ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

របៀបដាំស្វាយចន្ទីដែលធន់នឹងការប្រែប្រួលអាកាសធាតុ

យោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ២២ខែធ្នូ នៅរដូវប្រាំង និងវស្សាឆ្នាំនេះកម្ពុជានឹងមានភ្លៀងធ្លាក់ជាអន្លើ។ ភ្លៀងច្រើននេះ ជាមូលហេតុមួយនាំឱ្យចន្ទីអត់ចេញក្ដឹប ឬខូចផ្កា ជាដើម។

លោក អួន ស៊ីឡុត បានព្យាករថា ទិន្នផលស្វាយចន្ទីឆ្នាំនេះ ទំនងមិនហុចផលល្អលើសពីឆ្នាំ ២០២២ប៉ុន្មានឡើយ ពោលគឺប្រហែល៥០ទៅ ៧០ម៉ឺនតោន ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៦៦ម៉ឺនតោន។ លោក ស៊ីឡុត បន្ថែមដូច្នេះថា៖« អាកាសធាតុមិនអំណាយផលនោះទេ។ ទិន្នផលស្វាយចន្ទី មិនទំនងជាប្រសើរជាងឆ្នាំ ២០២២ ឡើយ។ មេឃមិនអំណោយផល ភ្លៀងធ្លាក់ដោយអន្លើ ធ្វើឱ្យចន្ទីគាំងក្ដឹប ខូចផ្កា»។ ដូច្នេះបងប្អូនទាំងអស់គ្នាគួរដឹងពីវិធីដាំស្វាយចន្ទីដែលមានភាពធន់នឹងអាកាសធាតុនេះ នៅក្នុងអត្ថបទនេះនឹងរៀបរាប់អំពីការជ្រើសរើសពូជ ការរៀបចំដី របៀបដាំ និងការថែទាំ។

ការជ្រើសរើសពូជ

  • ពូជមានចង្កោមផ្កាច្រើនចាប់ពី ១០-៣០ ចង្កោមផ្កាឡើងក្នុង១ម៉ែត្រការ៉េ
  • មានផ្កាឈ្មោលពី ២០០-៣០០ផ្កា និងមានផ្កាទ្វេភេទពី ៤០-៨០ឡើង ក្នុងមួយចង្កោមផ្កា
  • រយៈពេលចេញផ្កាខ្លីពី ១-៣ខែ
  • ពូជចេញផ្កាពាក់កណ្ដាលរដូវ (មករា-កុម្ភៈ)ឬចុងរដូវ(កុម្ភៈ-មីនា) ដើម្បីចៀសវាងការបំផ្លាញពីមូស
  • ពេលក្តិប មានព័ណ៌ស៊ីជម្ពូ បន្ទាប់មកមានព័ណ៌បៃតង នៅពេលលូតលាស់ធំដល់កម្រិត ប្រែជាព័ណ៌ប្រផេះ និងព័ណ៌ត្នោតចាស់ទម្ងន់ ៧-៩ ក្រាមក្នុង១គ្រាប់ ឬមាន១២០- ១៥០គ្រាប់ក្នុងមួយគីឡូក្រាម
  • មានសាច់គ្រាប់ចាប់ពី ២៨%ឡើង
  • ពូជធន់ទ្រាំសត្វល្អិត ជម្ងឺ និងអាកាសធាតុក្នុងតំបន់។

