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់(Greenhouse gas emissions)

ឧស្ម័នផ្ទះកញ្ចក់ គឺជាឧស្ម័នដែលចាប់យកកម្តៅភាយពីព្រះអាទិត្យមកក្នុងបរិយាកាសនៃភពរបស់យើង ដែលធ្វើឱ្យបរិយាកាសបន្តមានកម្តៅ។ ចាប់តាំងពីយុគឧស្សាហកម្មមក សកម្មភាពរបស់មនុស្ស នាំឱ្យមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតមួយដ៏គ្រោះថ្នាក់ ដែលបង្កឱ្យមានការកើនឡើងនូវកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ។

ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗដែលបំភាយចេញពីសកម្មភាពរបស់មនុស្ស មានដូចជា ឧស្ម័នកាបូនិក(CO2) មេតាន(NH4+) នីត្រូសែនអុកស៊ីត(N2) និងឧស្ម័នដែលមានជាតិស្ពាន់ធ័រប្រើប្រាស់សម្រាប់ cooling  និងទូរទឹកកក។ ឧស្ម័នកាបូនិក គឺជាឧស្ម័នផ្ទះកញ្ចក់ចម្បងមួយបែប កើតចេញពីសកម្មភាពរបស់មនុស្ស ជាពិសេស ចេញពីការដុតឥន្ធនៈហ្វូស៊ីល ការបាត់បង់ព្រៃឈើ និងបម្រែបម្រួលនៃរបៀបប្រើប្រាស់ដីធ្លី។ ឥន្ធនៈហ្វូស៊ីល នាំឱ្យកំហាប់ឧស្ម័នកាបូនិកនៅក្នុងបរិយាកាសកើនឡើង ៥០ ភាគរយ ក្នុងរយៈពេល ២០០ ឆ្នាំចុងក្រោយនេះ។ ឧស្ម័នមេតាន គឺជាឧស្ម័នផ្ទះកញ្ចក់ដ៏សំខាន់មួយទៀត ដែលរួមចំណែក ២៥ ភាគរយ ដល់ការឡើងកម្តៅផែនដី។ ឧស្ម័នមេតានត្រូវបានបំភាយក្នុងអំឡុងពេលនៃការដកហូត និងដឹកជញ្ជូនធ្យូងថ្ម ឧស្ម័ន និងប្រេងឥន្ធនៈ និងបំភាយចេញពីទីលានចាក់សំរាម និងសកម្មភាពកសិកម្ម។

ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលបង្កជាមហន្តរាយ​ រដ្ឋាភិបាលនៅគ្រប់បណ្តាប្រទេស ត្រូវធ្វើការរួមគ្នាដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានច្រើន នាពេលបច្ចុប្បន្ននេះ និងនៅក្នុងទសវត្សរ៍ខាងមុខ និងត្រូវទប់ការឡើងកម្តៅផែនដីឱ្យស្ថិតក្រោមកម្រិត ១,៥ អង្សាសេ ដែលជាកម្រិតមួយដ៏គ្រោះថ្នាក់។

ការឡើងកម្ដៅផែនដី ធៀបនឹង ការប្រែប្រួលអាកាសធាតុ

(Global warming and Climate change)

– ការឡើងកម្តៅផែនដី សំដៅលើការកើនឡើងសីតុណ្ហភាពលើផ្ទៃដីគិតជាមធ្យមរបស់ផែនដី ដែលកើតឡើងនៅពេលដែលកំហាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសមានការកើនឡើង។ ឧស្ម័នទាំងនេះស្រូបយកកាំរស្មីព្រះអាទិត្យ និងចាប់យកកម្តៅបានកាន់តែច្រើន ដែលធ្វើឱ្យភពផែនដីនេះកាន់តែក្តៅ។ ការដុតឥន្ធនៈហ្វូស៊ីល ការកាប់ទន្ទ្រានព្រៃឈើ និងការចិញ្ចឹមសត្វពាហនៈ គឺជាសកម្មភាពមួយចំនួនដែលបំភាយឧស្ម័នផ្ទះកញ្ចក់ និងរួមចំណែកដល់ការឡើងកម្តៅផែនដី។

