ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសដាំដុះម្ទេសហាវ៉ៃខៀវ

ម្ទេសហាវ៉ៃ ជាប្រភេទបន្លែដែលមានគុណប្រយោជន៍ សម្រាប់សុខភាព និងអាចច្នៃជាមុខម្ហូបបានច្រើនបែប។ម្ទេសហាវ៉ៃ មានផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា មានថាមពល ជាតិខ្លាញ់ កាបូនអ៊ីដ្រាត ជាតិសរសៃ ជាតិស្ករ បេតាការ៉ូទែន ប៉ូតាស្យូម អាស៊ីតហ្វូរឡាត មានវីតាមីន A, B6, C, E ជាដើម។ លើសពីនេះ ម្ទេសហាវ៉ៃ ជួយកាត់បន្ថយសម្ពាធឈាម ជួយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជួយសុខភាពរំលាយអាហារ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជួយសុខភាពភ្នែក ជួយការពារភាពស្លេកស្លាំង។ម្ទេសហាវ៉ៃ វាមានពណ៌ច្រើនដូចជា ពណ៌បៃតង ពណ៌លឿង ពណ៌ក្រហម ពណ៌ទឹកក្រូច ពណ៌ស និងពណ៌ស្វាយ។ ប៉ុន្តែនៅប្រទេសកម្ពុជាយើង ប្រជាកសិករនិយមដាំជាងគេគឺពណ៌បៃតង។

លក្ខខណ្ឌបរិស្ថាន

លក្ខខណ្ឌដី

ជាទូទៅម្ទេសហាវ៉ៃ អាចលូតលាស់ស្ទើរគ្រប់ប្រភេទដី ប៉ុន្តែប្រភេទដីអាស៊ីត ឬបាសមិនសមស្របសម្រាប់ការដាំដុះម្ទេសឡើយ។វាអាចធន់ទ្រាំទៅលើដីមានកំរិតអាស៊ីតខ្សោយនិងដីល្បាយខ្សាច់ មាន pH ៦ – ៦.៥ ។កាលណាសំណើមដីចាប់ពី ៥៥.៦ ទៅ ៥៧.៤%  វាធ្វើឲ្យក្តឹបជ្រុះតែ ២០ -៣០% ប៉ុណ្ណោះ។

  • ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាលដែលសំបូរសារធាតុចិញ្ចឹម ជាពិសេសដីមានជាតិកំបោរជ្រាបទឹករហ័សនិងសំបូរសារធាតុខនិជ។
  • បើដីល្បាយខ្សាច់កូនម្ទេសអាចលូតលាស់ល្អនិងចាក់ឬសបានជ្រៅ ប៉ុន្តែត្រូវការផ្តល់ទឹកនិងជីតាមវិធីសាស្រ្តណែនាំដើម្បីបានទិន្នផលខ្ពស់។
  • បើលើប្រភេទដីខ្មៅហើយស្អិតមធ្យម ត្រូវមានប្រឡាយបញ្ចេញទឹកទើបល្អ ដើម្បីការពារកុំឲ្យរលួយកូនម្ទេស។

លក្ខខណ្ឌអាកាសធាតុ

ដំណាំម្ទេសហាវ៉ៃ អាចលូតលាស់ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ និងត្រជាក់ចន្លោះ ២០-២៥ 0C ក្នុងអាត្រាសំណើមបរិយាកាសមធ្យម ដែលដែលធ្វើអោយផ្លែម្ទេសទុំក្រហម និងមានក្លិនឆួលខ្លាំង។

អំពីសីតុណ្ហភាព

ការបំរែបំរួលសីតុណ្ហភាព បណ្តាលឲ្យប្រែប្រួលខ្លាំងដល់រសជាតិម្ទេស ដែលធ្វើឲ្យម្ទេសហិល ឬមិនហិល ហើយវាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ដើម ស្លឹក ការចេញផ្កា ចំនួនផ្កា និងការលូតលាស់នៃផ្លែ។

