តោះទាំងអស់គ្នាមកស្វែងយល់អំពីគណនីផ្សេងៗគ្នារបស់ធនាគារនីមួយៗ គណនីនីមួយៗសុទ្ធតែបែងចែកពីការប្រើប្រាស់ខុសៗគ្នាហើយក៏ទទួលបានការប្រាក់ពីធនាគារផ្សេងៗគ្នាផងដែរ។ វាអាស្រ័យទៅលើការប្រើប្រាស់និងតម្រូវការរបស់បុគ្គលម្នាក់ៗ ទាំងនេះជាគណនីទាំង4ដែលគ្រប់ធនាគារមានផ្តល់សេវាជូន:
១. គណនីសន្សំ (Savings Account)
គណនីសន្សំ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការដាក់ប្រាក់បញ្ញើសន្សំរបស់បុគ្គលទូទៅ ឬបុគ្គល ដែលជាបុគ្គលិក កម្មករ ដែលទទួលបានប្រាក់បៀវត្ដន៍ប្រចាំខែ។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រប់គ្រងសាច់ប្រាក់ជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនដោយមានការកំណត់ពីទំហំនៃការដកប្រាក់ប្រចាំថ្ងៃ រួមទាំងទទួលបានអត្រាការទៅតាមការកំណត់របស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។
២. គណនីបញ្ញើចរន្ដ (Current Deposit Account)
សម្រាប់គណនីចរន្ដវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកជំនួញធំៗ ក្រុមហ៊ុន ស្ថាប័ននានា ដែលមានការផ្ទើសាច់ប្រាក់ច្រើនដង និងទំហំច្រើន គ្រប់ពេលវេលា ដែលវាខុសពីគណនីបញ្ញើធម្មតាដែលកម្រិតទៅលើទំហំប្រតិបត្ដិការដកប្រាក់។ វាក៏អាចឲ្យក្រុមហ៊ុន ឬអ្នកជំនួញដែលមានការព្រមព្រៀងពីធនាគារ អាចដកប្រាក់ ឬទូទាត់ប្រាក់លើសពីសមតុល្យសាច់ប្រាក់ដែលក្រុមហ៊ុនឬបុគ្គល នោះមានជាក់ស្ដែងក្នុងគណនីរបស់ពួកគេផងដែរ ដែលត្រូវបានគេហៅថា Overdraft facility។
៣. គណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account)
សម្រាប់អ្នកដែលចង់សន្សំប្រាក់នៅក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ និងសន្សំរយៈពេលវែង អ្នកគួរតែជ្រើសរើសការសន្សំដែលមានកាលកំណត់។ Fixed Deposit Account គឺតម្រូវឲ្យអ្នកដាក់ប្រាក់នៅចំនួនមួយជាក់លាក់នៅដើមគ្រា និងមានពេលវេលាដកយកវិញជាក់លាក់ផងដែរ។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃហើយ ព្រោះការសន្សំមានកាលកំណត់ គឺមិនអនុញ្ញាតឲ្យអ្នក ធ្វើការដកប្រាក់ជាប្រចាំបានទេ ពោលគឺត្រូវរកចាំរហូតដល់ថ្ងៃដែលបានកំណត់ដក។ អ្នកអាចមានសិទ្ធិធ្វើការស្នើសុំបញ្ចប់គម្រោងសន្សំនេះ មុនការកំណត់បាន ប៉ុន្ដែអ្នកនឹងទទួលបាន ការប្រាក់ទាបជាងអ្វីដែលបានកំណត់ពីមុនមក។
៤. គណនីសន្សំថេរ (Installment Deposit)
សម្រាប់គណនីសន្សំថេរនេះវិញ គឺតម្រូវឲ្យអ្នកព្រមព្រៀងធ្វើការដាក់ប្រាក់នៅចំនួនជាក់លាក់ជាប្រចាំខែ ឬ ប្រចាំថ្ងៃ ទៅតាមពេលវេលាដែលអ្នកចង់បាន ហើយការគណនាអត្រាការប្រាក់ទៅតាមទំហំប្រាក់បញ្ញើរបស់អ្នក រហូតដល់ថ្ងៃកំណត់ដកប្រាក់វិញ។
ទាំងអស់គ្នាអាចជ្រើសរើសបើកកុងគណនីដែលស្របទៅតាមលក្ខខណ្ឌទាំងអស់គ្នាបានណា។