ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

មមោក(Humus) ក្នុុងដី

អ្វីទៅជាមមោក (humus) នៅក្នុងដី? 

មមោក ជាសមាសធាតុសរីរាង្គសាំញ៉ាំដែលបានមកពីការពុកផុយនៃកាកសំណល់សរីរាង្គ(ក្រោយពីធាតុគីមីដែលអាចប្រើប្រាស់បានក្នុងសារធាតុសរីរាង្គត្រូវបានទាញយកចេញដោយមីក្រូសារពាង្គកាយ) តាមរយៈដំណើរការមមោកកម្ម(humification)។ ដំណើរការនេះអាចកើតឡើងតាមធម្មជាតិនៅក្នុងដី ឬក្នុងផលិតកម្មកំប៉ុស្តិ៍។ មមោក ជាសារធាតុសរីរាង្គដែលងាយស្រូបទឹក មានរន្ធច្រើន មានពណ៌ខ្មៅ ឬត្នោតខ្មៅ និងមានកាបូន(C) ជាមូលដ្ឋាន ហើយអាចស្ថិតនៅក្នុងដីបានច្រើនឆ្នាំ។ សមាសភាពផ្សំ ឬគុណភាពរបស់មមោកប្រែប្រួលខ្លាំងទៅតាមប្រភពនៃសារធាតុសរីរាង្គ និងលក្ខខណ្ឌនៃការពុកផុយ។ 

មមោក ត្រូវបានបែងចែកជាពីរប្រភេទរួមមាន

១-មមោកសកម្ម (effective or active humus)៖ មមោកដែលអាចនៅបន្តការពុកផុយបាន និងផ្ទុកមួយភាគធំជាអាស៊ីតសរីរាង្គងាយៗ (អាស៊ីតហ្វុលវីក-fulvic acid) ដែលអាចរលាយក្នុងលក្ខខណ្ឌអាស៊ីត ឬបាស។ មមោកប្រភេទនេះជាប្រភពសំខាន់នៃសារធាតុចិញ្ចឹមដែលអាចបញ្ចេញដល់ដំណាំនៅពេលមីក្រូសារពាង្គកាយធ្វើការបំបែក ប៉ុន្តែផ្តល់អត្ថប្រយោជន៍តិចតួចដល់ទម្រង់ដី និងជីជាតិដីរយៈពេលវែង។ មមោកប្រភេទនេះភាគច្រើនបានមកពីពពួកស្ករ ម្សៅ និងប្រូតេអ៊ីនៃសារធាតុសរីរាង្គ។

២-មមោកអកម្ម ឬឋិតថេរ (stable or passive humus)៖ អាស៊ីតយូមីក (humic acid) ដែលរលាយក្នុងលក្ខខណ្ឌបាស ប៉ុន្តែមិនមែនក្នុងអាស៊ីតជាប្រភេទមមោកអកម្ម។ យូមីន (humin) ដែលមិនរលាយក្នុងទឹកអាចទាញភ្ជាប់យ៉ាងណែននឹងគ្រាប់ដីឥដ្ឋ (clay particles) ដែលធ្វើឱ្យពួកមីក្រូសារពាង្គកាយមិនអាចជ្រៀតចូលបាន ជាផ្នែកដ៏ចំបងរបស់មមោកអកម្ម។ មមោកអកម្មធន់នឹងការពុកផុយដែលធ្វើឱ្យវាអាចបន្ថែមសារធាតុចិញ្ចឹមទៅក្នុងប្រព័ន្ធដីបានតិចតួច ប៉ុន្តែវាអាចជួយកែលម្អលក្ខណៈរូបសាស្រ្តរបស់ដី។ មមោកអកម្មបានមកពីប្រភេទសារធាតុសរីរាង្គដែលសំបូរសែលុយឡូស (cellulose) និងលីញីន (lignin) ហើយអាចស្ថិតនៅក្នុងដីដោយមិនផ្លាស់ប្ដូរបានរាប់ពាន់ឆ្នាំ។

