ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំផ្កាក្រដាស

ផ្កាក្រដាសត្រូវបានប្រជាជននៅជុំវិញពិភពលោក ជាពិសេសប្រជាជនខ្មែរនិយមដាំដើម្បី លម្អសោភ័ណ្ឌភាពគេហដ្ឋាន ព្រោះតែផ្ការបស់វាមានពណ៌ក្រហម ផ្កាឈូក លឿង ស ដែលពោរពេញទៅដោយភាពស្រស់ស្អាត។ មនុស្សទូទៅដឹងត្រឹមថា ផ្កាក្រដាសជាផ្កាសម្រាប់តែដាំលម្អ តែការពិតមានរឿងរ៉ាវមួយចំនួនរបស់ផ្កាក្រដាសដែលអ្នកមិនធ្លាប់បានដឹងពីមុនច្រើន ព្រមទាំងអត្ថប្រយោជន៍របស់វាផងដែរ។ផ្កាក្រដាស មានដើមកំណើតនៅប្រទេសសហរដ្ឋអាមេរិកខាងត្បូងភាគខាងកើត ដែលវាបានរកឃើញពីប្រទេស ប្រេស៊ីល ខាងលិច ដល់ប្រទេសបេរូ និងភាគខាងត្បូងនៃប្រទេសអាហ្សង់ទីន។

២. លក្ខណៈរូបសាស្ត្រ

២.១ ដើម

​កម្ពស់ដើមវាមានប្រវែងប្រហែល ៣០ម៉ែត្រ សាច់ឈើរឹង ហើយស្វិត បែកមែកសាខា រាងតូចវែង ទន់ សំយ៉ុងចុះដី និងសម្បកស្តើង ហើយពណ៌របស់សម្បក មានពណ៌ស្ករស្រាល ឬ ស្ទើរខ្មៅ មានបន្លា ដោយបន្លាដុះចេញពីខាងក្រោមទងនៃស្លឹក។

២.២ ស្លឹក

​ផ្កាក្រដាសមានស្លឹកទោល រាងស្រដៀងបេះដូង ឬរាងជាស៊ុត ហើយមានរោមតិចៗពណ៌បៃតង បណ្តោយមានប្រវែងពី ៣-៦ស.ម និងទទឹងមានប្រវែងពី ២.៥-៥ស.ម មានគែមស្លឹកពេញលេញ ការតំរៀបស្លឹក ទោល និងឈមគ្នា។

២.៣ ឬស

​ចំពោះផ្កាក្រដាងឫសរបស់វាគឺឬសស្នឹង មានឫសរយាង និង ឫសជញ្ជក់។

២.៤ ផ្កា

​វាមានផ្ការាងដូចជាបំពង់ប្រវែង១-២ស.ម ក្នុងមួយកញុំផ្កាមានផ្កាចំនួន៣ មានកេសរឈ្មោល ៥-៨ និងកេសរញីចំនួន ១ ហើយស្រទាប់ផ្កាមានពណ៌ ក្រហម ផ្កាឈូក ស្វាយ ស និងមានពែរីអានចំនួន៥។

២.៥ ផ្លែ

​ចំពោះផ្លែរបស់ផ្កាក្រដាសមានសម្បកផ្លែរឹង ដោយផ្លែមួយមានគ្រាប់១។

២.៦ គ្រាប់

​គ្រាប់មានជាតិអាល់ប៊ុយមីន មានពែរីស្តែម និងអំប្រ៊ីយ៉ុងកោង។

៤. លក្ខខណ្ឌដី

៤.១ ប្រភេទដីធម្មជាតិ

​ត្រូវតែជាប្រភេទដីដែលធូរមានជីជាតិ និងងាយស្រោះទឹក ចំពោះដីឥដ្ឋ ឬដីខ្សាច់សុទ្ធ ការដុះលូតលាស់មិនសសូវល្អ។

៤.២ ដីកែច្នៃ

​យកដីស្រែមកបំបែកអោយល្អិតៗ ២០% ស្រកីដូងហាន់ធំៗ ៤០% ស្បូវកាត់ប្រវែង ០.១-០.៣ស.ម ២០% អង្កាម ១០% ជីលាមកមាន់ ទា ១០%  រួចធ្វើការលាយចូលគ្នាអោយសព្វ។

៥. អាកាសធាតុ

ប្រភេទដំណាំនេះត្រូវការអាកាសធាតុបែបត្រូពិច។

៦. បច្ចេកទេសដាំដុះ

ពេលវេលាដាំដុះ ដាំក្នុងចាប់ពីខែ មិថុនា ដល់ខែវិច្ឆិកា

៦.១ ការដាំដុះ

ក/ ការដាំផ្ទាល់ដី

​ចំពោះដីឥដ្ឋ និងខ្សាច់សុទ្ធ ត្រូវលាយជាមួយ កំទេចកំទីស្មៅ ចំបើង សម្បកសណ្ដែកដី ផេះ អង្កាម លាមកសត្វ និងអាចម៍រណាមិនអោយតិចជាង ៣០% បន្ទាប់មកជីករណ្ដៅទំហំ ៤០ស.ម × ៤០ស.ម × ៤០ស.ម ការដាំជៀសវាងធ្វើយ៉ាងណាកុំអោយបែកដីពេលយកកូនរុក្ខជាតិចេញពីក្នុងថង់។

