ទាំងអស់គ្នាប្រាកដជាបានស្គាល់ស្វាយកែវល្មៀតដែលជាស្វាយដែលប្រជាជនយើងនិយមបរិភោគ និងដាំស្វាយប្រភេទនេះច្រើននៅក្នុងប្រទេសយើង។ តោះសម្រាប់ភាគ1នេះ admin សុំបង្ហាញពីរបៀបដាំស្វាយកែវល្មៀត ទឹកដីដែលសមប្រកបដាំ ការរៀបចំដីនិងការថែទាំ។
1. ទីកន្លែងសម្រាប់ដាំដុះ
ស្វាយកែវរមៀតជាដំណាំដែលងាយដាំស៊ាំនឹងតំបន់ដីស្ងួត ដីខ្សោះជីវជាតិជាដើម គេអាចដាំលើដីជាច្រើនប្រភេទប៉ុន្តែសមស្របបំផុតលើដីជិតប្រភពទឹក ដីមិនដក់ទឹក និងដីជម្រាល។
2. ការរៀបចំដីនិងរណ្តៅ
- ត្រូវពង្រាបដីឱ្យស្មើ(ជីកប្រព័ន្ធរំដោះទឹក) បើតំបន់ទំនាបត្រូវលើករង ឬពូនគល់ឱ្យខ្ពស់។
- ចាប់ផ្តើមកាប់រណ្តៅដាំនៅដើមរដូវភ្លៀងក្នុងកំឡុងខែឧសភា-មិថុនា។
- រណ្តៅមានទំហំ១ម៉ែត្របួនជ្រុងនិងជម្រៅកន្លះម៉ែត្រ។នៅបាតរណ្តៅនីមួយៗត្រូវដាក់ស្លឹកឈើស្រស់ដូចជាទន្រ្ទាន្នខេត្រជាន់ឱ្យណែនកម្រាស់៣តឹក លាមកគោស្ងួត២តឹក ដី១តឹកខាងលើបង្អស់។ក្រោយពីដាក់ជីហើយទុកចោលរយៈពេលមួយអាទិត្យដើម្បីឱ្យស្លឹកទន្រ្ទាន្នខេត្ររលួយ បន្ទាប់មកជ្រុំជ្រោយដីក្នុងរណ្តៅឱ្យសព្វទើបដាក់កូនស្វាយដាំ
3. ការដាំ
- កូនស្វាយដែលបណ្តុះទុកមានអាយុពី៦ទៅ៧ខែ
- យកកូនស្វាយទៅកប់ដាំក្នុងរណ្តៅដែលបានត្រៀមទុក
- ដាំចន្លោះឃ្លាតពីគ្នាពីគុម្ពនីមួយៗ 5m*5m ឬ 8m*8m
- ក្រោយពីដាំហើយស្រោចទឹកឱ្យជោគ បន្ទាប់មកយកកម្ទេចកម្ទីស្លឹកឈើស្ងួតគ្របគល់ស្វាយដើម្បីកុំឱ្យហួតសំណើម។
- សម្អាតស្មៅជុំវិញគល់ឱ្យទៀងទាត់
- ដោតឈើជន្លង់ចងផ្អោបនឹងកូនដើម និងការពារកំដៅថ្ងៃខ្លាំង
- រៀបចំប្រព័ន្ធទឹកស្រោចស្រពដំណាំឱ្យបានគ្រប់គ្រាន់
4. ការថែទាំ
- ក្រោយពីដាំហើយត្រូវចាប់ផ្តើមស្រោចទឹកមួយថ្ងៃម្តង រហូតដល់ស្វាយលាស់ត្រួយថ្មី ទើបបន្ថយការស្រោចទឹកមកនៅត្រឹមមួយអាទិត្យម្តង។
- នៅពេលស្វាយមានអាយុពី 1-2ឆ្នាំ ត្រូវជីកចង្អូរជារង្វង់នៅជុំវិញដើមចម្ងាយពីដើមប្រហែលមួយមែត្រទៅមួយមែត្រកន្លះ។ជម្រៅចង្អូរ២តឹករួចដាក់ស្លឹកឈើស្រស់និងលាមកគោក្នុងចង្អូររួចលុបដីនិងស្រោចទឹក។
- ក្រៅពីដាក់ជីស្រោចទឹកត្រូវជម្រះស្មៅនៅក្បែរគល់និងចន្លោះរោង។
- ការបន្ថែមជីត្រូវធ្វើឡើងរៀងរាល់ឆ្នាំ ហើយជីកចង្អូរនៅជុំវិញដើម និងដាក់ជីចូលក្នុងចង្អូរនោះ។