ការរៀបចំដីសម្រាប់ដាំកូនចន្ទី

ការសំអាតដី
  • ត្រូវសម្អាតស្មៅ ដើមឈើតូចធំចេញឲ្យអស់
  • ប្ញសឈើ ឬគម្ពោតព្រៃត្រូវគាស់ចេញយ៉ាងតិច២ម៉ែត្រជុំវិញរណ្តៅដាំ។
ការជីករណ្តៅ (ទំហំ ជម្រៅ ការដាក់កំបោរបាតរណ្តៅ)
  • ដីក្រហមមានជីវជាតិ ជីករណ្ដៅទំហំ ៥០ស.ម បួនជ្រុង និងជម្រៅ៥០ស.ម ដាំចន្លោះគុម្ព និងចន្លោះជួរ១០x១០ម៉ែត្រ ឬ១២x១២ម៉ែត
  • ដីល្បាយខ្សាច់ ជីករណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជម្រៅ ១ម៉ែត្រ ដោយដាំចន្លោះគុម្ពនិងចន្លោះជួរពី ៨x៨ម៉ែត្រ ឬ ៩x៩ម៉ែត្រឬ១០x១០ម៉ែត្រ
  • រណ្ដៅជីកទុក ពី ១៥-២០ថ្ងៃ ដើម្បីកម្ចាត់កត្តាចង្រៃក្នុងដី

ការដាំកូនស្វាយចន្ទី

  • ការដាំដុះនៅរដូវវស្សា ចាប់ពីដើមខែមិថុនា-សីហា
  • ហែកថង់បណ្តុះចេញ កុំឲ្យបែកដីក្នុងថង់
  • ដាក់ចូលក្នុងរណ្ដៅបានជីករួចថ្នមៗ
  • យកដីមានលាយជីកំប៉ុស្តលុបបំពេញរណ្ដៅនោះ
  • ដាំកូនចន្ទីលើដីមានសំណើមដើម្បីកូនចន្ទីរស់បានល្អ
  • យកស្លឹកឈើ និងស្មៅ គ្របជុំវិញគល់ដើម្បីរក្សា សំណើមដី
  • ដោតបង្គោលចងទប់កូនចន្ទី ការពារកុំឲ្យបាក់។
  • ត្រូវលុបរណ្ដៅវិញលាយដី ជាមួយជីកំប៉ុស្ត និងថ្មកំបោរ២០០ក្រាម និងដោតកូនឈើចំណាំនៅចំកណ្តាលរណ្ដៅងាយស្រួលកូនចន្ទី។

ការថែទាំស្វាយចន្ទី

ការសម្អាតស្មៅចង

សម្អាតស្មៅចង្រៃជាប្រចាំ ២ដងក្នុង១ឆ្នាំពេលស្មៅមិនទាន់ដាក់គ្រាប់ដោយប្រចប ឬម៉ាស៊ីនកាត់ស្មៅ។

ការប្រើប្រាស់ជី

ក.ជីធម្មជាតិ

  • សា្វយចន្ទីនៅតូចដាក់ជីលាមកសត្វ៦តោនក្នុង១ហិកតា
  • ស្វាយចន្ទីធំដាក់ជីកំប៉ុស្ត ៣០គីឡូក្រាមក្នុង១គុម្ព
  • បន្ថែមសារធាតុសរីរាង្គ ឬស្លឹកឈើដែលមានស្រាប់
  • ជួយបង្កើនជីវជាតិដី ធ្វើឲ្យដីធូរ ជំរុញការលូតលាស់
  • រក្សាសំណើមដីបានល្អសម្រាប់បន្សំទៅនឹងភាពរាំងស្ងួតដែលជាឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។

ខ.ជីគីមី

  • ២ដងក្នុង១ឆ្នាំ គឺដើមរដូវភ្លៀង និងចុងរដូវភ្លៀង
  • ចន្ទីអាយុ១-៣ឆ្នាំដាក់ជី១៥-១៥-១៥ លាយ ជី ដេ-អា-ប៉េ ចំនួន១០០-២០០ក្រាមក្នុង១គុម្ព
  • ចន្ទីអាយុ៤-៧ឆ្នាំដាក់ជី១៥-១៥-១៥ លាយ ជី ដេ-អា-ប៉េចំនួន២០០-៣០០ក្រាមក្នុង១គុម្ព
  • ចន្ទីអាយុពី៨ឆ្នាំឡើង ដាក់ជី១៥-១៥-១៥ លាយជី ដេ អា ប៉េ ៣០០-៥០០ ក្រាមក្នុង ១ដើម
  • ជីដាក់ជារង្វង់ជុំវិញដើមស្វាយចន្ទី និងជីកដីលុប។

ឯកសារយោង: MAFF library- thmeythmey.com

Writer