ការដាំត្រូវប្រើប្រភេទដីកែច្នៃរួច ដោយរើសយកទំហំផើង ៤០-៩០ស.ម កំពស់ ៥០-៦០ស.ម ដាក់ដីយ៉ាងណាអោយមាត់ផើងខាងលើនៅសល់ពីមាត់ប្រវែង ២-៣ស.ម។

ខ/ ការដាំក្នុងជើង

គ/ ការដាំដោយផ្សាំមែក

​ជ្រើសរើសមែកដែលមានសុខភាពល្អ ជ្រើសរើសមែកមានពណ៌ស្ករត្នោត ឬត្នោតចាស់ត្រូវកាត់មែកអោយបានប្រវែង ២៥-៣០ស.ម ហើយលាងសម្អាតអោយជ្រះដី និងមេរោគ បន្ទាប់មកជ្រលក់អ័រម៉ូនបណ្តុះឫស រួចទុករយៈពេល ១នាទី រួចធ្វើការដោតទៅក្នុងផើង ឬថង់ដីរៀបជាស្រេច ជម្រៅ ១០-២០ស.ម រួចស្រោចទឹករាល់ថ្ងៃរហូតដល់ដុះពន្លកទើបបន្ថយការស្រោច ៣ថ្ងៃម្តង។

៧. ការថែទាំ

៧.១ ការស្រោចស្រព

​ដាំហើយត្រូវស្រោចទឹក ដើម្បីអោយដីក្នុងរណ្តៅ ឬដីក្នុងផើង ឬដីនៅក្នុងថង់ដែលដាំកូនដំដាំ រលាយចូលគ្នាល្អ បន្ទាប់មកស្រោចទឹកព្រឹកម្តង ល្ងាចម្ដង តែមិនត្រូវអោយជោគជាំពេកទេក្រោយដាំបាន ២-៣ខែត្រូវកាត់បន្ថយការស្រោចទឹក ២-៣ថ្ងៃស្រោចម្តង។

៧.២ ការដាក់ជី

​ប្រើជីធម្មជាតិសម្រាប់ទ្រាប់បាតប្រើជី ៣០-២០-១០ ឬ ជី ១៥-១៥-១៥ សម្រាប់ការលូតលាស់ដើមស្លឹក ប្រើជី ១០-៥២-១៧ សម្រាប់ត្រៀមចេញផ្កា។

៧.៣ ជំងឺ

​ជំងឺមិនសូវមានជាបញ្ហាចោទប៉ុន្មាននោះទេ ចំពោះផ្កាក្រដាសជម្ងឺ Cercosporidium bougainvillege បង្កជាចំណុចតូចៗ ដែលមានទំហំប្រមាណ ៥ ម.មគេប្រើ Bordeaux មួយភាគរយបាញ់ការពារ។

៧.៤ សត្វល្អិត

​សត្វល្អិតស្លាបរឹង មានដងខ្លួនពណ៌ត្នោត ប្រវែងមិនហួសពី ១ ស.ម បំផ្លាញនៅពេលយប់ ម៉ោង ៧ដល់ម៉ោង៩

ប្រើប៉ារ៉ាថៃអនសេហ្វីន។

៧.៥ ការតុបតែង

ធ្វើទៅតាមតម្រូវការរបស់អ្នកដាំដុះ។

៨. វិធីជម្រុញអោយចេញផ្កា

៨.១ ទឹក

​ធ្វើការបង្អត់ទឹករុក្ខជាតិរហូតដល់ជ្រុះស្លឹកអស់ បន្ទាប់ពីជ្រុះស្លឹកអស់ត្រូវស្រោចទឹកភ្លាមៗ។

៨.២ ជី

​ប្រើជី ១០-៥២-១៧ ឬជី ១៧-១៧-១៧ បរិមាណជី ត្រូវប្រើ ២-៣ស្លាបព្រាក្នុងមួយផើងលាយជាមួយទឹកស្រោចទៅលើគល់ (ត្រូវកូរអោយរលាយជីអស់សិនទើបស្រោច)។

៨.៣ កម្ដៅ (ពន្លឺ)

​ត្រូវយកផ្កាទៅដាក់នៅកន្លែងមានពន្លឺគ្រប់គ្រាន់ និងដាក់អោយត្រូវពន្លឺថ្ងៃចំនួន ៦ម៉ោង/ថ្ងៃ។

