កាលណាកម្រិតអំបិលកើនឡើងខ្លាំងនៅក្នុងសូលុយស្យុងដី អាចធ្វើឱ្យ មានការបាត់បង់នូវតុល្យភាពរបស់សារធាតុចិញ្ចឹមក្នុងសូលុយស្យុងដី ដែលជាហេតុបណ្តាលអោយមានការពុលសារធាតុចិញ្ចឹមចំពោះដំណាំ និងធ្វើអោយដំណាំ ពិបាកស្រូបយកទឹកពីសូលុយស្យុងដី។ សូដ្យូម (Na) មាញ៉េស្យូម (Mg) កាល់ស្យូម (Ca) ស្ពាន់ធ័រ (S) និងក្មែរ (CI) គឺជាសារធាតុដ៏សំខាន់ ក្នុងការចូលរួម រាល់សកម្មភាពទាំងនេះ។
បញ្ហាចំបងនៃការពុលជាតិប្រៃលើដំណាំស្រូវ គឺកើតមានឡើងនៅពេលដែល ដំណាំស្រូវស្រូបយកអ៊ីយ៉ុង សូដ្យូម (Na) ដ៏ច្រើន លើសលុបពីសូលុយស្យុងដី ដែលជាហេតុបណ្តាលអោយដំណាំកង្វះ សារធាតុប៉ូតាស្យូម (K) និងកាល់ស្យូម (Ca) ។ ប្រសិនបើបរិមាណប៉ូតាស្យូម (K) និងកាល់ស្យូម (Ca) មានការថយចុះនៅក្នុងដំណាំ អាចធ្វើអោយមានការ កើនឡើង នូវសារធាតុ អាម៉ូនីញ៉ូមនីម្រិត សូដ្យូម ស្ពាន់ធ័ និង កួរ ដែលងាយបង្កអោយមានការពុលដល់ដំណាំស្រូវ ។
ប្រភពនៃដីប្រៃ
ដីប្រៃកើតមានឡើងដោយកត្តាសំខាន់ៗរួមផ្សំជាច្រើនដូចខាងក្រោមៈ
- ការប្រើប្រាស់ជីគីមីពុំសមស្របតាមកំរិតណែនាំរបស់អ្នកបច្ចេកទេសកសិកម្ម ឬពុំសមស្របតាមសេចក្តីត្រូវការរបស់ប្រភេទដំណាំ
- ការប្រើប្រាស់ដីប្រភេទម្នាងសិលា (Gypsum: CaSO4) អាចបណ្តាលអោយមានការលើសធាតុកាល់ស្យូម (Ca) និងស្ពាន់ធ័រ (S)
- ការប្រើប្រាស់កាកសំណល់ធាតុសរីរាង្គជាច្រើនដែលពុំទាន់រលាយសមស្របល្អសំរាប់ដំណាំ
- ការផ្តល់នូវធាតុប្រៃតាមរយៈប្រពន្ធ័ស្រោចស្រពដែលមានប្រភពទឹកក្រោមដី ឬការជ្រាបចេញពីភ្នំ ដែលសំបូរទៅដោយ Na, Mg, Ca, S និង Cl
- ការបាចអំបិលសមុទ្រ (NaCl) លើស្រែដាំដុះដំណាំស្រូវ ឬដីស្រែដែលមានទឹកសមុទ្រហូរចូល
- ការផ្តល់នូវធាតុប្រៃតាមរយៈនៃការពុកផុយថ្មកំបោរ ឬសិលារមួយចំនួនក្រោមអំពើនៃការសឹករិចរិលដោយធាតុអាកាស ។
រោគសញ្ញានៃការការពុលជាតិប្រៃលើដំណាំស្រូវ
រោគសញ្ញាដំបូងនៃការពុលជាតិប្រៃ គឺចុងស្លឹកមានពណ៌ស កើតមាន នៅលើស្លឹកចាស់ៗ រាលដាលតាមគែមៗស្លឹកបន្ទាប់មកពាសពេញផ្ទៃ ស្លឹកទាំងមូល រួចរាលដាលទៅកាន់ស្លឹកខ្ចីៗ ផ្នែកខាងលើទៀតរួចងាប់ជាបន្តបន្ទាប់។ ក្នុងករណីមានការពុលជាតិអំបិលខ្លាំង មានការរំខាន ដល់ការដុះពន្លកដើមស្រូវ រំខានដល់ការលូតលាស់របស់ឫស បន្ថយនូវ ការលូតលាស់កំពស់ដើម បន្ថយចំនួនដើមបែក និងបង្កើនចំនួនគ្រាប់ស្កក។ កើតមានឡើងនៅ វគ្គសំណាប វគ្គលូតលាស់ និងវគ្គបង្កើនផល ។
