


វិធីសាស្ត្រដុតធ្យូងអង្កាម

បច្ចេកទេសដាំដុះត្រឡាច

ម្រេច ត្រូវបានចាត់ទុកជាគ្រឿងទេសផ្សំបន្ថែមរសជាតិអាហារ និងធ្វើជាបន្លែសម្រាប់ឆាផងដែរ។ ម្រេច ក៏ជាប្រភេទដំណាំ ឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា បើទោះបីយ៉ាងណាដំណាំម្រេច មិនមែនជាការងាយស្រួលក្នុងការដាំដុះនោះទេ ដូច្នេះទាមទារឲ្យកសិករ ស្វែងយល់ពីដំណាំម្រេច និងបច្ចេកទេសដាំម្រេចជាមុនសិន។ គេអាចដាំម្រេច ដោយយកទងទៅដាំផ្ទាល់ និងការកាត់ទងម្រេច យកមកបណ្ដុះក្នុងថ្នាលមុននឹងដាក់ដាំ។
សម្រាប់ការជ្រើសរើសទងម្រេចទៅដាំ ត្រូវមានអាយុយ៉ាងតិច ១ឆ្នាំ ហើយមានដុះឫសខ្ចីគ្រប់ថ្នាំងទាំងអស់ និងមានមែកគ្រប់ថ្នាំង គ្មានជំងឺ និងជាពូជដែលមានទិន្នផលខ្ពស់។ ដោយឡែក ទាក់ទងនឹងការកាត់ចេញពីចម្ការសម្រាប់ត្រៀមយកទៅដាំមិនត្រូវទុកឲ្យលើសពី ៤៨ ម៉ោងឡើយនិងត្រូវរៀបចំទុកឲ្យបានល្អស្របតាមលក្ខណៈបច្ចេកទេស។
ត្រូវរៀបចំរោង និងថ្នាលបណ្ដុះ ដើម្បីកាត់យកថ្នាំងម្រេចទៅដាំ ឬអាចកាត់ថ្នាំងម្រេច ពីចម្ការម្រេចស្រាប់ និងមានប្រវែង ១,៨ ទៅ ២,៧ម៉ែត្រ។ បន្ទាប់មកត្រូវកាត់ជាថ្នាំងៗ រួចយកទៅត្រាំទឹក រយៈពេល ១ ទៅ ២ម៉ោង មុនយកទៅដាំ។ ក្រោយត្រាំរួច ត្រូវយកទងម្រេចទៅដាំក្នុងថង់ប្លាស្ទិក ដែលដាក់ដីលាយនឹងផេះអង្កាម រួចស្រោចទឹក និងថែទាំឲ្យលូតលាស់ល្អ មុនយកទៅដាំ។
ជាទូទៅ ដើម្បីឲ្យម្រេចទទួលបានទិន្នផងល្អ គេគួរដាំនៅក្នុងខែកក្កដា និងខែសីហា។ ដូច្នេះត្រូវការពេលវេលា រៀបចំដីឲ្យរាបស្មើ និងភ្ជួរដី ២-៣ដង សិន មុននឹងដាំ។ ការដាំម្រេច ត្រូវលើករង និងជីករណ្ដៅសម្រាប់ដាំកូន។ ត្រូវដាំកូន ២ទង ក្នុងមួយរណ្ដៅ ហើយត្រូវកប់កូនម្រេចជម្រៅ ៤ ទៅ ៥ថ្នាំងក្នុងដី។ ក្រោយមកត្រូវលុបដី និងបង្ហាប់ដីឲ្យណែន និងរៀបចំធ្វើកំពែងជុំវិញកូនម្រេច។ បើសិនយើងដាំម្រេចក្នុងទំហំ ១ហិកតា គេអាចដាក់កូនចំនួន ១ ៦០០អន្លង់ ទៅ ២ ៥០០អន្លង់។ បន្ទាប់ពីដាំរួចត្រូវគ្របស្លឹកឈើ ឬសំណាញ់ដើម្បីការពារកម្ដៅថ្ងៃ។
ដំណាំម្រេចចាំបាច់មើលថែឲ្យបានល្អ ពិសេសត្រូវជម្រះស្មៅឲ្យបានទៀងទាត់។ បន្ទាប់ពីដាំបាន ៤ ទៅ ៥ ខែជាដំណាក់កាលនៃការលូតលាស់របស់ដំណាំម្រេច។ ដំណាំម្រេចក៏មានការរំខានពីសត្វចង្រៃ និងកត្តាផ្សេងៗ ដែរ ដែលកសិករត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ជាទូទៅនៅឆ្នាំទី៣ ជាឆ្នាំដែលម្រេចអាចហុចផល ក៏ប៉ុន្តែវាក៏អាស្រ័យលើការថែទាំដែរ។ បើសិនថែទាំបានល្អ វានឹងផ្ដល់ផលនៅឆ្នាំទី២ ហើយទិន្នផល មានការប្រែប្រួលទៅតាមអាយុកាលរបស់ម្រេច។ ក្នុងរយៈពេល ៣ ទៅ ៨ឆ្នាំ ជាមធ្យមម្រេចផ្ដល់ទិន្នផល ៤ ទៅ ១០គីឡូក្រាម ក្នុងមួយអន្លង់ ឬ ១០ ទៅ ២០តោន ក្នុងមួយហិកតា។ ទិន្នផលនឹងប្រែប្រួលទៅតាមអាកាសធាតុ និងការប្រើប្រាស់ជី៕
ប្រភព ៖
១. https://www.thmeythmey.com/index.php
២. https://economy.ams.com.kh/