ស្ថានភាពរបស់សារធាតុសរីរាង្គដី និងមមោកប្រែប្រួលជាប្រចាំតាមរយៈសកម្មភាពរបស់ភាវរស់នៅក្នុងដី។ ពួកផ្សិត (fungi) និងអាទីណូមីសែត (actinomycetes) ដែលមានច្រើនជាងពួកបាកតេរី (bacteria) ក្នុងលក្ខខណ្ឌត្រជាក់ ហើយសើម ដើរតួសំខាន់ក្នុងការបង្កើតមមោកអកម្ម។ ការប្រែប្រួលលើការពុកផុយរបស់កាកសំណល់សរីរាង្គកើតឡើងលឿនក្នុងលក្ខខណ្ឌសមស្របសម្រាប់សកម្មភាពជីវសាស្រ្តក្នុងដី ហើយការបន្ថែមកាកសំណល់សរីរាង្គថ្មីៗត្រូវអនុវត្តជាបន្តបន្ទាប់ដើម្បីរក្សាដំណើរការបស់វដ្តនៃការពុកផុយនេះ។

អត្ថប្រយោជនៃមមោក ក្នុងដី

១. បង្កើនជីជាតិដី

– សំបូរទៅដោយសារធាតុចិញ្ចឹមធម្មជាតិ (N, P, K និងសារធាតុផ្សេងៗទៀត)។

– បញ្ចេញសារធាតុចិញ្ចឹមបន្តិចម្តងៗ ដើម្បីឲ្យដំណាំលូតលាស់ប្រក្រតី។

– ជួយកាត់បន្ថយការពឹងផ្អែកលើជីគីមី។

២. បង្កើនរចនាសម្ព័ន្ធដី និងសមត្ថភាពរក្សាសំណើមក្នុងដី

– ធ្វើឲ្យដីផុសល្អ ងាយឲ្យឫសដំណាំដុះលូតលាស់ និងបង្កើតសមត្ថភាពស្រូបយកជី

– ជួយដីអាច រក្សាសំណើមក្នុងដី បានច្រើន ជាពិសេសក្នុងរដូវប្រាំង។

– ការពារការហូរសឹកនិងរក្សាដីឲ្យមានជីជាតិល្អ។

៣. បង្កើនសត្វល្អិតតូចៗ និងមីក្រូសរីរាង្គក្នុងដី

– សំបូរទៅដោយ សត្វល្អិតតូចៗក្នុងដី និងមីក្រូសរីរាង្គ ដែលធ្វើឲ្យដីរស់ឡើងវិញ។

– ជួយបំបែកសារធាតុសរីរាង្គ និងបញ្ចេញសារធាតុចិញ្ចឹមឲ្យដំណាំប្រើ។

– ជួយការពារដំណាំពីជំងឺ។

៤. បង្កើនការលូតលាស់ និងភាពធន់របស់ដំណាំ

– ជួយឲ្យឫសដំណាំរឹងមាំ និងដំណាំមានសុខភាពល្អ។

– ដំណាំអាចទប់ទល់នឹងការខ្វះទឹក និងសត្វល្អិតបានល្អជាងមុន។

– បង្កើនទិន្នផល និងគុណភាពផលដំណាំតាមវិធីធម្មជាតិ។

៥. គាំទ្រកសិកម្មជាសហគមន៍ និងចីរភាព

– កសិករអាចប្រមូល មមោក ពីព្រៃសហគមន៍។

– បង្កើតប្រាក់ចំណូលឲ្យសហគមន៍តាមរយៈថ្លៃសេវាប្រមូល។

– ជួយអភិរក្សព្រៃ និងជំរុញការផលិតជីសរីរាង្គក្នុងសហគមន៍។

ប្រភព ៖ ១. ឯកឧត្តម យ៉ង សាំងកុមារ

            ២.  Dr. Hok Lyda

Writer