– ការប្រែប្រួលអាកាសធាតុ សំដៅលើការប្រែប្រួលអាកាសធាតុផែនដីក្នុងរយៈពេលវែង ដែលធ្វើឱ្យបរិយាកាសទឹកសមុទ្រ និងដីមានកម្តៅខ្លាំងជាងមុន។ ការប្រែប្រួលអាកាសធាតុកំពុងបង្កផលប៉ះពាល់ដល់តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ដល់ជីវិត និងជីវៈចម្រុះ និងប៉ះពាល់ដល់សុខភាព។ ការប្រែប្រួលអាកាសធាតុក៏បង្កឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែច្រើនជាងមុន ដូចជា ព្យុះហេរីខេន (hurricanes) ទឹកជំនន់ រលកកម្តៅ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ និង ឬកាន់តែញឹកញាប់ និងនាំឱ្យកម្ពស់ទឹកសមុទ្រមានការកើនឡើង និងមានការបាក់ឆ្នេរដោយសារតែទឹកសមុទ្រឡើងកម្តៅ ការរលាយផ្ទាំងទឹកកក និងការបាត់បង់ផ្ទាំងទឹកកកជាដើម។

វិបត្តិអាកាសធាតុ(Climate crisis)

វិបត្តិអាកាសធាតុ សំដៅលើបញ្ហាធ្ងន់ធ្ងរដែលកំពុងបង្កឡើង ឬទំនងជានឹងអាចបង្កឡើងដោយសារការប្រែប្រួលអាកាសធាតុរបស់ភពផែនដី ដូចជា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងសញ្ញាគ្រោះថ្នាក់ ការឡើងកម្រិតជាតិអាស៊ីតក្នុងទឹកសមុទ្រ និងការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវៈចម្រុះ បញ្ហាអសន្តិសុខស្បៀង និងទឹក ហានិភ័យសុខភាព ការរំខានដល់សកម្មភាពសេដ្ឋកិច្ច ការបាត់បង់ទីលំនៅ និងជម្លោះហិង្សាជាដើម។

ចាប់តាំងពីទសវត្សរ៍១៨០០មក សកម្មភាពមនុស្សធ្វើឱ្យសីតុណ្ហភាពជាមធ្យមរបស់ផែនដី កើនឡើងប្រហែលជា ១,២ អង្សាសេ ក្នុងនោះ ជាង ២ ភាគ ៣ នៃការឡើងកម្តៅនេះ កើតឡើងចាប់តាំងពីឆ្នាំ១៩៧៥មក។ ការឡើងកម្តៅនេះបង្កឱ្យមានការខូចខាតយ៉ាងច្រើនដល់សង្គមមនុស្ស និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ នៅតាមតំបន់ជាច្រើននៅក្នុងពិភពលោក។ មនុស្សជាង ៣ ពាន់លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលងាយរងផលប៉ះពាល់ខ្លំាង​ដោយសារវិបត្តិអាកាសធាតុ ដែលក្នុងនោះប្រទេសដែលមានចំណូលទាប ជាក្រុមប្រទេសដែលទទួលរងផលប៉ះពាល់យ៉ាងច្រើនលើសលុប។

អ្នកវិទ្យាសាស្ត្ររំពឹងថា ការឡើងកម្តៅលើសពី ១,៥ អង្សាសេ នឹងនាំឱ្យមានចំណុចរបត់ប្រកបដោយគ្រោះថ្នាក់ជាច្រើន ​ដែលនាំឱ្យមានការផ្លាស់ប្តូរជាច្រើន ដែលមិនអាចបកក្រោយវិញបាន និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាលត្រូវចាត់វិធានការជាបន្ទាន់នាពេលនេះ ដើម្បី​កាត់បន្ថយជាគំហុកនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងត្រួសត្រាយផ្លូវ ដើម្បីឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធ (net zero) ក្នុងទសវត្សរ៍ខាងមុននេះ និងការវិនិយោគលើការបន្សាំទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ក៏ដូចជាការពារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងជីវៈសហគមន៍ ដែលផែនដីកំពុងពឹងអាស្រ័យលើ​។

ផលតបតៗគ្នា

ផលតបតៗគ្នានៃអាកាសធាតុ កើតឡើងនៅពេលដែលការបម្រែបម្រួលផ្នែកណាមួយនៃអាកាសធាតុ ធ្វើឱ្យមានបម្រែបម្រួលផ្នែកផ្សេងៗទៀតជាបន្តបន្ទាប់តៗគ្នា។ ចុងក្រោយ ផលតបតៗគ្នានេះអាចនាំទៅដល់ចំណុចរបត់មួយ មានន័យថាបម្រែបម្រួលនៃប្រព័ន្ធអាកាសធាតុ កាន់តែធ្ងន់ធ្ងរ និងមិនអាចប្រែត្រឡប់ថយក្រោយវិញបានឡើយ។

បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ ដឹងពីផលតបតគ្នាធ្ងន់ធ្ងរមួយចំនួន ដែលកំពុងជំរុញឱ្យមានការឡើងកម្តៅផែនដី។ ឧទាហរណ៍ ខណៈពេលដែលសមុទ្រទឹកកកនៅតំបន់អាក់ទិកចាប់ផ្ដើមរលាយ ទឹកសមុទ្រដែលមានសភាពងងឹត (darker) ស្រូបកម្ដៅរឹតតែច្រើន ដែលធ្វើឱ្យដំណើរការឡើងកម្ដៅកើតមានកាន់តែឆាប់រហ័ស ធ្វើឱ្យទឹកកកកាន់តែឆាប់រលាយ។ ស្រដៀងគ្នានេះដែរ ពេលភ្លើងឆេះព្រៃ វាក៏បំភាយឧស្ម័នផ្ទះកញ្ចក់ ដែលនាំឱ្យមានការឡើងកម្ដៅ និងនាំឱ្យមានភ្លើងឆេះព្រៃបន្ថែមទៀត។ ផលតបផ្សេងទៀត រួមមានការរលាយនៃកំណកអចិន្ត្រៃយ៍ ការរិចរឹលនៃព្រៃឈើ និងការកើតមាននៅសត្វល្អិតក្នុងបរិមាណដ៏ច្រើនជាដើម។

ការប្រែប្រួលអាកាសធាតុ

ក្រោមកិច្ចព្រមព្រៀងប៉ារីស ប្រទេសនានាត្រូវចាត់វិធានការដែលចាំបាច់ ដើម្បីបញ្ចៀសការប្រែប្រួលអាកាសធាតុដ៏សែនគ្រោះថ្នាក់ តាមរយៈការកាត់បន្ថយការឡើងកម្តៅផែនដីឱ្យស្ថិតនៅក្រោម ២ អង្សាសេ និងត្រូវខិតខំប្រឹងប្រែង ដើម្បីកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ។ ប៉ុន្តែទោះបីជាមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ សេណារីយ៉ូនៅថ្ងៃអនាគត បង្ហាញឱ្យឃើញថាពួកយើងមិនអាចកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ។ ការប្រែប្រួលអាកាសធាតុខុសប្រក្រតី សំដៅលើរយៈពេលដែលកម្ដៅកើនឡើងលើសពី ១,៥ អង្សាសេ មុននឹងថយចុះមកវិញ។ រយៈពេលនេះប្រហែលជាកើតឡើងនៅចំកណ្តាលសតវត្សរ៍នេះ ប៉ុន្តែមានសញ្ញាគួរឱ្យបារម្ភថ្មីៗបង្ហាញថា វាអាចកើតឡើងកាន់តែលឿនជាងនេះទៅទៀត។

នៅពេលដែលរយៈពេលអាកាសធាតុប្រែប្រួលខុសប្រក្រតីកាន់តែយូរ ពិភពលោកកាន់តែជួបគ្រោះថ្នាក់។ នៅពេលដែលសីតុណ្ហភាពក្នុងសកលលោកកាន់តែឡើងខ្ពស់ និងអូសបន្លាយពេលកាន់តែយូរ វានឹងបង្កផលប៉ះពាល់ដ៏អន្តរាយ ដែលមិនអាចស្រោចស្រង់វិញបានលើប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ជីវៈចម្រុះ និងសហគមន៍មនុស្ស ជាពិសេសនៅតំបន់ស្ងួតហួតហែង តំបន់ឆ្នេរ និងទីតាំងងាយរងគ្រោះដទៃទៀត។ ការកាត់បន្ថយការបញ្ចេញឧស្ម័នឱ្យបានច្រើនបំផុតនៅក្នុងទសវត្សរ៍នេះ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីកំហិតរយៈពេល និងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុខុសប្រក្រតីបែបនេះ។

ការកាត់បន្ថយ

ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ សំដៅលើសកម្មភាពដែលធ្វើឡើងដោយរដ្ឋាភិបាល សហគ្រាស ឬមនុស្ស ដើម្បីកាត់បន្ថយ ឬទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើឱ្យប្រសើរនូវអាងស្រូបកាបូន ដើម្បីដកហូតឧស្ម័នទាំងនេះចេញពីបរិយាកាស។

