ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ភាពខុសគ្នានៃសារធាតុចិញ្ចឹមនៅក្នុងអង្ករ

អង្ករ​ជា​ប្រភព​​កាបូអ៊ីដ្រាត ដែល​​​ជា​ជីវជាតិ​ចិញ្ចឹម​រាងកាយយើង​ត្រូវ​ការ​ដើម្បី​ផលិត​ថាមពល។ អង្ករ​មាន​ច្រើន​ប្រភេទខុសគ្នាៗ ហើយ​មាន​គុណសម្បត្តិ​ផ្សេងៗ​គ្នា​។អង្ករ ឬបាយតែងមានវត្តមានលើតុអាហារចម្បងស្ទើរតែជារៀងរាល់ថ្ងៃទៅហើយ សម្រាប់ប្រជាជនអាស៊ីយើង ក៏ប៉ុន្តែ តើអ្នកបានដឹងឬទេពីអត្ថប្រយោជន៍របស់វា

សារធាតុចិញ្ចឹមសំខាន់ៗដែលមានផ្ទុកក្នុងគ្រាប់អង្ករ

អង្ករ គឺជាប្រភពដ៏សំខាន់នៃកាបូអ៊ីដ្រាតដែលនឹងបំលែងទៅជាថាមពលសម្រាប់ឲ្យរាងកាយរបស់យើងប្រើប្រាស់។ ក្រៅពីនោះ អង្ករក៏មានផ្ទុកដោយ ប្រូតេអ៊ីន សារធាតុខ្លាញ់ រ៉ែ និងវីតាមីនសំខាន់ៗមួយចំនួន (ជាតិដែក ម៉ាញ៉េស្យូម វីតាមីនបេ ជាដើម) ព្រមទាំងជាតិសរសៃផងដែរ ជាមួយនឹងបរិមាណប្រែប្រួលទៅតាមប្រភេទអង្ករ។

ប្រភេទនៃអង្ករ


អង្ករមានច្រើនប្រភេទដែលជាទូទៅត្រូវបានជ្រើសរើសយកមកបរិភោគទៅតាមស្ថានភាព និងសុខភាពរបស់បុគ្គល។ អង្ករអាចត្រូវបានបែងចែកបានតាមរយៈរូបភាពផ្សេងៗគ្នា ដោយក្នុងចំណោមនោះ តាមរយៈដំណើរការផលិត យើងអាចសង្កេតឃើញអង្ករ ២ ប្រភេទសំខាន់ៗគឺ អង្ករពណ៌ ស និងអង្ករពណ៌ក្រម៉ៅ។

អង្ករ ស ឬបាយស


អង្ករពណ៌ ស មានប្រភពពីអង្ករក្រម៉ៅដែលត្រូវបានឆ្លងកាត់ដំណើរការខាត់ចេញនូវសម្បកក៏ដូចជាស្រទាប់ខាងក្រៅ និងសម្អាតបាក់តេរីចេញ។  ការឆ្លងកាត់នូវដំណើរការនេះត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយពេលវេលាចម្អិន បង្កើនរសជាតិ និងសុពលភាពក្នុងការរក្សាទុក តែស្របពេលជាមួយគ្នាវាក៏ធ្វើឲ្យអង្ករបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនផងដែរ រួមទាំងជាតិកាកសរសៃ វីតាមីន និងរ៉ែ។ ម្យ៉ាងទៀត អង្ករស ងាយជ្រាបចូលក្នុងប្រព័ន្ធឈាម ជាហេតុធ្វើឲ្យវាមានសន្ទស្សន៍ជាតិស្ករ (GI) ខ្ពស់ជាងអង្ករក្រម៉ៅ ដែលជាលទ្ធផលអាចប៉ះពាល់សុខភាពប្រសិនបរិភោគច្រើន ពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា អង្ករពណ៌សនៅតែត្រូវបានពេញនិយមសម្រាប់ការបរិភោគប្រចាំថ្ងៃ ដោយសារវាផ្តល់រសជាតិឆ្ងាញ់ និងស័ក្តិសមនឹងការបរិភោគជាមួយមុខអាហារដទៃទៀត។ ដូចនេះ ការយកចិត្តទុកដាក់លើបរិមាណក្នុងការបរិភោគអង្ករប្រភេទនេះ គឺជារឿងដែលមិនអាចមើលរំលងបានដើម្បីចៀសវាងបញ្ហាសុខភាពផ្សេងៗ។

