ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កាត់បន្ថយភេសជ្ជៈផ្អែមៗទៅ! ងាកមកស្គាល់ភេសជ្ជៈជួយសុខភាពទាំងនេះវិញ

Admin សង្កេតឃើញមួយរយៈនេះព័ត៌មាននៃអ្នកកើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេងឃើញថាមានការកើនឡើង ហើយការញ៊ាំភេសជ្ជៈផ្អែមៗជារៀងរាល់ថ្ងៃគឺជាកត្តាមួយដែលប្រឈមឱ្យមានការកើតជំងឺទឹកនោមផ្អែមនេះ។

ទាំងនេះគឺជាភេសជ្ជៈដែលទាំងអស់គ្នាអាចញ៊ាំបានជារៀងរាល់ថ្ងៃហើយជួយដល់សុខភាពទាំងអស់គ្នាបានទៀតផង។

1. តែបៃតង

 តែបៃតងដែលមានដើមកំណើតនៅក្នុងប្រទេសចិន ខុសពីតែខ្មៅ និងតែអូឡុង មិនត្រឹមតែមានពណ៌ប៉ុណ្ណោះទេ ប៉ុន្តែដោយសារស្លឹកតែរបស់វាមិនបានឆ្លងកាត់ដំណើរការក្រៀមស្វិត និងអុកស៊ីតកម្មដូចតែប្រភេទដទៃ។

Trista Best, RD ដែលជាអ្នកឯកទេសខាងចំណីអាហារដែលបានចុះបញ្ជីនៅ Balance One Supplements មានប្រសាសន៍ថា “តែបៃតងត្រូវបានផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានអត្ថប្រយោជន៍សុខភាពយ៉ាងទូលំទូលាយពីការទប់ស្កាត់ជំងឺ កាត់បន្ថយការរលាក និងសូម្បីតែអាចការពារជំងឺមហារីក” ។

2. ទឹកក្រូចស្រស់ច្របាច់

ប្រសិនបើអ្នកមិនចង់ផឹកទឹកសម្រាប់អាហារពេលព្រឹក ហើយមិនចង់ញ៉ាំជាតិកាហ្វេអុីនពីកែវកាហ្វេនោះ ភេសជ្ជៈដ៏ល្អបំផុតដែលអ្នកគួរចាប់ផ្តើមថ្ងៃរបស់អ្នកគឺទឹកក្រូច 100% ជាពិសេសទឹកក្រូចច្របាច់។

Blanca Garcia, RD, អ្នកឯកទេសខាងចំណីអាហារដែលបានចុះបញ្ជីនៅ Health Canal និយាយថា អត្ថប្រយោជន៍ដែលអ្នកទទួលបានពីទឹកក្រូចគឺជាបរិមាណទឹកដែលជួយអ្នកក្នុងការផ្តល់ជាតិទឹកឡើងវិញពីការតមអាហារពេញមួយយប់ ឬប្រសិនបើអ្នកមិនទទួលបានទឹកគ្រប់គ្រាន់ពេញមួយថ្ងៃ។  សារធាតុ​ចិញ្ចឹម​ដែល​អ្នក​ទទួល​បាន​ពី​ទឹក​ក្រូច​គឺ​វីតាមីន C ក្នុង​អត្រា ៦៤ ភាគរយ​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ។  វា​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុចិញ្ចឹម​ដែល​ជួយ​ក្នុង​ការ​ព្យាបាល​មុខរបួស ការផលិត​កូឡាជែន ការ​បំប្លែង​សារជាតិ​ប្រូតេអុីន និង​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ។

3. ទឹកផ្លែគីវី

ទាំងអស់គ្នាមានដឹងអត់ថាផ្លែគីវីផ្ទុកវីតាមីនCច្រើនជាងផ្លែក្រូច? ដូច្នេះហើយទើបការទទួលទានទឹកផ្លែគីវីគឺជួយបង្កើនប្រព័ន្ធភាពផ្សាំក្នុងខ្លួនយើង និងមិនសូវមានជំងឺឈឺថ្កាត់។ផ្លែគីវីមានវីតាមីន A ដែលជួយដល់ភ្នែករបស់យើង និងវីតាមីន E ជួយដល់ស្បែករបស់យើង។

4. ក្រឡុកទឹកផ្លែឈើចម្រុះញ៊ាំ

ការក្រឡុកទឹកផ្លែឈើឬបន្លែច្រើនមុខបញ្ចូលគ្នាគឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ការស្រូបយកសារធាតុចិញ្ចឹមច្រើនមុខក្នុងភេសជ្ជៈតែមួយ។ វាជាជម្រើសដ៏ល្អពីព្រោះយើងអាចផ្លាស់ប្តូររសជាតិទៅតាមចំណូលចិត្តដោយការផ្លាស់ប្តូរផ្លែឈើនិងបន្លែ។

 Kara Landau, RD, អ្នកឯកទេសខាងចំណីអាហារដែលបានចុះឈ្មោះ និងជាស្ថាបនិកនៃ Uplift Foods បានបញ្ជាក់ថានៅពេលធ្វើទឹកផ្លែឈើក្រឡុក ត្រូវរកផ្លែឈើឬបន្លែណាដែលមានគ្រឿងផ្សំសំបូរទៅដោយ prebiotic ដើម្បីចិញ្ចឹមបាក់តេរីក្នុងពោះវៀន និងជួយកាត់បន្ថយការរលាក ពង្រឹងភាពស៊ាំ និងជួយដល់ផ្លូវអារម្មណ៍។ ប្រភពមួយក្នុងចំណោមប្រភពដទៃទៀតនៃprebiotics គឺចេកមិនទាន់ទុំ។

Writer