ការកាត់បន្ថយ ឬការទប់ស្កាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ អាចធ្វើទៅបានតាមរយៈការធ្វើអន្តរកាលទៅរកប្រភពថាមពលកកើតឡើងវិញ ដូចជា ថាមពលខ្យល់ និងពន្លឺព្រះអាទិត្យ ការប្រើប្រាស់ថាមពលឱ្យកាន់តែមានប្រសិទ្ធភាព និងការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប ឬមិនបញ្ចេញកាបូន ការជំរុញឱ្យមានការធ្វើកសិកម្ម និងការប្រើប្រាស់ដីធ្លីប្រកបដោយចីរភាព និងការផ្លាស់ប្តូរគំរូផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជា​ឥរិយាបថដែលពាក់ព័ន្ធនឹងរបបអាហារ។ ការធ្វើឱ្យកាន់តែប្រសើរនូវអាងស្រូបកាបូន អាចសម្រេចទៅបានតាមរយៈ ការស្ដារព្រៃឈើ តំបន់ដីសើម និងវាលភក់ រក្សាសុខភាពដី និងការពារប្រព័ន្ធអេកូឡូស៊ីដីគោក និងសមុទ្រ។

ដើម្បីឱ្យសកម្មភាពកាត់បន្ថយនេះទទួលបានជោគជ័យ ជាការសំខាន់ណាស់ដែលប្រទេសនានាត្រូវកសាងបរិយាកាសសម្រាប់ផ្តល់ការគាំទ្រដល់ការអនុវត្តសកម្មភាពទាំងនេះ ដូចជា តាមរយៈការដាក់ចេញច្បាប់គោលនយោបាយ និងការវិនិយោគជាដើម។

តើអ្នកដឹងទេ??

ដើម្បីកំហិតការឡើងកម្តៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ ដែលជាគោលដៅដ៏សំខាន់ ដែលត្រូវបានដាក់ចេញនៅក្នុងកិច្ចព្រមព្រៀងប៉ារីស ពិភពលោកត្រូវអនុវត្តសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៤៥ ភាគរយ មុនឆ្នាំ ២០៣០ និងសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នសុទ្ធស្មើសូន្យ (net-zero) ត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។  

ការបន្សាំ

ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សំដៅលើសកម្មភាពដែលជួយកាត់បន្ថយភាពងាយរងគ្រោះ ចំពោះផលប៉ះពាល់ដែលកំពុងកើតមាន ឬដែលគេរំពឹងថានឹងកើតមាន ដោយសារការប្រែប្រួលអាកាសធាតុ ដូចជា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងមុខសញ្ញាគ្រោះថ្នាក់ ការឡើងកម្ពស់ទឹកសមុទ្រ ការបាត់បង់ជីវៈចម្រុះ ឬបញ្ហាអសន្តិសុខស្បៀង និងទឹកជាដើម។សូម្បីតែនៅក្នុងចំណាកដែលវិជ្ជមានខ្លាំង ពោលគឺចំណាកដែលយើងអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានយ៉ាងលឿនក្នុងបរិមាណដ៏ច្រើន ការប្រែប្រួលអាកាសធាតុនឹងបន្តបង្កផលប៉ះពាល់ដល់ពិភពលោករបស់យើងជាច្រើនទសវត្សរ៍ទៅមុខទៀត ដ្បិតថាមពលនានាត្រូវបានចាប់ជាប់នៅក្នុងប្រព័ន្ធនេះរួចទៅហើយ។ នេះមានន័យថា ចាំបាច់ត្រូវមានការអនុវត្តវិធានការបន្សាំជាទូទៅ ដើម្បីកំហិតផលប៉ះពាល់ទាំងនេះ និងការពារសុវត្ថិភាពមនុស្ស និងធម្មជាតិ។

វិធានការបន្សាំជាច្រើន ចាំបាច់ត្រូវអនុវត្តនៅតាមមូលដ្ឋាន ដូច្នេះ សហគមន៍ទាំងនៅជនបទ ទាំងនៅទីក្រុងសុទ្ធតែមានតួនាទីសំខាន់។ វិធានការទាំងនេះ មានដូចជា ការដាំពូជដំណាំដែលធន់នឹងគ្រោះរាំងស្ងួត និងការធ្វើកសិកម្មស្តារឡើងវិញ (regenerative agriculture) ការកែលម្អ ការស្តុកទុក និងការប្រើប្រាស់ទឹក ការគ្រប់គ្រងដី ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងការកសាងប្រព័ន្ធការពារឱ្យបានរឹងមាំ ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាទឹកជំនន់ និងរលកកម្ដៅជាដើម។

