ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីផលិតអរម៉ូនបំប៉នរុក្ខជាតិ

សម្រាប់ការដាំដុះ និងការថែទាំបំប៉នដំណាំឱ្យទទួលបានផលលឿន កសិករអាចធ្វើបានតាមរយៈការដាក់ជី ជាពិសេសគឺអរម៉ូនធម្មជាតិដែលកសិករអាចកែច្នៃបានដោយខ្លួនឯង ត្បិតការបង្កើតអរម៉ូនធម្មជាតិសម្រាប់បំប៉នដំណាំមានភាពងាយស្រួល និងចំណាយតិច ហើយអាចទទួលបានផលច្រើនស្ទើរមិនគួរឱ្យជឿ។ 

បើតាមលោក នី ប៊ុនថា មានទីលំនៅ ស្រុកស្រែអំបិល ខេត្តកោះកុង និងជាស្ថាបនិក «រៀនដាំ» ដែលជាប្រព័ន្ធផ្សព្វផ្សាយចំណេះដឹងកសិកម្មបានប្រាប់ឱ្យដឹងថា ៖ ការផលិតអរម៉ូនបែបធម្មជាតិនេះ គឺមិនពិបាកនោះទេ ដែលកសិករអាចផលិតដោយខ្លួនឯងបានដោយគ្រាន់តែប្រើវត្ថុធាតុដើមងាយៗ ហើយវាអាចជួយជំរុញឱ្យដំណាំស្ទើរគ្រប់ប្រភេទមានសុខភាពល្អ ចេញផ្កាលឿន កាន់ផ្លែ និងចំណេញពេលដាំដុះ។

អ្នកជំនាញរូបនេះបានបញ្ជាក់ថា ជាទូទៅ គេអាចផលិតជាអរម៉ូនទឹកដោះគោឆៅ និងអរម៉ូនស៊ុតមាន់ ដោយអរម៉ូនទឹកដោះគោឆៅមានតួនាទីជំនួយស្លឹក ដើម និងត្រួយ និងផ្តល់ផលល្អដល់ដំណាំប្រភេទបន្លែស្លឹក និងប្រភេទផ្កា ចំណែកឯអរម៉ូនផលិតពីស៊ុតមាន់វិញ អាចជួយជំរុញឱ្យដំណាំឆាប់ចេញផ្កា កាន់ផ្លែបានល្អ ហើយអនុគ្រោះចំពោះដំណាំហូបផ្លែដូចជា ម្ទេស ត្រប់ជាដើម ។ 

វិធីសាស្ត្រក្នុងការធ្វើ

ក. សម្ភារដែលត្រូវការ

▪ ដបទឹកសុទ្ធ

▪ ជីឡាវ

▪ ចាន រឺចានដែក

▪ ស្លាបព្រាបាយ

សម្គាល់ ៖ ត្រូវសម្អាតសម្ភារទាំងអស់នេះអោយបានស្អាតល្អមុននឹងយកទៅប្រើប្រាស់។

 ​ខ. វត្ថុធាតុដើម

▪ ទឹកដោះគោឆៅ

▪ ទឹកដោះគោជូរ

▪ ស្កររងូ

▪ ពងមាន់

គ. ដំណើរការក្នុងការធ្វើ

វិធីសាស្ត្រទី១ ៖ វិធីធ្វើអរម៉ូនចេញពីទឹកដោះគោឆៅ 

ដំបូងយកចានស្អាតមួយមក ដាក់ទឹកដោះគោឆៅចូលចំនួន ២កំប៉ុង ទឹកដោះគោជូរចំនួន ២ស្លាបព្រាបាយ ស្កររងូ ២ស្លាបព្រាបាយ បន្ទាប់មកធ្វើការលាយចូលគ្នាឱ្យសព្វល្បាយ រួចធ្វើការច្រកចូលដបស្អាតសុទ្ធ រួចមួលគម្របទុករយៈពេល ៣ថ្ងៃ គឺអាចប្រើប្រាស់បានហើយ។ 

វិធីសាស្ត្រទី២ ៖ វិធីធ្វើអរម៉ូនចេញពីស៊ុតមាន់ 

ដំបូងយកចានស្អាតមួយមកយកស៊ុតមាន់ចំនួន ៥ គោះដាក់ក្នុងចាន ដាក់ស្កររងូចំនួន ១ស្លាបព្រាកន្លះ ទឹកដោះគោជូរចំនួន ១ស្លាបព្រាកន្លះ លាយបញ្ចូលគ្នា ច្រកទុក ៣ថ្ងៃដូចអរម៉ូនទឹកដោះគោឆៅដែរ។

ក្នុងរយៈពេលផ្អាប់ទុកនេះ អរម៉ូនអាចនឹងឡើងហ្គាសខ្លាំងនៅថ្ងៃទី២ ដែលកសិករគួរតែបង្ហើបគម្របដបឱ្យមានខ្យល់ចូលខ្លះ ទើបបិទគម្របរក្សាទុកដល់ ៣ថ្ងៃគឺអរម៉ូនកាច់ល្អអាចយកទៅប្រើប្រាស់បាន។ ចំពោះការប្រើប្រាស់អរម៉ូនទាំង ២ នេះ មានរបៀបប្រើប្រាស់ដូចគ្នា ដោយបរិមាណ អរម៉ូន ១ស្លាបព្រាបាយ ត្រូវលាយជាមួយទឹក ១០-១៥លីត្រ អាចបាញ់ទៅលើដំណាំបានគ្រប់ប្រភេទ។

គួរបញ្ជាក់ដែរថា អរម៉ូនទឹកដោះគោដែលជំនួយដល់ដំណាំប្រភេទស្លឹក កសិករគួរប្រើប្រាស់ក្នុងរយៈពេល ៣-៥ថ្ងៃម្ដង ហើយអរម៉ូនស៊ុតមាន់ដែលបាញ់ជំនួយដំណាំហូបផ្លែ គួរបាញ់ចន្លោះ ៥-៧ថ្ងៃម្ដង។ អរម៉ូនទាំងពីរនេះអាចរក្សារទុកបានរយៈពេល ៣-៤ខែ ដោយរក្សាទុកនៅកន្លែងត្រជាក់ ឬក្នុងទូរទឹកកក៕  

ឯកសារយោង

១. https://economy.ams.com.kh/

២. https://www.youtube.com/@ReanDam

Writer