ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ត្រកែប្រែគុណភាពដីដែលធ្លាប់ប្រើប្រាស់ជីអសរីរាង្គ

ជីអសរីរាង្គគឺជាជីមួយប្រភេទដែលត្រូវបានគេសំយោគចេញពីរ៉ែឬសិលា រួចសូនទៅជាគ្រាប់ដើម្បីអាចឲ្យយើងយកមកប្រើប្រាស់។ ជីប្រភេទនេះត្រូវបានគេនិយមហៅថាជាជីគីមីដែលប្រើប្រាស់លើសតម្រូវការរបស់ដី និងរុក្ខជាតិវាបណ្ដាលឲ្យប៉ះពាល់ទៅលើដំណាំ និងដីផងដែរ។ ការប្រើលើសតម្រូវការគឺជាបញ្ហាមួយដែលយើងពុំបានសិក្សាច្បាស់ពីតម្រូវការរបស់រុក្ខជាតិ និងធាតុមានស្រាប់នៅក្នុងដី។ នៅពេលដែលរុក្ខជាតិស្រូបមិនអស់ជាហេតុបណ្ដាលឲ្យដីសល់នូវកាកសំណល់ឬលើសសារធាតុណាមួយនៅក្នុងជីនោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រកែប្រែដីក្រោយប្រើប្រាស់ជីគីមីលើស៖

ការដាំដំណាំគម្របដី

ដំណាំគម្របដីគឺជាកត្តាដ៏ចាំបាច់មួយសម្រាប់ជួយកែប្រែដីឲ្យល្អប្រសើរព្រោះវាបានជួយស្រូបយកអាសូតពីបរិយាកាសចូលទៅក្នុងដីតាមរយៈពពួកកំពកឫសដែលមានបាក់តេរីតូចៗនៅក្នុងនោះ។ ដំណាំគម្របដីទាំងនោះរួមមាន៖ ពពួកសណ្ដែក ចង្ក្រងស្វារ ដើមស្នោ និងពពួកស្មៅ(Ryegrass or Barley)។

ដាំដំណាំឆ្លាស់ឬដំណាំចម្រុះ

ការអនុវត្តដំណាំឆ្លាស់គឺជាវិធីសាស្ត្រមួយដែលអាចជួយកាត់បន្ថយការសឹករិករិលនៃដីព្រោះដំណាំឆ្លាស់គឺជាការដាំដំណាំមួយដែលខុសអំបូរឬគ្រួសារគ្នាក្នុងរដូវពីរផ្សេងគ្នាតែនៅលើដីតែមួយ ហើយតម្រូវការសារធាតុចិញ្ចឹមខុសៗគ្នា។ រីឯដំណាំចម្រុះជាការដាំដំណាំពីរឬបីប្រភេទក្នុងដីតែមួយក្នុងពេលវេលាដូចគ្នា។

ឧទាហរណ៍៖

  • ដំណាំឆ្លាស់៖ រដូវទីមួយដាំស្ពៃ រដូវទីពីរដាំពពួកម្ទេសឬប៉េងប៉ោះ, រដូវទីមួយដាំដំឡូងមី រដូវទីពីរដាំពោត។ល។
  • ដំណាំចម្រុះ៖ ដាំពោតឆ្លាស់ជាមួយដំឡូងយកមើម, ដាំកៅស៊ូឆ្លាស់ជាមួយដំឡូងមី។ល។

ការប្រើប្រាស់ពពួកជីវសាស្ត្រ

គឺជាការប្រើប្រាស់ពពួកមីក្រូសារពារកាយដើម្បីជួយបំបែកសារធាតុចិញ្ចឹម និងកាត់បន្ថយសកម្មភាពនូវពពួកមីក្រូសារពាង្គកាយចង្រៃដូចជាផ្សិត និងបាក់តេរី ដែលអាចបង្កជំងឺដល់រុក្ខជាតិធ្វើឲ្យរុក្ខជាតិចុះខ្សោយមិនអាចស្រូបសារធាតុចិញ្ចឹមអស់។ ពពួកថ្នាំជីវសាស្ត្រជាប្រភេទមីក្រូសារពាង្គកាយរស់ដូចជាផ្សិត និងបាក់តេរីល្អ(អាចមើលនៅក្នុងអត្ថបទ៖ https://kaksekam-time.com/?p=3559 )។

ការប្រើប្រាស់ជីកំប៉ុសឬជីសរីរាង្គ

ជីសរីរាង្គគឺជាជីមួយដែលត្រូវបានគេផលិតដោយការប្រើប្រាស់នូវកាក់សំណល់រុក្ខជាតិឬសត្វ។ នៅក្នុងជីនេះមានសារធាតុចិញ្ចឹមទាប ប៉ុន្តែអាចជួយឲ្យដីមានលក្ខណៈល្អប្រសើរ មិនប៉ះពាល់ទៅដល់សកម្មភាពនៃពពួកអតិសុខុមប្រាណ និងមិនសូវបន្សល់ជាតិពុលនៅក្នុងដីប្រសិនបើយើងប្រើប្រាស់បានត្រឹមត្រូវ។ បច្ចេកទេសធ្វើកំប៉ុស(1. https://kaksekam-time.com/?p=3391 និង 2. https://kaksekam-time.com/?p=1834 )។

#ចំណាំ៖ រាល់ការប្រើប្រាស់ជីមិនថាជីសរីរាង្គ ឬជីអសរីរាង្គយើងគួរប្រើវាឲ្យសមស្របតាមតម្រូវការដែលរុក្ខជាតិត្រូវការ និងបានពិនិត្យដីឲ្យបានតហរឹមត្រូវជាមុនសិន។

ឯកសារយោង

Writer