សីតុណ្ហភាពពេលថ្ងៃ
  • ប្រសិនបើសីតុណ្ហភាពធ្លាក់ចុះនៅ ១៧ 0C វាធ្វើឲ្យដើមលូតលាស់ល្អ ប៉ុន្តែប្រព័ន្ធឬសយឺត។
  • បើសីតុណ្ហភាពមធ្យមពេលថ្ងៃចន្លោះពី ២០ -២៤ 0C ហើយមានពន្លឺមិនគ្រប់គ្រាន់រយៈពេលវែងវាធ្វើឲ្យផ្លែ និងក្តឹបខ្ចីៗជ្រុះច្រើន។
  • បើសីតុណ្ហភាពមធ្យមកើនដល់ ៣០ 0C វាធ្វើឲ្យផ្លែម្ទេសធំល្អ មានទម្ងន់ធ្ងន់ ផ្លែមានរូបរាងល្អ។
  • សីតុណ្ហភាពមធ្យមកើនដល់ ៣៦ 0C វាធ្វើឲ្យផ្លែរួញខ្លី មិនសមស្របសម្រាប់លក់លើទីផ្សារ។
សីតុណ្ហភាពពេលយប់
  • សីតុណ្ហភាពពេលយប់ចុះទាបពី ១៥ មក ៨ 0C វានិងធ្វើឲ្យជ្រុះលំអង។
  • សីតុណ្ហភាពពេលយប់មធ្យម ២០ 0C វាជាលក្ខខណ្ឌល្អមួយដែលធ្វើឲ្យផ្លែលូតលាស់បានវែងល្អ និងមានរូបរាងល្អ។
  • សីតុណ្ហភាពពេលយប់មធ្យមលើសពី ២៥ 0C វាធ្វើឲ្យប៉ះពាល់ការលូតលាស់របស់ផ្លែ។

ពន្លឺ

ឥទ្ធិពលនៃពន្លឺធ្វើឲ្យផ្លែ ស្លឹក បន្លាតត្រង់ល្អ ហើយមានពណ៌បៃតងច្បាស់។ ការបន្ថយពន្លឺព្រះអាទិត្យ៥០% ធ្វើឲ្យទងផ្កា និងផ្លែ មានទម្ងន់ហើយវាបានបង្កើនអាស៊ីតអាស្តូប៊ិចអាស៊ីតបណ្ដុំនូវវីតាមីន)ក្នុងផ្លែបានល្អ។ ប៉ុន្តែការបន្ថយឲ្យត្រូវពន្លឺព្រះអាទិត្យត្រឹមតែ ៣០% វាធ្វើឲ្យទិន្នផលកើនទ្វេដង ដោយសារផ្លែម្ទេសរីកធំល្អ។

ការជ្រើសរើសពូជ

ម្ទេសហាវ៉ៃ ប្រភេទដំណាំមានអាយុកាលវែង ហើយក៏ឆាប់ទទួលរងកត្តាចង្រៃផ្សេងៗពីធម្មជាតិដូចជា ជម្ងឺ សត្វល្អិតចង្រៃ និងលក្ខខណ្ឌបំរែបំរួលអាកាសធាតុ។ការជ្រើសរើសេពូជមានសារៈសំខាន់ណាស់ គឺធ្វើឲ្យយើងយល់ដឹងច្បាស់ពីប្រភពរបស់គ្រាប់ពូជដែលមាន ២ប្រភេទ៖

  • ប្រភេទពូជលូតលាស់តំបន់ត្រជាក់ ៖ វាលូតលាស់បានក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ពូជនេះច្រើនមកពីទ្វីបអឺរ៉ុបដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា ហើយភាគច្រើនជាប្រភេទពូជធ្ងន់។
  • ប្រភេទពូជលូតលាស់ក្នុងតំបន់ក្តៅមធ្យម ៖ វាលូតលាស់ក្នុងលក្ខខណ្ឌអាកាសធាតុក្តៅ ពូជនេះច្រើនមកពីប្រទេសចិន ជប៉ុន កូរ៉េ ។ពូជនេះមានភាពសមស្របសម្រាប់ធ្វើការដាំដុះ គឺជាពូជដែលបន្សាំល្អទៅនឹងលក្ខណៈតំបន់ ធន់ទ្រាំជម្ងឺ និងសត្វល្អិត ទទួលបានទិន្នផលខ្ពស់សមស្របទៅនឹងទីផ្សារ។

