ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំស្មៅដំរីដំណាំចំណីសត្វ

ស្ថានភាពទូទៅ

ការចិញ្ចឹមសត្វ គឺត្រូវការចំណីជាចាំបាច់ដើម្បីបំប៉ន ប៉ុន្តែបើពឹងផ្អែកតែលើចំណីដូចជាស្មៅដែលដុះតាមធម្មជាតិទាំងស្រុង គឺគេមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ ពោលគឺតម្រូវឱ្យអ្នកចិញ្ចឹមស្វែងរកចំណីបន្ថែម។ ក្នុងនោះ ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលក្នុងការដាំដុះបានគ្រប់រដូវកាល ហើយថែមទាំងអាចជួយបំប៉នសុខភាពសត្វចិញ្ចឹមបានយ៉ាងល្អទៀតផង។   

អ្វីទៅជាស្មៅដំរី?

ស្មៅដំរី (Elephant Grass) ជាប្រភេទដំណាំចំណីសត្វ មានប្រភពមកពីប្រទេសអាហ្រ្វិក និងជាស្មៅមានដើមខ្ពស់ សម្បូរប្រូតេអ៊ីនពី ១៥​-១៦ភាគរយ អាស៊ូត ១.៦-២.២ភាគរយ សារធាតុស្ងួតដែលអាចរលាយបាន ៥០-៦៥ភាគរយ (ស្មៅស្ងួត)។ ស្មៅប្រភេទនេះផ្ដល់ទិន្នផលជាមធ្យមនៅរដូវវស្សាពី ២៥-៣០ តោន/ហ.ត (ស្មៅស្រស់) និងរដូវប្រាំងពី ៧-១០តោន/ហ.ត ។

រូបតំណាង

បច្ចេកទេសដាំដុះស្មៅដំរី

បច្ចេកទេសដាំស្មៅដំរី គេត្រូវជ្រើសរើសដីមិនលិចទឹក ឬមិនជាំទឹកពេក ហើយត្រូវរៀបចំដីឱ្យបានស្អាតល្អ ដោយភ្ជួរដីឱ្យបានជ្រៅ ២-៣ដង មុនដាំ ១៤ថ្ងៃ។ បន្ទាប់មករាស់បំបែកដីឱ្យបានម៉ត់ល្អ សម្អាតស្មៅចង្រៃ និងផ្ទៃដីធ្វើឱ្យបានរាបស្មើ (ងាយដាំដុះ បំប៉ន ស្រោចទឹក) រួចឆូតរងជាជួរជម្រៅ ២-៣សង់ទីម៉ែត្រ ចន្លោះរង ០.៤ម៉ែត្រ ដាក់ជីទ្រាប់បាត អាចប្រើជីលាមកគោ ឬជីកំប៉ុស្តិ៍។

ពពួកស្មៅនេះ ងាយស្រួលដាំណាស់ ដែលគេអាចដាំដោយកាត់ដើម ឬបំបែកកូន។ ដោយឡែក សម្រាប់ការដាំដោយសាបគ្រាប់ គឺអាចធ្វើឡើង​ក្រោយពីព្យួរដីរួចរាល់ ដោយយកគ្រាប់ទៅត្រាំទឹកឱ្យរីកល្អ រួចរោយគ្រាប់ពូជក្នុងចង្អូរដែលឆូតរួច (ដោយដៃ ឬកំប៉ុង លុបដី ម៉ត់ពីលើបង្ហាប់ថ្មមៗ)។ ក្រោយពេលព្រោះបាន ២-៣ថ្ងៃ បើមានភ្លៀងធ្លាក់គឺដុះលូតល្អ ប៉ុន្តែបើក្រោយពេលព្រោះបានពី ៧-១០ថ្ងៃ គ្មានភ្លៀងទេ គេត្រូវស្រោចទឹកឱ្យបានសើមដី។អាចប្រែប្រួលទៅតាមទីតាំងភូមិសាស្ត្រ  ជីវជាតិរបស់ដី និងអាយុរបស់ស្មៅ។ចំណែកការដាំដោយបំបែកកូនវិញ ដើម្បីសន្សំកម្លាំងពលកម្មក្នុងការថែទាំស្មៅ គេមានវិធីសាស្ត្រមួយទៀត គឺសាបពូជស្មៅនៅលើថ្នាលតូចមួយ(ដូចសំណាប)។ នៅពេលដែលកូនស្មៅធំល្មម (អាយុប្រហែល ២០-២៤ថ្ងៃ) ទើបចាប់ផ្ដើមបំបែកយកទៅដាំ ។ ការដាំស្មៅចំណីសត្វដោយការបណ្តុះ និងបំបែកកូននេះគឺមានការលូតលាស់លឿន ងាយស្រួលកំចាត់ស្មៅចង្រៃ មិនពិបាករៀបចំដីឱ្យបានល្អនោះទេ និងចំណេញពេលវេលា។ពាក់ព័ន្ធនឹងការថែទាំ គេត្រូវតាមដានការលូតលាស់របស់ស្មៅ បោចស្មៅចង្រៃចេញ ជ្រួយដី ដាក់ជីបន្ថែម។ ចុងក្រោយ អ្នកដាំត្រូវប្រមូលផលលើកទី ១ នៅពេលស្មៅមានអាយុពី ៥០-៦០ថ្ងៃ ឯរយៈពេលប្រមូលផលលើកទី២ នៅពេលស្មៅមានអាយុ ៣០-៣៥ ថ្ងៃ បន្ទាប់ពីប្រមូលផលលើកទីមួយរួច ដោយកាត់យកតែដើមណាដែលមានកម្ពស់បីដីប្រមាណ ៥-១០ សង់ទីម៉ែត្រ។

​ អត្ថប្រយោជន៍នៃការដាំស្មៅដំរី

គុណប្រយោជន៍នៃការដាំដុះស្មៅដំរីមានច្រើន អាចជួយបង្កើនជីវជាតិដី ធ្វើអោយជីលាមកគោមានការកើនឡើង និងធ្វើអោយសត្វទទួលបាននូវបរិមាណ និងគុណភាពចំណីទៅតាមកម្រិតអាហារូបត្ថម្ភរបស់វា អាចជួយគ្រប់គ្រង់បរិស្ថានបានយ៉ាងល្អប្រសើរ អាចជាគម្របដី ការពារដីពីការហូរច្រោះ បង្កើនជីវជាតិដី និងបំផ្លាញស្មៅចង្រៃ។មួយវិញទៀតអាចចំណេញពេលវេលា និងថវិការក្នុងការស្វែងរកទិញស្មៅសម្រាប់ធ្វើជាចំណីសត្វ លើសពីនេះអាចផ្លាស់ប្តូរផ្នត់គំនិតកសិករពីការចិញ្ចឹមសត្វដោយយថាផលមកជាការចិញ្ចឹមសត្វបែបមាននូវផែនការ គម្រោងត្រឹមត្រូវវិញ។

រូបតំណាង

Writer