ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសកែច្នៃលាមកមាន់ទៅជាជីសម្រាប់ដាំដំណាំ

លាមកសត្វគឺជាវត្ថុធាតុដើមមួយដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់រុក្ខជាតិ។ នៅក្នុងលាមកមាន់តែងមានផ្ទុកទៅដោយអាសូត ផូស្វ័រ និងប៉ូតាស្យូម ដែលជាធាតុចាំបាច់មួយក្នុងការទ្រទ្រង់ទៅដល់ការលូតលាស់នៃដំណាំ។ ម្យ៉ាងទៀតដើម្បីឲ្យលាមកមាន់ក្លាយទៅជាជីធម្មជាតិមួយគេត្រូវកែច្នៃវាជាមុនសិនព្រោះគេមិនអាចប្រើប្រាស់នូវលាមកស្រស់សម្រាប់ធ្វើជាជីបានឡើយ ដោយសារនៅក្នុងលាមកស្រស់សម្បូរទៅដោយអាម៉ូញ៉ាក់(NH4)ដែលអាចធ្វើឲ្យក្ដៅដី និងរុក្ខជាតិ។

ការសម្លាប់មេរោគនៅក្នុងលាមក

ដើម្បីយកលាមកមាន់ទៅប្រើប្រាស់ធ្វើជាជីសម្រាប់រុក្ខជាតិគេត្រូវសម្លាប់មេរោគឬកែច្នៃវាជាមុនសិន ព្រោះគេមិនអាចប្រើប្រាស់លាមកមាន់ចេញពីកសិកដ្ឋានឬទ្រង់ដោយផ្ទាល់បានទេ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការបំលែងលាមកមាន់ទៅជាជីធម្មជាតិ៖

  • វិធីសាស្ត្រទី១៖ គេអាចយកលាមកមាន់ទៅដុតដោយប្រើសីតុណ្ហភាពចន្លោះ ៥៥-៦៥ oC ក្នុងរយៈពេល ៣-៥ថ្ងៃ។ វិធីសាស្ត្រនេះអាចសម្លាប់មេរោគដែលអាចបង្កជាជំងឺទៅដល់រុក្ខជាតិ។
  • វិធីសាស្ត្រទី២៖ ការប្រមូលយកលាមកមាន់ទៅហាលឲ្យស្ងួតក្នុងរយៈពេល ៣-៦ខែ។ ការធ្វើបែបនេះអាចបណ្ដាលឲ្យមេរោគនៅក្នុងលាមកសត្វងាប់ តាមរយៈអាកាសធាតុ និងប្រតិកម្មតាមធម្មជាតិ។
  • វិធីសាស្ត្រទី៣៖ ការកែច្នៃលាមកទៅជាជីកំប៉ុស្តិ៍គោកដោយលាយបញ្ចូលជាមួយសាធាតុផ្សំដទៃទៀតរួមមាន អង្កាម កាកសំណល់កសិកម្មឬផ្ទះបាយ ផ្សិតជីវសាស្ត្រ(Trichoderma) និងរក្សាសំណើមនៅក្នុងកំប៉ុស្តិ៍។ គេត្រូវផ្អាប់កំប៉ុស្តិ៍នេះរហូតដល់វាកាច់ល្អឬលែងមានក្លិនស្អុយ ប៉ុន្តែនៅក្នុងកំឡុងពេលធ្វើគេត្រូវឧស្សាហ៍ត្រឡប់ និងផ្តល់សំណើមដល់កំប៉ុស្តិ៍ជាប្រចាំផងដែរ។
  • វិធីសាស្ត្រទី៤៖ នៅក្នុងវិធីសាស្ត្រនេះគេអាចប្រើប្រាស់សារធាតុគីមីដើម្បីសម្លាប់មេរោគនៅក្នុងលាមក ហើយសារធាតុទាំងនោះរួមមាន ប៊េលីនឬកាល់ស្យូមអុីប៉ូក្លរីត(Calcium hypochlorite)។

បច្ចេកទេសប្រើប្រាស់លាមកមាន់សម្រាប់រុក្ខជាតិ

  • ពេលវេលាប្រើប្រាស់៖ គេអាចប្រើប្រាស់ជីលាមកមាន់សម្រាប់ជាជីទ្រាប់បាតមុនដាំ, ប្រើមុនរុក្ខជាតិបញ្ចេញផ្កា ឬរដូវបញ្ចេញត្រួយ។
  • បច្ចេកទេសប្រើ៖ ជាដំបូងត្រូវយកជីទៅបាចជុំវិញគល់ ប៉ុន្តែមិនត្រូវឲ្យជីនៅជាប់គល់ពេកទេ ហើយវាក៏អាស្រ័យទៅតាមប្រភេទដំណាំដែរ។ ប្រសិនបើជាប្រភេទឈើហូបផ្លែគេត្រូវបាចឲ្យឆ្ងាយពីគល់ព្រោះឫសស្រូបយកសារធាតុចិញ្ចឹមភាគច្រើនមិននៅក្បែគល់ឡើយ។ ម្យ៉ាងទៀតក្រៅពីបាចដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់គេអាចកាយដីជម្រៅ ៥-១០cm រួចដាក់ជីចូលហើយលុបដីពីលើនៅជុំវិញដើមរុក្ខជាតិ។ ជារៀងរាល់ពេលដាក់ជីគេត្រូវស្រោចទឹកក្រោយពេលដាក់រួច ដើម្បីឲ្យជីឆាប់រលាយ ហើយរុក្ខជាតិស្រូបយកសារធាតុចិញ្ចឹមបានដោយប្រសិទ្ធិភាពផងដែរ។

ឯកសារយោង

Writer