ការដាំដុះ

ការរៀបចំដី

  • ភ្ជួរដីជម្រៅ ២តឹកទៅ ៣តឹក(២០សង់ទីម៉ែត្រទៅ៣០សង់ទីម៉ែត្រ)
  • ភ្ជួររាស់ដីឱ្យបានម៉ដ្ឋល្អ ហើយហាលដីពី១០ទៅ១៥ ថ្ងៃមុនដាំ
ផលប្រយោជន៍ នៃការភ្ជួររាស់ដី
  • កម្ចាត់សត្វល្អិតចង្រៃ និងជំងឺ
  • ដីធូមានខ្យល់ចេញចូលបានល្អ ឫសដំណាំដុះលូតលាស់ខ្លាំង
  • អាចរក្សាសំណើមដីបានល្អសម្រាប់ដំណាំលូតលាស់

ការលើករងដាំ

កសិករត្រូវចាប់ផ្តើមលើករងឱ្យបានរួចរាល់មុនអាយុកូនម្ទេសត្រូវយកទៅដាំ។របៀបធ្វើរងដាំម្ទេសមានដូចខាងក្រោម៖

– ទទឹងរង១ម៉ែត្រ និងបណ្តោយរងធ្វើតាមលទ្ធភាពតែមិនគួរលើសពី ២៥ម៉ែត្រទេ។ ការលើករងវែងពេកកសិករនឹងពិបាកចេញចូលស្រោចទឹក ធ្វើស្មៅ ដាក់ជីបាញ់ថ្នាំ និងប្រមូលផល។

– កម្ពស់រងនៅរដូវវស្សាមានពី ៣ តឹក ទៅ ៥ តឹក (៣០សង់ទីម៉ែត្រ ទៅ ៥០ សង់ទីម៉ែត្រ)

– ចន្លោះពីគុម្ពមួយទៅគុម្ពមួយមានប្រវែង ៥០ សង់ទីម៉ែត្រ

– ចន្លោះជួរពីមួយទៅមួយមានប្រវែង ៥០ សង់ទីម៉ែត្រ

– ច្របល់ជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត១-២ គីឡូក្រាមលាយជាមួយជី អិន ប៉េ កា (២០-២០-១៥) ចំនួន១០ក្រាម (១ស្លាបព្រាបាយ) សម្រាប់ម្ទេសហាវ៉ៃ ១ដើម ឬជី ២០-២០-១៥ ចំនួន ៦,៤០គីឡូក្រាម សម្រាប់ផ្ទៃដី ៥០០m2។ ជៀសវាងដាក់ជីលាមកសត្វមិនទាន់ពុកផុយពីព្រោះវាបង្កឱ្យកូនម្ទេសរលួយ។

