


វិធានការចម្រុះគ្រប់គ្រងកត្ដាចង្រៃ IPM

ការដាំដុះដំណាំចន្ទីពូជអឹម២៣(M-23)

ក្រោយចិនរកឃើញសារធាតុគីមីប៉ះពាល់សុខភាព លើផ្លែទុរេននាំចូលពីថៃ និងវៀតណាម, រាជរដ្ឋាភិបាលកម្ពុជា ណែនាំឱ្យក្រសួងជំនាញយកចិត្តទុកដាក់ លើការនាំចូលទុរេនពីប្រទេសជិតខាង
រាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ចិត្តទុកដាក់លើការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium លើផ្លែទុរេនដែលនាំចូលឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីការពារអ្នកប្រើប្រាស់នៅកម្ពុជា។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីចិនបានហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន។
យោងតាមលិខិតចុះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «រដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»។
គួររម្លឹកថា កាលពីខែតុលា ឆ្នាំ២០២៤ គយចិនលើកឡើងពីសារធាតុគីមី Cadmium ដែលមានក្នុងទុរេននាំចូលពីថៃ។ សារធាតុនេះ ជាប្រភេទលោហធាតុដែលមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើន ដែលជាសមាសធាតុអាចបង្កជំងឺមហារីក។ ដូច្នេះបញ្ហានេះនាំឲ្យមានការផ្អាកការនាំចេញពីកន្លែងវេចខ្ចប់ និងចម្ការជាច្រើននៅថៃ រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ហើយថ្មីៗនេះ ចិនបានរឹតបន្តឹងលើការនាំចូលទុរេនពីវៀតណាមផងដែរ ដោយតម្រូវឱ្យប្រទេសទាំង ២ត្រួតពិនិត្យឱ្យហ្មត់ចត់ ក្នុងការនាំចូលទៅប្រទេសចិន។
យោងតាមកាសែត VN Express របស់វៀតណាមបានឱ្យដឹងផងដែរថា ក្នុងខែកុម្ភៈឆ្នាំ២០២៥នេះ ប្រទេសថៃបានកប់ចោលទុរេនចំនួន ៦៥.៧តោន បន្ទាប់ពីទុរេនទាំងនោះត្រូវបានច្រានចោល ដោយប្រទេសចិន ដោយសារមានប្រឡាក់សារធាតុពុលពណ៌លឿង។ ដោយសារតែបញ្ហានេះ ប្រទេសថៃបានផ្អាកចេញអាជ្ញាប័ណ្ណនាំចេញទៅឱ្យក្រុមហ៊ុនលក់ដុំទុរេនចំនួន ២៦ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការនាំចេញទុរេនដែលមានជ្រលក់សារធាតុគីមីប្រភេទនេះ៕
តើអ្វីទៅជាសារធាតុ Basic Yellow 2 ឬ Auramine O និងសារធាតុ Cadmium? ហើយវាបង្កការប៉ះពាល់អ្វីខ្លះដល់មនុស្ស?
1. សារធាតុ Basic Yellow 2 ឬ Auramine O: គឺជាសារធាតុពណ៌សម្រាប់ជ្រលក់ក្រណាត់ ជ្រលក់សសៃសូត្រ និងសម្ភារៈផ្សេងៗ សារធាតុនេះជាសារធាតុពុលម្យ៉ាងដែលអាចបង្ករឱ្យរលាកស្បែក ឬក្រហមភ្នែក។
ផលប៉ះពាល់ចំពោះសុខភាព:
-បំផ្លាញថ្លើម និងតម្រងនោម
-ប៉ះពាល់ដល់កោសិកាអាចបង្ករមហារីក
-រលាកក្រពះ រលាកពោះវៀន
-អាលែកស៊ី និងអាចបំផ្លាញសរីរាង្គណាមួយធ្ងន់ធ្ងរបើករណីញ៊ាំសារធាតុនេះញឹកញាប់ជាប្រចាំ។
សារធាតុនេះត្រូវបានប្រើប្រាស់នៅលើផ្លែទូរេនដើម្បីឱ្យមើលទៅមានពណ៌លឿង ទុំល្អ។
2. សារធាតុ Cadmium: គឺជាសារធាតុលោហៈរាវដែលប្រើប្រាស់ជាជីក្នុងការដាំដុះទុរេន ហើយសារធាតុនេះត្រូវបានស្រូបដោយដើមទុរេន និងផ្លែទុរេន ផលប៉ះពាល់នៃសារធាតុនេះគឺ:
-រលាកពោះវៀន
-រមួលក្រពើ
-បំផ្លាញតម្រងនោម
-ពុកឆ្អឹង
-បំផ្លាញថ្លើម
-ជាសារធាតុទី១ដែលមជ្ឈមណ្ឌលស្រាវជ្រាវពីជំងឺមហារីកបានរកឃើញថាវាបង្ករហានិភ័យនៃជំងៃមហារីកខ្ពស់ជាងគេ
-ប្លុកការស្រូបកាល់ស្យូម និងវីតាមីន D បំផ្លាញដល់មេតាប៉ូលីស
-ធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងបង្កើនសារធាតុពុលក្នុងឈាម។
ឯកសារយោង
១. FB Page : Veng Serei Vatthana
២. https://www.youtube.com/watch?v=oUhAfSOEmvw