ទោះជាយ៉ាងនេះក្ដី ការបន្សាំចាំបាច់ត្រូវមានការជំរុញនៅថ្នាក់ជាតិ និងអន្តរជាតិ។ បន្ថែមលើការរៀបចំគោលនយោបាយដែលចាំបាច់ ដើម្បីតម្រង់ទិសដល់ការបន្សាំ រដ្ឋាភិបាលចាំបាច់ត្រូវតែពិនិត្យមើលវិធានការទ្រង់ទ្រាយធំ ដូចជាការពង្រឹង ឬការផ្លាស់ប្តូរទីតាំងហេដ្ឋារចនាសម្ព័ន្ធពីតំបន់ឆ្នេរ ដែលរងផលប៉ះពាល់ដោយសារការកើនឡើងនៃកម្ពស់ទឹកសមុទ្រ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលអាចទប់ទល់នឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ការកែលម្អប្រព័ន្ធជូនដំណឹងជាមុន និងការពង្រឹងការទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយ ការបង្កើតយន្តការធានារ៉ាប់រងសមស្របតាមព្រឹត្តិការណ៍ពាក់ព័ន្ធអាកាសធាតុ និងការរៀបចំផ្តល់ការការពារថ្មីៗបន្ថែមទៀតដល់សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីធម្មជាតិ។

ភាពធន់

ភាពធន់នឹងអាកាសធាតុ គឺជាការសមត្ថភាពរបស់សហគមន៍ ឬប្រព័ន្ធអេកូឡូស៊ីដែលអាចឆ្លើយតប និងគ្រប់គ្រង ផលប៉ះពាល់ដែលបង្កឡើងដោយបញ្ហាអាកាសធាតុ។ វាជាសមត្ថភាពកាត់បន្ថយការខូចខាតឱ្យនៅតិចជាអប្បបរមា ព្រមទាំងការស្ដារឡើងវិញ ក៏ដូចជាធ្វើបរិវត្តកម្មដែលចាំបាច់ បន្ទាប់ពីវិបត្តិអាកាសធាតុដែលកើតមានឡើង។ដើម្បីការពារសង្គម សកម្មភាពសេដ្ឋកិច្ច និងបរិស្ថានបានល្អ  ប្រជាជន សហគមន៍ រដ្ឋាភិបាលចាំបាច់ត្រូវទទួលបានការបំពាក់បំប៉នសមត្ថភាព ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលមិនអាចបញ្ចៀសបាន។ ការបំពាក់បំប៉ននេះអាចថាធ្វើឡើង តាមរយៈការបណ្ដុះបណ្ដាលឱ្យប្រជាជនទទួលបានជំនាញថ្មីៗ និងធ្វើពិពិធកម្មប្រភពចំណូលសម្រាប់គ្រួសាររបស់ពួកគេ កសាងសមត្ថភាពឆ្លើយតប និងស្ដារឡើងវិញក្រោយគ្រោះមហន្តរាយឱ្យកាន់តែរឹងមាំ ពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានអំពីអាកាសធាតុ និងជូនដំណឹងជាមុន និងរៀបចំផែនការរយៈពេលវែងជាដើម។

ចុងក្រោយ សង្គមដែលធន់នឹងអាកាសធាតុពិតប្រាកដ គឺជាសង្គមដែលមានការបញ្ចេញកាបូនទាប ព្រោះថាការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានជាគំហុក គឺជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរដែលកើតឡើងដោយសារអាកាសធាតុនាពេលអនាគត។ សង្គមបែបនេះ ក៏ជាសង្គមដែលឈរលើគោលការណ៍សមធម៌ និងយុត្តិធម៌អាកាសធាតុ ពោលគឺជាសង្គមដែលផ្តល់ការគាំទ្រជាអាទិភាពដល់ប្រជាជន និងសហគមន៍ដែលប្រឈមនឹងផលប៉ះពាល់នៃអាកាសធាតុជាងគេ ឬដែលមានសមត្ថភាពតិចជាងគេក្នុងការទប់ទល់ជាមួយនឹងផលប៉ះពាល់អាកាសធាតុ។

ប្រភព ៖ https://www.undp.org/km/cambodia

Writer