 ផលប្រយោជន៍ នៃការដាក់ជីទ្រាប់បាត
  • ដាក់ជីលាមកសត្វពុកផុយ ឬ ជីកំប៉ុស្តទ្រាប់បាតជួយឱ្យដីធូ ឫសងាយដុះលូតលាស់
  • ដាក់ជី អិន ប៉េ កា ទ្រាប់បាតវា ជំរុញកូនបន្លែទើបនឹងដាំរួច ដុះលូតលាស់ឫសបានច្រើន និងរឹងមាំ ហើយដើម និងស្លឹកដុះបានឆាប់រហ័ស។
  • ស្រោចទឹកលើរងដាំឱ្យជោគដល់ខាងក្នុងរងមុនគ្របប្លាស្ទីកឬចំបើង
ផលប្រយោជន៍នៃការស្រោចទឹកមុនគ្របរង
  • ដីត្រជាក់ កូនម្ទេសងាយដុះ
  • កាត់បន្ថយចំនួនកូនម្ទេសសន្លប់(អន់) ឬងាប់ក្រោយពីដាំហើយ
  • គ្របរងដាំ បន្ទាប់ពីដាក់ជីទ្រាប់បាតនិងស្រោចទឹកតាមរងឱ្យជោគហើយ កសិករអាចចាប់ផ្តើមគ្របរងបាន។ មានសម្ភារពីរប្រភេទ អាចជ្រើសរើសយកមក គ្របរងដាំដំណាំម្ទេសគឺ៖
ប្លាស្ទីកគ្របដី និងរបៀបប្រើ
  • ទាញដុំប្លាស្ទីកតាមបណ្តោយរងដោយយកស្រទាប់ប្លាស្ទីកពណ៌សដាក់នៅខាងលើ និងស្រទាប់ពណ៌ខ្មៅដាក់ខាងក្រោម
  • ខ្ទាស់បន្ទះឫស្សីពីលើប្លាស្ទីកជាប់នឹងដីនៅខាងគល់ និងចុងរងឱ្យញឹក។
  • ទាញប្លាស្ទីកតាមបណ្តោយរង
  • យកបន្ទះឫស្សីខ្ពស់ពីលើប្លាស្ទីកជាប់នឹងដីតាមគែមរង ប្រវែងពីមួយកន្លែងទៅមួយកន្លែង ៣-៤តឹក
  • ប្រើខ្នាត់សម្រាប់វាស់វែង ចន្លោះគុម្ព
  • ចុងខ្នាត់ចាក់ទំលុះប្លាស្ទីក សម្រាប់ដៅចោះរណ្តៅដាំកូន ម្ទេស
  • ប្រវែងខ្នាត់ សម្រាប់ប្រើវាស់ចន្លោះគុម្ព អាស្រ័យតាម ប្រភេទដំណាំផ្សេងទៀត។
  • ចោះរណ្តៅតាមខ្នាតបានដៅទុក
  • ប្រើកំប៉ុងក្តៅ (ដាក់រងើកភ្លើង) ឬ ឧបករណ៍ផ្សេងៗទៀតសម្រាប់ចោះរណ្ដៅលើប្លាស្ទីក
  • កំប៉ុងសម្រាប់ចោះ គួរមានមុខកាត់ ១តឹកកន្លះ។ បើមុខកាត់កំប៉ុងតូច កម្ដៅងាយឆួលចេញពីខាងក្នុង ប្លាស្ទីកធ្វើឱ្យស្លោកកូនបន្លែបន្ទាប់ ពីដាំហើយ។
  • រងបន្លែបានចោះរណ្ដៅរួច ហើយ ត្រៀមសម្រាប់ដាំកូនម្ទេស
ប្រការត្រូវចងចាំនៅពេលគ្របប្លាស្ទីក

មិនត្រូវគ្របប្លាស្ទីកធូរពេកទេ។ ព្រោះវាធ្វើឱ្យមានខ្យល់ក្តៅចេញចូលក្នុងរងក្រោមប្លាស្ទីកបង្កឱ្យកូនម្ទេសងាប់ហើយប្លាស្ទីកនឹងងាយរហែក។តែក៏មិនត្រូវទាញវាឱ្យតឹងខ្លាំងពេកនោះទេ ពីព្រោះវានឹងងាយរហែក។

អត្ថប្រយោជន៍ នៃការគ្របរងដោយប្លាស្ទីកគ្របដី

វាមានផលប្រយោជន៍ជាច្រើននៅរដូវវស្សាដូចជា៖

  • កាត់បន្ថយជាំទឹកដំណាំ
  • កាត់បន្ថយការហូរច្រោះដីរងដំណាំ
  • ដីរងមិនហាប់ (ដីនៅធូរ) ធ្វើឱ្យឫសដំណាំងាយចាក់បានស្រួល
  • កាត់បន្ថយការបាត់បង់ជី
  • កាត់បន្ថយការដុះស្មៅ
  • កាត់បន្ថយជម្រកសត្វល្អិតចង្រៃ និងជំងឺ
ការគ្របដី និងរបៀបប្រើចំបើង
  • គ្របចំបើងកម្រាស់ពី ០,៦តឹក ទៅ១តឹក (៦សង់ទីម៉ែត្រទៅ ១០សង់ទីម៉ែត្រ)

អត្ថប្រយោជន៍នៃការប្រើចំបើងគ្របដី៖

វាផ្តល់ផលប្រយោជន៍ច្រើននៅរដូវប្រាំង៖

  • រក្សាសំណើមដីបានយូរ
  • កាត់បន្ថយការហូរច្រោះដីរងដំណាំ
  • ដីរងមិនហាប់ (ដីនៅធូរ)ធ្វើឱ្យឫសដំណាំងាយដុះបានលឿន
  • កាត់បន្ថយការបាត់បង់ជី ការដុះស្មៅ និងជួយដីធូរបន្ទាប់ពីចំបើងរលួយ
របៀបដាំកូនម្ទេសក្នុងរងគ្របចំបើង