អង្ករពណ៌ក្រម៉ៅ


អង្ករពណ៌ក្រម៉ៅ ត្រូវបានសង្កេតឃើញពណ៌ប្រែប្រួលពី ពណ៌ត្នោត (អង្ករសម្រូប) ពណ៌ក្រហម និងពណ៌ខ្មៅជាដើម។ អង្ករប្រភេទនេះត្រូវបានចាត់ទុកថាជាធញ្ញជាតិពេញលេញ (Whole grain) ដោយសារវាមិនត្រូវបានឆ្លងកាត់ដំណើរការកែច្នៃណាមួយក្រៅពីការយកសម្បកអង្កាមចេញឡើយ ដែលលក្ខណៈសម្បត្តិនេះធ្វើឲ្យវាសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើនជាងអង្ករ ស ផងដែរ។ ជាមួយនឹងសន្ទស្សន៍ជាតិស្ករទាប ដែលធ្វើឲ្យវាអាចព្រលែងកាបូអ៊ីដ្រាតក្នុងអត្រាធម្យម និងភាពសម្បូរដោយជាតិសរសៃ អង្ករក្រម៉ៅត្រូវបានដឹងថាអាចជួយឲ្យអ្នកបរិភោគរក្សាភាពឆ្អែតបានយូរ រំលាយអាហារបានលឿន និងបញ្ចុះជាតិខ្លាញ់ ដែលមានអត្ថប្រយោជន៍ចំពោះការរក្សាទម្ងន់   គ្រប់គ្រងជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ។   ដោយឡែក ករណីអង្ករនេះត្រូវបានដាំដុះនៅតំបន់ដែលមានជាតិពុលច្រើនដូចជា នៅជិតរោងចក្រឧស្សាហកម្ម អណ្តូងរ៉ែ កាកសំណល់ឧស្ម័នពីយានជំនិះ ព្រមទាំងការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតជាដើម អាចបន្សល់នូវជាតិលោហៈធ្ងន់ដូចជា ក្រូមីញ៉ូម អាសេនិចសំណ បារ៉ត ជាដើម ដែលតោងជាប់ជាពិសេសលើស្រទាប់ពណ៌ក្រហមត្នោតនៃអង្ករ។ ក្រៅពីនោះ អង្ករសម្រូប ក៏មានផ្ទុកដោយអាស៊ីតហ្វីទិក (Phytic acid) ដែលអាចប៉ះពាល់ដល់ការស្រូបចូលនៃជាតិដែក និងស័ង្កសី ពីចំណីអាហារចូលទៅក្នុងរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ករណីខ្វះអាហារូបត្ថម្ភ កម្រត្រូវបានសង្កេតឃើញណាស់ ប្រសិនយើងបរិភោគអាហារដែលមានតុល្យភាពអមជាមួយ។ ម្យ៉ាងទៀត ការឆ្លងកាត់នូវដំណើរការកែច្នៃមួយចំនួនដូចជាការផ្អាប់ការបណ្តុះ ស្រោច ឬលាងជម្រះទឹក អាចកាត់បន្ថយបរិមាណនៃសារធាតុអាស៊ីតខាងលើបាន និងជំរុញការស្រូបយកសារធាតុចិញ្ចឹមដោយរាងកាយ។   ដោយឡែក ការស្រាវជ្រាវបានបង្ហាញផងដែរថា អាស៊ីតហ្វីទិក មិនគួរត្រូវបានចៀសវាងទាំងស្រុងនោះទេ    ពីព្រោះវាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានសកម្មភាពការពារនឹងជំងឺមហារីក និងក្រួសក្នុងតម្រងនោម។

សរុបមក ការបរិភោគលាយបញ្ចូលគ្នា ឬឆ្លាស់គ្នារវាងអង្ករទាំងពីរប្រភេទត្រូវបានណែនាំ ជាជាងការជ្រើសរើសការបរិភោគអង្ករតែម្យ៉ាង។ ចំណែកអ្នកជំងឺ ឬអ្នកដែលស្ថិតក្នុងស្ថានភាពជាក់លាក់ណាមួយ ដែលតម្រូវឲ្យកំណត់ប្រភេទ និងបរិមាណត្រឹមត្រូវនៃអង្ករ ឬបាយសម្រាប់បរិភោគ គួរតែពិគ្រោះជាមួយអ្នកជំនាញសុខភាព និងធ្វើតាមការណែនាំដើម្បីទទួលបានលទ្ធផលល្អ ឬគ្រប់គ្រងជំងឺបានត្រឹមត្រូវ។ អ្នកត្រូវប្រាកដទៀតថាបានចៀសវាងបរិភោគអង្ករដែលបានដាំដុះនៅជិតកន្លែងដែលមានជាតិពុលដោយកត្តាផ្សេងៗ ដើម្បីចៀសផុតពីផលវិបាកណាមួយទៅថ្ងៃក្រោយ។   ក្រៅពីការជ្រើសរើសប្រភេទអង្ករការប្រកាន់អាហារចម្រុះប្រកបដោយតុល្យភាពគឺជារឿងសំខាន់  ដើម្បីកាត់បន្ថយការប៉ះពាល់នឹងសារជាតិមិនល្អដដែលៗ ឬកង្វះសារធាតុចិញ្ចឹម។ 

ប្រភព ៖

១. https://healthtime.tips/km

២. Hello Krupet

Writer