ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ប្រទេសអូស្ត្រាលីនិងកម្ពុជាបានចាប់ដៃសហការគ្នាបោះពុម្ពសៀវភៅស្រាវជ្រាវដែលមានសារៈប្រយោជន៌ដល់បងប្អូនកសិករ និងពង្រីកវិស័យកសិកម្មនិងពាណិជ្ជកម្ម

នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះក្រសួងពាណិជ្ជកម្មកម្ពុជានិងស្ថានទូតអូស្ត្រាលីរួមទាំងស្ថាប័នផ្សេងៗនៅកម្ពុជាបានប្រកាសពីគម្រោងអភិវឌ្ឍចាប់ដំណើរការការបោះពុម្ពសៀវភៅស្រាវជ្រាវទីផ្សាររបស់ប្រទេសកម្ពុជាសំខាន់ៗចំនួនពីរក្បាលនិងវេទិកាឌីជីថល។

សៀវភៅស្រាវជ្រាវនេះមានផ្ទុកនូវព័ត៌មានទីផ្សារសំខាន់ៗដែលអាចជួយពង្រីកវិស័យកសិកម្មរបស់កម្ពុជា។ លោក ប៉ាន សូរស័ក្តិ មន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថាសៀវភៅនេះផ្តល់ចំណេះដឹងថ្មីៗនិងព័ត៌មានសំខាន់ៗអំពីតម្រូវការទីផ្សារ ចំណង់ចំណូលចិត្តអ្នកទិញ វិធានការអនាម័យ ព័ត៌មានពីពាណិជ្ជកម្មការនាំចេញនិងចូល ដៃគូប្រកួតប្រជែងសំខាន់ៗនៅក្នុងវិស័យកសិកម្ម និង ឱកាសថ្មីៗដែលកសិករគួរចាប់យក។ ព័ត៌មានទាំងនេះ ប្រសិនបើកសិករចេះយកវាទៅប្រើប្រាស់ជាយុទ្ធសាស្ត្រក្នុងការរកចំណូលនិងឱកាសជីវកម្មផ្សេងៗ វាមានសក្តានុពលក្នុងការបង្កើតអត្ថប្រយោជន៍ដល់វិស័យកសិកម្មកម្ពុជា។ លោកបន្តទៀតថា៖ ដំណាំដែលមានតម្រូវការច្រើនមានដូចជា៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា ស្ករត្នោត ផ្លែបឺរ ល្ង និងផ្លែឈើកែច្នៃ។ សៀវភៅស្រាវជ្រាវមួយក្បាលទៀតគឺ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែល ផ្តល់ព័ត៌មានសេដ្ឋកិច្ចថ្មីៗ និងព័ត៌មានអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា RCEP FTA រវាងកម្ពុជា-ចិន និង FTA រវាងកម្ពុជា-កូរ៉េ។ កូនសៀវភៅនេះជួយសហគ្រាសផលិតម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធនិងវិស័យនេះផ្សេងៗទៀត ដើម្បីទទួលបានឱកាសធ្វើពាណិជ្ជកម្មក្នុងទីផ្សារធំទូលាយ និងទទួលបានអត្ថប្រយោជន៍ពីអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។ ងាកមកមើលវេទិកាឌីជីថលឯនេះវិញវាមានមុខងារក្នុងការជួយពង្រីកការទៅដល់អ្នកនាំចេញនិងអ្នកនាំចូលដែលកំពុងស្វែងយល់អំពីអត្ថប្រយោជន៍របស់ FTA។ យោងតាមក្រសួង វេទិកានេះក៏នឹងផ្តល់ព័ត៌មានអំពីច្បាប់នៃការប្រើប្រាស់ នីតិវិធីរបៀបចុះឈ្មោះជាអ្នកនាំចេញ និងមានសិទ្ធិទទួលបានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃទំនិញ។

លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា សៀវភៅស្រាវជ្រាវទីផ្សារសំខាន់ៗចំនួនពីរ និង Single Digital Platform ដែលបានរៀបរាប់យ៉ាងលម្អិតនេះនឹងធ្វើឱ្យអាជីវកម្មក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានសំខាន់នាៗដើម្បីបង្កើនពាណិជ្ជកម្ម។ AANZFTA, RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀតផ្តល់ឱកាសក្នុងការនាំចេញរបស់កម្ពុជានិងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគមកលើទឹកដីដ៏អំណោយផលនេះ។ លោក Kang បានបព្ចាក់ទៀតថា “ប្រទេសអូស្ត្រាលីមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការជួយពង្រីកនិងពង្រឹងវិស័យទាំងនេះក្នុងប្រទេសកម្ពុជាពិសេសគឺវិស័យកសិកម្ម និងពាណិជ្ជកម្មនាំចេញ”។ ការបោះពុម្ភផ្សាយសៀវភៅស្រាវជ្រាវទាំងពីរនេះត្រូវទទួលការគាំទ្រនិងវិនិយោគពី CAVAC, Cambodia Australia Agricultural Value Chain programme។ ចំណែកវេទិកាឌីជីថលនេះនឹងទទួលបានការគាំទ្រពីCAP-RED Australia’s new economic development programme, the Cambodia Australia Partnership for Resilient Economic Development ។CAP-RED គឺជាកម្មវិធី flagship economic development programme របស់ប្រទេសអូស្ត្រាលីនៅកម្ពុជាដែលមានតម្លៃប្រមាណ $87 លានលុយអូស្ត្រាលី (US$60 លានដុល្លាអាមេរិច)ដែលមានគោលបំណងជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

វាក៏នឹងជួយដល់ព្រះរាជាណាចក្រកម្ពុជាក្នុងការលើកកម្ពស់គោលនយោបាយ និងការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគរួម និងការកសាងប្រព័ន្ធeco-systems ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ។ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសអូស្ត្រាលី និងកម្ពុជាព្រមទាំងបន្តសហការលើវិស័យផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមកនាថ្ងៃខាងមុខ។

Writer