ចំបើងត្រូវដាក់ឱ្យឃ្លាតឆ្ងាយពីគល់កូនម្ទេសដូចរូប នេះ ជៀសវាងចំបើងបង្កឱ្យដើមកូនម្ទេសរលួយ

ការធ្វើរោងបណ្តុះកូនម្ទេស

ការបណ្តុះកូនម្ទេសមិនបានត្រឹមត្រូវតាមបច្ចេកទេស នោះកសិករនឹងមាន ការខាតបង់ជាច្រើនដូចជា៖

  • ខាតបង់គ្រាប់ដោយសារគ្រាប់មិនដុះ
  • កសិករត្រូវការពេលវេលាថែកូនម្ទេសច្រើន
  • ចំណាយជីច្រើនសម្រាប់បំប៉នម្ទេសបន្ទាប់ពីដាំកូនហើយ
  • កសិករនឹងមិនអាចប្រមូលផល ឬប្រមូលផលបានតិចដោយសារកូនម្ទេស ក្រិនឬមានជំងឺ
  • ម្ទេសមានសុខភាពខ្សោយ ងាយរងការបំផ្លាញពីសត្វល្អិតចង និងជំងឺ។

       ដើម្បីទទួលបានទិន្នផលបានខ្ពស់ កសិករគួរតែផលិតកូនម្ទេសឱ្យបាន ផ្លោសល្អ និងមិនមានជំងឺជាប់មកជាមួយនៅពេលយកកូននោះដាំ។ ដូច្នេះកសិករ គួរអនុវត្តតាមបច្ចេកទេសដូចខាងក្រោម៖

  • ត្រូវសង់រោងបណ្តុះ នៅកន្លែងណា ដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិននៅក្បែរដើមឈើ
  • ដំបូលរោង ត្រូវឱ្យមានពន្លឺថ្ងៃចាំងចូលដល់កូនម្ទេសបានគ្រប់គ្រាន់ ។ ជៀសវាងធ្វើដំបូលរោងកូនម្ទេសពីស្លឹកដូង តង់ពណ៌ខៀវ ឬពីសម្ភារផ្សេងទៀតដែលមិនអាចឱ្យពន្លឺចូលរួច ពីព្រោះវានឹងធ្វើអោយគ្រាប់បន្លែដុះយឺត ដើមរបស់កូនបន្លែទន់ ឬងាយរលួយគល់កូនបន្លែ ។
  • រោងបណ្តុះមានកម្ពស់ពី ២ ម៉ែត្រទៅ ២ម៉ែត្រកន្លះ ដោយយកសំណាញ់កាត់បន្ថយពន្លឺធ្វើជាដំបូលនៅរដូវក្តៅខ្លាំង និងយកប្លាស្ទីកពណ៌សធ្វើជាដំបូលនៅរដូវភ្លៀង
  • រានបណ្តុះគួរមានកម្ពស់កន្លះម៉ែត្រ វាអាចធ្វើពីឫស្សី ក្តារ និងសម្ភារដទៃ ទៀតដែលអាចរកបាន មិនត្រូវក្រាលដី បាវក្រចៅ ឬសម្ភារណាដែលជក់ទឹកពីលើរានសម្រាប់ក្រាលពីក្រោមកន្ទោង ឬថាសបណ្តុះនោះទេ ពីព្រោះវាអាចនាំមកជាមួយនូវជំងឺហើយព្រមទាំងធ្វើឱ្យឫសចាក់ចុះហួសកន្ទោងបណ្តុះថែមទៀត។
  • គ្របសំណាញ់ពណ៌សការពារសត្វល្អិត

