ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីដាំផ្ការំយោលនៅក្នុងផ្ទះងាយៗ

ជំហានទី១: ជ្រើសរើសផើងសម្រាប់ដាំផ្កាតូចល្មម កម្ពស់ប្រហែល 11cm ហើយត្រូវចោះប្រហោងតូចល្មមមួយនៅពីក្រោមផើងដើម្បីកុំឱ្យដីសើមខ្លាំងពេកដែលបណ្តាលឱ្យងាប់គ្រាប់ពូជ។

ជំហានទី២: ដាក់ដី90% លាយជាមួយនឹងជីកំប៉ុសសរីរាង្គប្រមាណ 10% បន្ថែម រួចយកដីដែលលាយរួចនោះដាក់ចូលទៅក្នុងផើងផ្ការបស់យើង។បន្ទាប់មកយកដៃចង្អុលចុចចូលដីធ្វើឱ្យវាមានប្រហោងដែលមានជម្រៅមួយថ្នាំងដៃហើយដាក់គ្រាប់ពូជផ្ការំយោលមួយចូល សឹមធ្វើឱ្យមានប្រហោងមួយទៀតហើយដាក់គ្រាប់ពូជមួយទៀតចូល(មួយផើងដាក់តែ២គ្រាប់ពូជបានហើយ) ហើយយកដីគ្របវាវិញ។

ជំហានទី៣: ស្រោចទឹកនៅពេលយើងបានដាក់គ្រាប់ពូជហើយ គ្រាប់ពូជនឹងចាប់ផ្តើមលូតលាស់ក្នុងរយៈពេល 6-8 ថ្ងៃ។

ជំហានទី៤: ដាក់ផើងផ្កាទាំងនោះចូលទៅក្នុងធុងជ័រមួយហើយគ្របឱ្យជិតដើម្បីឱ្យគ្រាប់ពូជលូតលាស់បានលឿន និងជួយរក្សាភាពសំណើមរបស់ដីឱ្យនៅបានយូរ។ទុកធុងជ័រនោះនៅកន្លែងដែលមានពន្លឺថ្ងៃ តែកុំដាក់នៅកន្លែងដែលត្រូវពន្លឺព្រះអាទិត្យជះចំពេក។បន្ទាប់ពី 6-8 ថ្ងៃពន្លករបស់ផ្ការំយោលនឹងដុះចេញ។

ចំណាំ: ត្រូវរក្សាដីឱ្យមានសំណើមប៉ុន្តែកុំធ្វើឱ្យដីជោគជាំនឹងទឹកពីព្រោះវានឹងធ្វើឱ្យគ្រាប់ពូជរលួយមុនពេលវាលូតលាស់ល្អ។

ជំហានទី៥: បើកគម្របធុងជ័រនោះចេញ ហើយយកវាទៅកន្លែងដែលមានពន្លឺថ្ងៃ យកដៃស្ទាបដីប្រសិនបើវារៀងស្ងួតស្រោចទឹកវាបន្តិច ពូជផ្កានេះត្រូវការដីដែលមានសំណើមតែមិនអាចសើមជោគពេកទេ។

ចំណាំ: អ្នកអាចយកគ្រាប់ពូជដែលដុះលូតលាស់បានប្រហែល  10cm យកទៅដាក់ផើងផ្សេងដែលធំជាងនឹងទៀតបាន។

ជំហានទី៦: រយៈពេលពី 6-8 ខែ ទើបវាចាប់ផ្តើមធំធាត់និងដុះចេញពន្លកផ្កា។ រៀងរាល់ខែមិនាដល់ខែតុលា អ្នកអាចដាក់ជីបន្ថែមបានរៀងរាល់20-25 ថ្ងៃម្តង ដើម្បីឱ្យប្រាកដថាផ្កានេះទទួលបានជីវជាតិគ្រប់គ្រាន់។កុំភ្លេចស្រោចទឹកភ្លាមៗនៅពេលអ្នកដាក់ជីបន្ថែមនោះហើយ ប៉ុន្មានថ្ងៃក្រោយមកវានឹងចាប់ផ្តើមដុះចេញផ្កា។

Writer