


វិធីសាស្ត្រដុតធ្យូងអង្កាម

វិធីថែរក្សាស្បែកនៅក្នុងរដូវរងា

ឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីនមកលើរាងកាយ ត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ក្នុងរយៈពេល ជាច្រើនឆ្នាំមកហើយ។ រហូតមកដល់ពេលនេះ មានករណីសិក្សាជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែពួកវាភាគច្រើន តែងបង្ហាញនូវលទ្ធផលខុសៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយឥទ្ធិពលជា វិជ្ជមាន និង ជាអវិជ្ជមានរបស់សារជាតិកាហ្វេអ៊ីន ត្រូវបានគេរកឃើញយ៉ាងជាក់ស្តែង។ ដំណើរការនៃឥទ្ធិពលរបស់សារជាតិកាហ្វេអ៊ីន ដែលអាចធ្វើអោយអ្នកមានបញ្ហាបាន គឺអាស្រ័យទៅលើកត្តា រាងកាយ ប្រព័ន្ធប្រសាទ ទម្ងន់ ភេទ និង កត្តាផ្សេងៗជាច្រើនទៀត ។ ទោះជាយ៉ាងណាក្តីឥទ្ធិពលដែលបណ្តាលមកពី សារជាតិកាហ្វេអ៊ីននេះ អាចនឹងមានរយៈពេលរហូតដល់ ៨ម៉ោងក្រោយពេលផឹកវាហើយ ។
ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លា ជួយដល់ការចងចាំ និងជួយឲ្យបាត់អស់ភាពហត់នឿយ។ ការសិក្សាខ្លះបញ្ជាក់ថា កាហ្វេអ៊ីន មានគុណប្រយោជន៍ច្រើនចំពោះមុខងារផ្លូវចិត្តភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក្នុងមួយកម្រិត អាចជួយដល់ការចង់ចាំក្នុងរយៈពេលខ្លី និងជួយបង្កើនល្បឿនប្រតិកម្មនៃរាងកាយ។ អ្នកស្រាវជ្រាវជឿថា ការញ៉ាំកាហ្វេ ៣-៤ ពែង ប្រហាក់ប្រហែល ៣០០-៤០០ មីល្លីក្រាមជាតិកាហ្វេអ៊ីន អាចធ្វើឲ្យមានហានិភ័យតិចតួច តែមានគុណប្រយោជន៍ច្រើនដល់សុខភាព។ភស្តុតាងផ្សេងៗបង្ហាញថាផឹក ឬញ៉ាំកាហ្វេ អាចជួយការពារបញ្ហាសុខភាព ដូចជា បង្ការជំងឺទឹកនោមផ្អែមប្រភេទ២ ជម្ងឺ Parkinson ជំងឺញ័រដៃជើងលើមនុស្សចាស់ បណ្ដាលមកពីបញ្ហាសរសៃប្រសាទ និងជម្ងឺថ្លើម។ ទោះជាយ៉ាងនេះក្ដី អ្នកដែលមានជំងឺលើសឈាម ក្មេងៗ យុវវ័យ និងមនុស្សចាស់ ក៏អាចងាយរងផលរំខានផ្សេងៗ ពីជាតិកាហ្វេអ៊ីនដូចគ្នា។មួយវិញទៀត ផលិតផលដែលមានផ្ទុកនូវសារជាតិកាហ្វេអ៊ីន មានដូចជា កាហ្វេ កាកាវ និង តែ គឺសម្បូរទៅដោយ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលអាចការពារបាននូវភាពចាស់វ័យមុនអាយុ និង បង្ការបានផងដែរនូវ ជំងឺមហារីក។ ផលិតផលទាំងនេះ ក៏សម្បូរផងដែរទៅដោយ អាស៊ីតខ្លាញ់ និងសារជាតិវីតាមីន ជាក់លាក់មួយចំនួន ។ សមាសធាតុរួមផ្សំទាំងនេះ អាចធ្វើអោយរាងកាយ អ្នកមានសុខភាពល្អបាន។
ទោះបីជាការញាំកាហ្វេដែលមានជាតិកាហ្វេអ៊ីនមានគុណសម្បត្តិដល់អ្នកមួយចំនួន ក៏អ្នកមិនគួរផឹកវាញឹកញាប់ រឺជាប្រចាំនោះដែរ ព្រោះវាក៏អាចជះនូវឥទ្ធិពល អាក្រក់ដល់សុខភាពរបស់អ្នក ដូចជារំខានដល់ការរំលាយអាហារររមានភាពយឺតយ៉ាវ ដោយវាបានធ្វើអោយសាច់ដុំ ក្រពះរបស់អ្នកមានភាពសម្រាកជាងពេលធម្មតា។ ហេតុនេះហើយ ទើបបានជាអ្នកមិនគួរធ្វើការផឹកកាហ្វេ ឬ តែ ភ្លាមៗ បន្ទាប់ពីអ្នក បានទទួលទានអាហាររួចនោះទេ។ អ្នកត្រូវរង់ចាំបន្តិច និងធ្វើការផឹកភេសជ្ជះដែលមានផ្ទុកសារជាតិកាហ្វេអ៊ីន យ៉ាងហោចណាស់អោយបានកន្លះម៉ោង បន្ទាប់ពីអ្នកបរិភោគអាហាររួច។ ជាតិកាហ្វេអ៊ីន ជះឥទ្ធិពលមកលើប្រព័ន្ធប្រសាទរបស់អ្នក។ ជាលទ្ធផល មនុស្សមួយចំនួន ដែលបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវានឹងកើតមាននូវអាការៈដូចជា ញ័រដៃ ឬមានអារម្មណ៍ថា ឈឺ ឬ មានភាពថប់បារម្ភគ្រប់ពេលវេលា។មនុស្សភាគច្រើន តែងធ្វើការផឹកភេសជ្ជះដែលមានជាតិកាហ្វេអ៊ីន ដោយដាក់ស្ករបន្ថែម។ ការធ្វើដូនេះ គឺនឹងធ្វើអោយលំពែងរបស់ពួកគេ ត្រូវធ្វើការងារច្រើនជាងមុន ដោយវាត្រូវផលិតជាតិអាំងស៊ុយលីន អោយបានច្រើន ដើម្បីរំលាយនូវជាតិស្ករទាំងនោះ ។ ការរួមផ្សំគ្នារវាងជាតិកាហ្វេអ៊ីន និង ជាតិស្ករច្រើនជ្រុល អាចនឹងធ្វើអោយកម្រិតអាំងស៊ុយលីនក្នុងរាងកាយ កាន់តែធ្លាក់ចុះដុនដាបថែមទៀត ។ លើសពីនេះតាមការសិក្សាបានបង្ហាញដែរថា ជាតិកាហ្វេអ៊ីន អាចធ្វើឲ្យកើនសម្ពាធឈាម ទោះបីជាការកើនសម្ពាធឈាមនេះ ក្នុងរយៈពេលខ្លីក៏ដោយក៏អាចមានលទ្ធផលមិនល្អដែរ ពិសេសពេលសម្ពាធឈាមកើនឡើងញឹកញាប់ជាប្រចាំបែបនេះ។ ញ៉ាំជាតិកាហ្វេអ៊ីនញឹកញាប់ អាចធ្វើឲ្យកើនកម្រិតជាតិស្ករក្នុងឈាម ដែលជាកត្តាអាចធ្វើឲ្យអ្នកផឹកកាហ្វេប្រឈមនឹងជម្ងឺបេះដូង ប្រឈមបញ្ហាបាត់បង់ឆ្អឹង (ឆ្អឹងផុយស្រួយងាយបាក់) ។ មនុស្សភាគច្រើន អាចនឹងត្រូវសម្រាកពេទ្យ នៅពេលញ៉ាំអាហារបំប៉នមានជាតិកាហ្វេអ៊ីនខ្ពស់ ដោយរោគសញ្ញាញៀនជាតិកាហ្វេអ៊ីន រួមមាន មានបញ្ហារឿងគេង ញ័រជើង ដៃ ឈឺពោះ ក្អួត ឈឺទ្រូង និងញ័រទ្រូង។ពិសេសជាងនេះ សារជាតិកាហ្វេអ៊ីននឹងប៉ះពាល់ដល់អ្នកទៅលើ បេះដូង និង ចរន្តឈាមរត់របស់អ្នក។ កាហ្វេអ៊ីន បានធ្វើអោយសសៃឈាមរបស់អ្នក រួមតូច និង ធ្វើអោយ បេះដូងរបស់អ្នកច្របាច់ឈាមញាប់ជាងមុន។ មូលហេតុនេះ ហើយដែលគេ អាចសនិ្នដ្ឋានបានថា សារជាតិកាហ្វេអ៊ីន គឺផ្តល់នូវគ្រោះថ្នាក់ចំពោះមនុស្សទាំងឡាយ ដែលកំពុងរងគ្រោះពីជំងឺលើសសម្ពាធឈាម។វាថែមទាំងអាច ធ្វើអោយពួកគេ មានជំងឺដាច់សសៃឈាមខួរក្បាលបានទៀតផង។
អ្វីសំខាន់នោះ ត្រូវមើលពីសកម្មភាពរាងកាយយើងខ្លួនឯង មានប្រតិកម្មយ៉ាងម៉េចខ្លះជាមួយជាតិកាហ្វេអ៊ីន។ គួរសួរខ្លួនឯង បើកាហ្វេធ្វើឲ្យយើងមានអារម្មណ៍ជ្រួលច្រាល ថប់អារម្មណ៍ ឬអស់កម្លាំង។ បញ្ហារឿងគេងយើងម៉េចដែរ? ស្ថានភាពសុខភាពយ៉ាងម៉េចដែរ? ត្រូវពឹងផ្អែកលើជាតិកាហ្វេអ៊ីនមែនទេ? នៅពេលនិយាយពីជាតិកាហ្វេអ៊ីនទាំងនេះ អ្វីល្អបំផុតយើងត្រូវធ្វើ គឺផឹក ឬញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ ផឹកកាហ្វេ ៤-៥ ពែង/ថ្ងៃ យើងនៅតែមានអារម្មណ៍មិនល្អដដែល ប្រហែលជាពេលមួយ គ្នាយើងត្រូវទៅជួបពេទ្យហើយ។ បើមានរោគសញ្ញាអាក្រក់ណាមួយនៅពេលព្យាយាមឈប់ផឹកកាហ្វេ គួរតែតាមដានបញ្ហានោះ ដោយពិគ្រោះជាមួយពេទ្យ។
ដូចដែលអ្នកបានឃើញមកពីខាងលើនេះ ហើយថា សារជាតិកាហ្វេអ៊ីន គឺមានទាំងគុណសម្បតិ្ត និង គុណវិបត្តិចំពោះរាងកាយអ្នក។ ប្រសិនបើអ្នក អាចធ្វើការគ្រប់គ្រងនូវការទទួលទានវាបាន នោះអ្នកនឹង អាចទទួលបាននូវប្រសិទ្ធិភាពជាវិជ្ជមានរបស់ពួកវាបាន។ បើមិនដូច្នោះទេការទទួលទានច្រើនជ្រុល នោះវានឹងបំផ្លាញសុខភាពរបស់អ្នកបាន ។
ប្រភព ៖
១. https://hellokrupet.com/