ការបណ្តុះគ្រាប់

ការរៀបចំដីបណ្តុះគ្រាប់ម្ទេសហាវ៉ៃ

  • យកដីមានជីជាតិ ១ ភាគ លាយជាមួយជីលាមកគោស្ងួត ឬ ជីកំប៉ុស្តិ៍ ២ភាគ និងផេះអង្កាមពី២ ទៅ៣ភាគ អាស្រ័យតាមប្រភេទដី (ផេះអង្កាមត្រូវត្រាំទឹករយៈពេល ពី២ ទៅ ៣យប់) ។ 
  • យកល្បាយដែលលាយហើយទៅលីងឬចំហុយរហូតក្តៅសព្វ តែត្រូវឱ្យដីនោះនៅសើមតិចៗទើបមិនខូចគុណភាពដី។
  • យកដីបណ្តុះដែលបានលីង ឬចំហុយ ហើយដាក់ក្នុងកន្ទោងតែមិនត្រូវសង្កត់ដីឱ្យហាប់ណែនទេ។
  • ស្រោចទឹកដីបណ្តុះគ្រាប់ឱ្យជោគ
  • ដាក់គ្រាប់ម្ទេស១គ្រាប់ក្នុង១ប្រលោះ ថាសបណ្តុះ ឬ១កន្ទោង រួចយកដី រោយលុបពីលើគ្រាប់។ 
  • មិនត្រូវកប់គ្រាប់ជ្រៅនោះទេ វាអាចធ្វើឱ្យគ្រាប់រលួយ ឬដុះយឺត។

របៀបថែទាំកូនម្ទេស

  • ស្រោចទឹកកូនម្ទេសហាវ៉ៃឱ្យជោគនៅពេលព្រឹក និងពេលថ្ងៃ។ មិនគួរ ស្រោចទឹកនៅពេលល្ងាចទេ ពីព្រោះវាធ្វើឱ្យដីសើមនៅពេលយប់ ងាយធ្វើឱ្យគ្រាប់សើមជ្រុល ឫសកូនម្ទេសសើមពេក ជាហេតុបង្កឱ្យវារលួយយ៉ាងឆាប់រហ័ស។
  • បន្ទាប់ពីកូនម្ទេសមានអាយុពី ១០ ទៅ ១៥ថ្ងៃ ត្រូវស្រោចជីដែលមានធាតុ ផូស្វ័រច្រើន(ជីប៉េ) ដូចជា ជី ១៨-៤៦-០ ឬជី ១៦-២០-០ ដើម្បីជួយកូនម្ទេសអោយមានឫសច្រើន និងរឹងមាំ ។ យកជី ១ ស្លាបព្រាបាយ លាយជាមួយទឹកចំនួន ១០លីត្រ រួចកូរវាឱ្យរលាយ ទើបយកទៅស្រោចកូនម្ទេស។ យើងត្រូវស្រោចទឹកធម្មតាលាងកូនម្ទេសបន្ទាប់ពីស្រោចជីហើយ។

ការដាំកូនម្ទេស

  • កូនម្ទេសមានអាយុ ២០-២២ថ្ងៃ (មានស្លឹកពីរ ឬបី) យើងយកវាទៅដាំបាន។ បើយើងដាំកូនម្ទេសមានអាយុចាស់ជាងនេះយើង និងខាតផលប្រយោជន៍ ដូចជា កូនម្ទេសខ្សោយ(ដើមស្គមៗ) មានខ្នែងរំបកតិច កាត់បន្ថយទិន្នផល។
  • ត្រូវពង្រឹងកូនម្ទេស ចំនួន ៥ទៅ៧ថ្ងៃមុនដកយកទៅដាំ (ត្រូវដាក់កូនម្ទេសឱ្យត្រូវពន្លឺថ្ងៃ តែជៀសវាងដាក់ពេលថ្ងៃត្រង់) និងបន្ថយការស្រោចទឹករហូតដល់ពេលយកកូនម្ទេសទៅដាំ។
  • ត្រូវស្រោចទឹកកូនម្ទេសទុក ២-៣ ម៉ោង ក្រោយទើបងាយស្រួលដកចេញពីថាស ឬ កន្ទោងបណ្តុះ
  • ដាំកូនម្ទេសពេលរសៀល
  • បញ្ចូលទឹកឱ្យជោគរងនៅពេលព្រឹក។ បើយើងបានស្រោចទឹកបានសព្វដីនៅពេលព្រឹកបែបនេះ វាជួយឱ្យដីក្នុងរងមានសំណើម គ្រប់គ្រាន់អាចកាត់បន្ថយការភាយកម្ដៅចេញពីរង គ្របប្លាស្ទិកនោះ កូនម្ទេសមានចំនួនងាប់តិចតួច បំផុតបន្ទាប់ពីដាំហើយ ជាពិសេសយើងងាយស្រួលដើរតាមចន្លោះរងក្នុងពេលដាំកូនម្ទេស។

