កាលពីអត្ថបទមុនពួកយើងបានរៀបរាប់អំពីរបៀបដាំដុះនិងការជ្រើសរើសដីមួយចំនួនក្នុងការដាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុដូច្នេះនៅក្នុងអត្ថបទនេះពួកយើងនឹងរៀបរាប់បន្ថែមអំពីការគ្រប់គ្រងទឹក ការតាក់តែងមែក ការគ្រប់គ្រងសត្វល្អិតនិងការប្រមូលផល។
ការគ្រប់គ្រងទឹក
- ដីជម្រាល ជីករណ្ដៅទទឹង០.៣ម បណ្ដោយ២មជម្រៅ០.៤៥ម ចម្ងាយ២ម ពីគល់ខាងលើជម្រាល
- ដីរាបស្មើ ជីករណ្ដៅ ទទឹង០.៣ម ជម្រៅ ០.៣មជុំវិញដើមជារាងរង្វង់ ឬជ្រុងចម្ងាយ២មពីដើម
- គ្របសារធាតុសរីរាង្គពីលើដី ជួយរក្សាសំណើមដីបានយូរនៅពេលអាកាសធាតុរាំងស្ងួត និងបន្ថយការហូរច្រោះ។
ការតាក់តែងមែក
- ២ដងក្នុង១ឆ្នាំ មុនពេលចេញផ្កា (ខែតុលា) និងក្រោយប្រមូលផល(ខែមេសា ឬឧសភា)
- កូនចន្ទីកម្ពស់ ០.៧ម ត្រូវក្តិចត្រួយ ដើម្បីឲ្យបែកមែក
- មែកដុះក្រោមកម្ពស់ ០.៧ម ត្រូវកាត់ចោលឲ្យអស់
- កាត់មែកងាប់តូចធំ មែកដែលខ្សោយ ឬមានជម្ងឺ មែកបំពង់ថ្មីដុះប៉ះគ្នា និងមែកគ្មាន ប្រយោជន៍ចោល
- កាត់ឲ្យកៀកដើម មែកតូចប្រើកន្ត្រៃ មែកធំប្រើរណារ
- មែកធំត្រូវលាប ប័រដូរកម្រឹត ១០% ដើម្បីការពារដង្កូវដួងស៊ី។
ការលាយល្បាយប័រដូរ ១០%
- សាច់ជូខៀវ ១គីឡូក្រាម កំបោរថ្ម១គីឡូក្រាម ទឹក១០លីត្រ ធុងជ័រ២ ឈើសម្រាប់កូរ
- សាច់ជូខៀវ និងកំបោរថ្ម លាយទឹកក្តៅ៥លីត្រ កូរឲ្យរលាយអស់
- សាច់ជូខៀវកូរ ចាក់ក្នុងធុងកំបោរសលាយរួច កូរឲ្យរលាយចូលគ្នាសព្វ
- លាបលើស្នាមរបួសពេលតាក់តែងមែក ឬបាញ់ការពារសត្វល្អិត និងជម្ងឺផ្សិត (ប័រដូរ១%)។
ការដាំដំណាំចន្លោះរង
- សណ្ដែកបាយ សណ្ដែកដី សណ្តែកអង្គុយ ដាំដំណាំម្នាស់ ឬដំណាំបន្លែផ្សេងៗ
- សម្រាប់រក្សាសំណើមដី ជួយបង្កើនជីជាតិដី និងអាចបង្កើនប្រាក់ចំណូល ពេលចន្ទី មិនទាន់ដល់ពេលប្រមូលផល។
ការគ្រប់គ្រងសត្វល្អិតចង្រៃ និងជម្ងឺ
សត្វល្អិតបំផ្លាញដំណាំស្វាយចន្ទី
ក.ដង្កូវដួង
ការបំផ្លាញ
- បំផ្លាញដើម ឬស និងមែកស្វាយចន្ទី ស្ទើរពេញ១ឆ្នាំ
- រន្ធតូចៗចេញជ័រឬកំទេចឈើល្អិតៗនៅកន្លែងបំផ្លាញ(ក្បែរគល់)
- បំផ្លាញធ្ងន់ធ្ងរបណ្តាលឲ្យស្វាយចន្ទីងាប់។
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់
- យកលួសចាក់ចូលរន្ធសម្លាប់ដង្កូវក្នុងនោះ
- កាប់សម្បកចេញលាបល្បាយប័រដូ១០%
- សម្អាតចម្ការឲ្យស្អាត រកសញ្ញាបំផ្លាញជាប្រចាំ។
ខ. មូសតែ
ការបំផ្លាញ
- បំផ្លាញលើត្រួយខ្ចី ទងផ្កា និងផ្លែ
- វាទិច និងស្រូបយករុក្ខរសពីស្វាយចន្ទី
- បណ្តាលឲ្យផ្កាក្រៀម ត្រួយងាប់ ឬផ្លែស្លាក។
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់
- ជំរុញឲ្យមានអង្ក្រងក្នុងចម្ការជួយកម្ចាត់
- ដុតបង្ហុយផ្សែងក្នុងចម្ការពេលព្រឹករដូវចេញផ្កា
- ប្រើថ្នាំពុលធម្មជាតិដើម្បីបាញ់ការពារ។
គ.ចៃស
ការបំផ្លាញ
- ស្លឹក ផ្កា និងគ្រាប់ស្វាយចន្ទី
- ស្រូបយករុក្ខរសពីកន្លែងវាបំផ្លាញ
- ការលូតលាស់យឺត ស្វិត ឬមានស្នាម បាត់បង់ទិន្នផល ។
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់
- បាញ់ថ្នាំពុលផ្សំពីធម្មជាតិ
- សាប៊ូលាងចាន២-៣លីត្រ លាយទឹក១០០លីត បាញ់ដំណាក់កាលបំផ្លាញដំបូង។
ជម្ងឺលើដំណាំស្វាយចន្ទី
ក. ជម្ងឺរលួយគល់និងប្ញស
ការបំផ្លាញ
- នៅថ្នាលបណ្តុះកូនក្នុងថង់
- ស្នាមឆ្នូតនៅគល់ ប្រែពណ៌ត្នោតឬខ្មៅ ត្រួយនិងស្លឹក ស្រពោននិងងាប់
- បរិវេណគល់មានសរសៃពណ៌ស ប្ញសរលួយពណ៌ខ្មៅ។
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់
- រៀបចំដីត្រូវជ្រាបទឹកបានល្អ ហាលដីឲ្យបានល្អ
- បណ្តុះដាក់គ្រាប់កុំជ្រៅពេក
- បន្ថយការប្រើជីអាសូត។
ការប្រមូលផល និងទុកដាក់
- ចាប់ពីខែកុម្ភៈ ដល់ខែមេសា-ឧសភា
- បេះលក់ក្នុងស្រុកទាំងផ្លែនិងគ្រាប់ ត្រូវចៀសវាងកុំឲ្យផ្លែជាំ
- គួរតែទុកឲ្យទុំជ្រុះ សម្រាប់ការប្រមូលផលគុណភាពល្អ និងការនាំចេញ រើសផ្លែដែលទុំធ្លាក់លើដី មួលផ្តាច់សាច់ចេញ លាងទឹកឲ្យស្អាត ហាលថ្ងៃ២- ៣ថ្ងៃ ច្រកបាវរួចទុកក្នុងឃ្លាំង
- បើលក់ស្វាយចន្ទីសើម គ្រាន់តែមួលផ្តាច់សាច់ចេញ រួចយកថ្លឹងលក់តែម្តង។
ឯកសារយោង: MAFF.library