ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្ម

​កសិកម្មវៃឆ្លាត បាននិងកំពុងធ្វើបដិវត្តន៍ឧស្សាហកម្មវិស័យកសិកម្មដោយការដាក់បញ្ចូលបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព និង និរន្តរភាពផលិតកម្ម។ ជាមួយនឹងការកើនឡើងនៃតម្រូវការស្បៀងអាហារ ពិភពលោក និងការកើនឡើងនៃបញ្ហាប្រឈមផ្នែកបរិស្ថាន ការប្រើប្រាស់ បច្ចេកវិទ្យាក្នុងវិស័យកសិកម្មបានក្លាយជាកត្តាចាំបាច់ដែលមិនអាចរំលងបាន។ ឧបករណ៍ និងប្រព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើនបច្ចុប្បន្ននេះ បានជួយកសិករធ្វើការសម្រេចចិត្តកាន់តែប្រសើរឡើង, គ្រប់គ្រងធនធាន ប្រកបដោយប្រសិទ្ធភាព និងបង្កើនទិន្នផលដំណាំ ដែលបានធ្វើឱ្យការធ្វើកសិកម្មកាន់តែមានភាពងាយស្រួយ, កាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងធ្វើឱ្យទិន្នផលកសិកម្មកាន់តែប្រសើរ។ ទាំងនេះជាបច្ចេកវិទ្យាសំខាន់ៗ មួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់ជាជំនួយដល់វិស័យកសិកម្ម៖

1) អ៊ីនធឺណិតនៃវត្ថុ (IoT)

​បច្ចេកវិទ្យាដ៏សំខាន់បំផុតមួយក្នុងវិស័យកសិកម្មវៃឆ្លាត គឺអ៊ុនធឺណិតនៃវត្ថុ ដែលមាន ដូចជា ឧបករណ៍ចាប់សញ្ញាសំណើមដី, គ្រប់គ្រងសីតុណ្ហភាពនិង ស្ថានីយ៍អាកាសធាតុ និងប្រមូលទិន្នន័យតាមពេលវេលាជាក់ស្តែងជាដើម។ IoT មានតួនាទីយ៉ាងសំខាន់ក្នុងការចាប់សញ្ញា និងប្រមូលទិន្នន័យ ដែល ទិន្នន័យទាំងនោះអាចអនុញ្ញាតឱ្យកសិករតាមដានស្ថានភាពដំណាំយ៉ាងដិតដល់ និងចាត់វិធានការអោយទាន់ពេលវេលា ដូចជា ការកែសម្រួលកាលវិភាគ ប្រព័ន្ធធារាសាស្ត្រ ឬការប្រើប្រាស់ជីសម្រាប់តែពេលចាំបាច់ ដែលជួយ សន្សំសំចៃទឹក និងកាត់បន្ថយការប្រើប្រាស់សារធាតុគីមី។

2) ដ្រូន(Drone)

​ដ្រូន(Drone) ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការធ្វើកសិកម្មវៃឆ្លាត ព្រមទាំងមានប្រសិទ្ធភាពជាងវិធីសាស្ត្របុរាណទៀតផង។ ឧបករណ៍នេះ ផ្តល់នូវរូបភាពដែលមានគុណភាពបង្ហាញខ្ពស់អំពីដំណាំបានគ្រប់ជ្រុងជ្រោយ ដែលអាចឱ្យកសិករងាយស្រួលក្នុងការពិនិត្យមើលដំណាំ និងស្វែងរកដំណាំ ដែលខូច, សត្វល្អិត ឬតំបន់ដែលមានការលូតលាស់មិនល្អ។ Drone ក៏អាច ប្រើប្រាស់សម្រាប់ការបាញ់ថ្នាំសម្លាប់សត្វល្អិត និងដាក់ជីបានផងដែរ។

3) ប្រព័ន្ធ Global Positioning System និង Geographic Information System

​ប្រព័ន្ធGlobal Positioning System (GPS) និងប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (Geographic Information System) មានសារៈសំខាន់សម្រាប់ធ្វើឱ្យ កសិកម្មកាន់តែមានប្រសិទ្ធភាព និងមានភាពច្បាស់លាស់។ បច្ចេកវិទ្យា ទាំង ២ នេះអាចកំណត់ផែនទីកសិកម្មរបស់យើងបានត្រឹមត្រូវ ដែលជួយ ក្នុងការដាំដុះ, ការដាក់ជី និងការប្រមូលផលប្រកបដោយភាពត្រឹមត្រូវជាង ការធ្វើកសិកម្មបែបប្រពៃណី ដែលធ្វើការដាក់ជី ឬប្រមូលផលដោយមិន មានការកំណត់ច្បាស់លាស់ និងអាចធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំ និង បរិស្ថាន។ ការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះអាចជួយកាត់បន្ថយកាកសំណល់ និងធានាបាននូវការលូតលាស់របស់ដំណាំដែលមានស្តង់ដាត្រឹមត្រូវ។

4) បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និង ម៉ាស៊ីនសិក្សា (ML)

​AI និង ML ដើរតួនាទីយ៉ាងសំខាន់ក្នុងការវិភាគទិន្នន័យដែលប្រមូលបានពី ប្រភពផ្សេងៗអំពីកសិកម្ម។ បច្ចេកវិទ្យាទាំងនេះអាចព្យាករណ៍អំពីលក្ខខណ្ឌ អាកាសធាតុ ជំងឺដំណាំ និងពេលវេលាដ៏ល្អបំផុតសម្រាប់ការដាំដុះ ឬការ ប្រមូលផល។ ថ្នាលដែលដំណើរការដោយ AI ក៏ផ្តល់ឱ្យកសិករនូវការណែនាំ អំពីដំណាំ ព្រមទាំងព័ត៌មានផ្សេងៗ ដែលមានប្រយោជន៍សម្រាប់ការធ្វើ កសិកម្ម ដើម្បីអាចឱ្យកសិករបង្កើនផលិតភាព និងកាត់បន្ថយហានិភ័យ។

5) ស្វ័យប្រវត្តិកម្ម និងរ៉ូបូត

​ស្វ័យប្រវត្តិកម្ម និងរ៉ូបូត បាននិងកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង នៅក្នុងវិស័យកសិកម្ម។ ត្រាក់ទ័រស្វ័យប្រវត្តិ, ម៉ាស៊ីនច្រូតកាត់រ៉ូបូត និង ប្រព័ន្ធធារាសាស្រ្តវៃឆ្លាតបានកាត់បន្ថយតម្រូវការសម្រាប់កម្លាំងពលកម្ម ដោយដៃ និងធ្វើឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ ម៉ាស៊ីនទាំងនេះ អាចធានានូវគុណភាពជាប់លាប់ និងធ្វើឱ្យការបញ្ចប់ប្រតិបត្តិការកសិកម្ម លឿន និងមានប្រសិទ្ធភាពជាងមុន៕

ប្រភព ៖ ដកស្រង់ចេញពី Facebook Page កម្ពុជា ៤.០-Cambodia 4.0

Writer