វិធានការគ្រប់គ្រង និងការបង្ការការពុលជាតិប្រៃ
វិធានការទូទៅដើម្បីគ្រប់គ្រង និងបង្ការការពុលជាតិប្រៃមានដូចខាងក្រោមៈ
- ការគ្រប់គ្រងការដាំដុះ ៖ ជាបឋមត្រូវធ្វើការគ្រប់គ្រងដីអោយមានស្ថេរភាពល្អ តាមរយៈការប្រើប្រាស់កំរិតជីសមស្របទៅតាមតម្រូវការរបស់ដំណាំ និងការគ្រប់គ្រង pHរបស់ដី។ ត្រូវកាត់បន្ថយនូវរយៈពេលនៃការទុកដីចោលទំនេរយូរ ដោយធ្វើការដាំដុះដំណាំឆ្លាស់ ឬដំណាំបង្វិលដើម្បីជួយបង្កើនទំរង់ និងជីជាតិរបស់ដី។ មិនត្រូវធ្វើការភ្ជួររាស់ជ្រៅពេក ដែលបណ្តាលអោយមានការហូរច្រោះ សារធាតុចិញ្ចឹមទៅក្នុងស្រទាប់ក្រោម និងទឹកក្រោមដីងាយឡើងមកកាន់ស្រទាប់លើ ដែលជាស្រទាប់ឫសដំណាំ ។
- ពូជ ៖ ប្រើប្រាស់ប្រភេទពូជដែលមានប្រព័ន្ធឫសរាក់ វគ្គលូតលាស់រយៈពេលខ្លី និងជាប្រភេទពូជស្រូវដែលធន់ទៅនឹងការពុលជាតិប្រៃ
- ការគ្រប់គ្រងទឹក ៖ ត្រូវធ្វើការពន្លិចទឹកស្រែពី ២ ទៅ ៤ សប្តាហ៍មុនការស្ទូងស្រូវក្នុងស្រែ។ មិនត្រូវប្រើប្រាស់ទឹកស្ទឹង ឬទឹកបឹង ឬទឹកក្រោមដីដែលមានកំហាប់អំបិលខ្ពស់សំរាប់ស្រោចស្រពដីស្រែឡើយ។ ប្រសិនបើដីមានជាតិប្រៃ ត្រូវធ្វើការពន្លិចទឹកស្រែបន្ទាប់ពីស្នងរួច ដើម្បីលាងជាតិប្រៃចេញពី សូលុយស្យុងដី ។
- ការគ្រប់គ្រងជីជាតិដី ៖ ធ្វើអោយមានតុល្យភាពនៃការប្រើប្រាស់ជីអាសូត (N) ជីផូស្វ័រ (P) និងជីប៉ូតាស្យូម (K) ដើម្បីជៀសវាងភាពមិនប្រក្រតីនៃសារធាតុចិញ្ចឹមរបស់ដំណាំ ។ ការប្រើប្រាស់ជីប៉ូតាស្យូម (K) ឱ្យបានគ្រប់គ្រាន់ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាធ្វើអោយមានការកើនឡើងនូវតំលៃសមាមាត្រ របស់ប៉ូតាស្យូម ធៀបនឹងសូដ្យូម (K:Na) ប៉ូតាស្យូម ធៀបនឹងមាញ៉េស្យូម (K:Mg) និងប៉ូតាស្យូម ធៀបនឹងកាល់ស្យូម (K:Ca) នៅក្នុងដំណាំ ។
- ការគ្រប់គ្រងព្រៃរបោះ ៖ ជៀស ៖ វាងការកាប់បំផ្លាញព្រៃរបោះដែលស្ថិតនៅតំបន់ខ្ពស់ជុំវិញវាលទំនាបដាំស្រូវ ដើម្បីការពារកុំអោយស្រទាប់ទឹកក្រោមដីងាយជ្រៀតឡើងមកស្រទាប់ដាំដុះ ដែលអាចបណ្តាលអោយមានការពុលដល់ដំណាំស្រូវ។
ឯកសារយោង