៨.៤ ការកាត់មែក

​កាត់ត្រួយចេញដើម្បីអោយវាដុះស្លឹកតាមថ្នាំងវានឹងចេញផ្កា នៅតាមថ្នាំងត្រួយថ្មីចន្លោះស្លឹក។

៩. វិធីសាស្ត្រប្តូរត្រួយ(ការកាត់តមែក)

​ការប្តូរត្រួយជាវិធីសាស្ត្រតុបតែង ដើម្បីអោយផ្កាក្រដាស ១ដើមមានផ្កាច្រើនពណ៌។

៩.១ សម្ភារៈប្រើក្នុងការប្តូរត្រួយ

​កាំបិត ឬឡាមស្អាត ដែលបានសម្អាតកម្ចាស់បាក់តេរីរួចរាល់ បង់រុំ និងខ្សែសម្រាប់ចង ថង់ប្លាស្ទិចថ្លា ថង់ក្រដាស ដើមទំរ និងមែកពូជដែលចង់បាន។

៩.២ ដំណើរការអនុវត្តន៍

​ប្រើកាំបិតមុតពុះលើមែក ត្រូវពុះអោយមាន ជម្រៅ ១ស.ម ចិតត្រួយដែលត្រូវយកមកត អោយមានរាងជា ស្នៀតប្រវែងប្រមាណ ១ស.ម ស៊កត្រួយដែលចិតរួចចូលទៅកន្លែងពុះរបស់មែក នៃដើមទម្រ ប្រើបង់រុំ អោយណែន រុំពីក្រោមឡើងទៅលើប្រើថង់ប្លាស្ទិចថ្លាគ្រប់ពីលើ រួចចងឲ្យជាប់ រួចគ្របថង់ក្រដាស ១ជាន់ទៀតពីលើថង់ប្លាស្ទិច។

១០.អត្ថប្រយោជន៍នៃផ្កាក្រដាស

គុណប្រយោជន៍នៃផ្កាក្រដាសមានដូចខាងក្រោមនេះ៖

▪ ជួយប្រឆាំង ការពារ និងព្យាបាលអាការក្អកស្ងួត

▪ ជួយសម្រួលបំពង់ក និងបំបាត់អាការក្អក ស្លេស ឬសំបោរក្នុង ច្រមុះ បំពង់ក និងផ្លូវដង្ហើម

▪ ជួយព្យាបាលអាការគ្រុន ក្តៅ និងប្រឆាំងនឹងជំងឺផ្សេងៗ

▪ ជួយធ្វើឱ្យប្រព័ន្ធដង្ហើមដំណើរការស្រួល សម្រួលដល់ការដកដង្ហើម និងធ្វើឱ្យសួតមានសុខភាពល្អ អាចនាំយក អុកស៊ីសែនទៅចិញ្ចឹមរាងកាយទាំងមូលបានយ៉ាងល្អ

▪ ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងបំបាត់អាការទល់លាមកផងដែរ

▪ ជួយដល់បញ្ហាជំងឺក្រពះពោះវៀន ដូចជារលាកក្រពះ ដំបៅក្រពះ

▪ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម

▪ ជួយធ្វើឱ្យស្បែកមានសុខភាពល្អ បំបាត់អាលែកហ្ស៊ីស្បែក មេរោគសើរស្បែក ការកកើតមុន គ្រប់គ្រង លាងសម្អាតនិងបណ្តេញជាតិពុលចេញពីស្បែកជាដើម

▪ ជួយធ្វើអោយរបួសជាសះស្បើយយ៉ាងឆាប់រហ័ស ដោយគ្រាន់តែត្រាំមុខរបួសនៅក្នុងទឹកកក លាយផ្កាក្រដាសជាការស្រេច

▪ ជួយប្រឆាំងនឹងការរលាកផ្សេងៗ ដូចជារលាកសន្លាក ឬអាការឈឺឆ្អឹងឆ្អែងជាដើម។

ឯកសារយោង

1) វេបសាយ៖ ធ្លាប់តែគិតថាវាជាផ្កាលម្អផ្ទះ តែការពិត « ផ្កាក្រដាស» អាចជួយសុខភាព ស្ទើរតែមិនគួរឱ្យជឿ, កោះ លក្ខិណា, Khmerload, វិច្ឆិកា ០៧, ២០១៧

2) ប្រធានបទផ្កាក្រដាស (រៀបរៀងដោយនិស្សិត គង់សម្បត្តិ, ឆ្នាំសិក្សា ២០១៨-២០១៩)

3) Facebook Page: កុលាបបៃតង, រុក្ខជាតិ លំអ-ផ្កាក្រដាស ដកស្រង់ពីឯកសារនេះជា ស្នាដៃរបស់បណ្ឌិត យួន អៀង ជាព្រឹទ្ធបុរសមហាវិទ្យាល័យកៅស៊ូ នៃសាលកវិទ្យាល័យ ភូមិកសិកម្ម ( មិថុនា ៣០, ២០១៩)

4) https://en.m.wikipedia.org/wiki/Bougainvillea

Writer