របៀបដកកូនម្ទេសចេញពីថាសបណ្តុះ

  • យកម្រាមដៃច្របាច់បាតថាស ឬរុញ ដីក្នុងរន្ធនៅបាតថាសទៅលើ
  • ដៃម្ខាងទៀតទាញគល់កូនម្ទេសឡើង
  • ដាំកូនម្ទេសត្រឹមដីកំណើតជួយឱ្យកូនដុះបានល្អ

ប្រសិនបើកប់កូនវាក្នុងរណ្តៅជ្រៅលិចបាត់ដីកំណើតនោះកូនម្ទេសលូតលាស់ យឺត ឬងាយងាប់។

ការថែទាំ

ការប្រើប្រាស់ជី

ការជ្រើសរើសប្រភេទជីសម្រាប់ដាក់ម្ទេស ត្រូវតាមពេលវេលានិងដំណាក់កាលលូតលាស់របស់ដំណាំ ព្រមទាំងដាក់ជីតាមបរិមាណដែលដំណាំត្រូវការនោះ យើងពិតជាចំណាយថវិកាអស់តិច ហើយដំណាំផ្តល់ទិន្នផលបានខ្ពស់។

ប្រភេទជីនិងពេលវេលាប្រើប្រាស់ជី

ពូជម្ទេសបង្កាត់(អ៊ីប្រីដ)ត្រូវដាក់ជីបំប៉នឱ្យបានទៀងទាត់ ទើបវាអាចផ្តល់ ផ្លែ ផ្កាបានច្រើន។ ជាការប្រសើរគួរដាក់ជីបំប៉នរៀងរាល់ ៧ ទៅ ១៥ថ្ងៃម្តងបន្ទាប់ពី ដាំកូនម្ទេសហើយ តែវាអាស្រ័យទៅតាមរដូវកាលដាំដុះ ប្រភេទដី និងស្ថានភាព លូតលាស់របស់ម្ទេស។ ឧទាហរណ៍ ៖ ប្រភេទដីខ្សាច់ត្រូវដាក់ជីឱ្យបានញឹកញាប់ តែដាក់បរិមាណតិច ដោយសារប្រភេទដីនេះងាយហូរច្រោះជី ទឹកលឿន ដូច្នេះបើ យើងដាក់ជីច្រើន នោះវានឹងបាត់បង់ដោយសារហូរតាមទឹក ហើយដំណាំស្រូបយកបានតិចតួច ។

សម្គាល់ ៖ ជៀសវាងជ្រើសរើសជីដែលខូចគុណភាព (មានកកជាដុំៗ ឬមានភាពសើម) និងដាក់ជីបំប៉នបន្ថែមពេលថ្ងៃក្តៅ ព្រោះវានឹងអាចបង្កឱ្យដំណាំងាប់បាន។

ការប្រមូលផល

  • ជាធម្មតាម្ទេសហាវ៉ៃ គេបេះយកផ្លែដែលចាស់សមស្របទៅនឹងទីផ្សារ ព្រោះម្ទេសនេះភាគច្រើនគេធ្វើជាបន្លែ។លក្ខណៈផ្លែដែលអាចបេះបានគឺមានពណ៌បៃតងក្រម៉ៅរលោងរឹង។
  • ការរក្សាទុកកន្លែងត្រជាក់ ៣-៤សប្តាហ៍ វានិងប្រែទៅជាពណ៌ក្រហមស្រស់ ប៉ុន្តែបើរក្សានៅកន្លែងក្តៅវាឆាប់ប្រែពណ៌លឿនជាងនេះ។
  • ចំពោះម្ទេសហិរវាធ្វើឲ្យបាត់បង់សារធាតុផ្អែមចំនួន ៣២% ក្រោយពីរក្សាទុកនៅកន្លែងត្រជាក់រយៈពេល៧-៨សប្តាហ៍ក្រោយពេលប្រមូលផល។
  • អាយុកាល និងទិន្នផលវា អាស្រ័យទៅលើប្រភេទពូជ និងលក្ខខ័ណ្ឌដំណុះ ក្រោយពេលដាំគឺ៖
  • ពូជស្រាលពី ៥៥ – ៦០ថ្ងៃ
  • ពូជកណ្តាលពី ៦៥ -៧០ថ្ងៃ
  • ពូជធ្ងន់ពី ៧៥ – ៩០ ថ្ងៃ។

ប្រភព​ ៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Writer