ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ផ្លែឪឡឹកដាំលឿន ប្រមូលផលលឿន តោះ!មកចេះពីវិធីដាំឪឡឹកទាំងអស់គ្នា

ប៉ុន្មានថ្ងៃនេះអាកាសធាតុខាងក្រៅក្តៅខ្លាំង ដូច្នេះទើបអត្ថបទមុន admin សរសេរអំពីផ្លែឈើដែលសម្បូរទៅដោយជាតិទឹកដើម្បីបំពេញជាតិទឹកក្នុងរាងកាយបន្ទាប់ពីការទទួលទានទឹក។ ផ្លែឈើមួយក្នុងចំណោមផ្លែឈើដែលសម្បូរជាតិទឹកទាំង7គឺមានផ្លែឪឡឹកដែលសម្បូរជាតិទឹករហូតដល់95% ហើយវាមានរសជាតិផ្អែមឆ្ងាញ់ស័ក្តសមនឹងអាកាសធាតុសព្វថ្ងៃនេះណាស់លើលពីនេះទៅទៀតវាក៏សម្បូរដោយវីតាមីនដែលល្អសម្រាប់សុខភាពយើងផងដែរ។ ចុះទាំងអស់គ្នាចង់ដឹងពីរបៀបដាំផ្លែឪឡឹកអត់?

ផ្លែឪឡឹកគឺងាយស្រួលដាំនិងប្រើរយៈពេលតិចថ្ងៃប៉ុណ្ណោះដើម្បីប្រមូលផល។ តោះមកចេះពីវិធីដាំផ្លែឪឡឹកទាំងអស់គ្នា:

ជំហានទីមួយ៖ ការបណ្តុះកូន

អ្នកត្រូវជ្រើសរើសពូជឪឡឹកដែលមានដូចជា៖ ជីតៃ, ត្រាំងណុង, 6-66, 3-85។ យកដី១ភាគ លាយជាមួយលាមកគោ១ភាគ និង ផេះអង្គាមចំនួនប្រមាណ៣ភាគ រួចយកវាទៅលីងនិងកម្តៅ។ ទុកវាឱ្យត្រជាក់មួយឡែកសិនរួចចាំដាក់ចូលថាសបណ្តុះ។ បន្ទាប់មកត្រូវបណ្តុះកូនរយៈពេល ៨-៩ ថ្ងៃ។ ដំបូងយកគ្រាប់ទៅត្រាំក្នុងទឹករយៈពេល ៣ ម៉ោង រួចស្រង់ចេញទុកឱ្យស្ងួតរយៈពេល ១ យប់ហើយយកទៅបណ្តុះក្នុងថាសបណ្តុះ។ត្រូវស្រោចទឹក២ដងក្នុងមួយថ្ងៃដោយទុយោតំណក់។

ជំហានទីពីរ៖ ការរៀបចំដីនិងធ្វើរោង

  • ត្រូវសំអាតដីចំការនិងកាយស្មៅចេញឱ្យស្អាត
  • ភ្ជួរដីដោយប្រើគោក្របីឬគោយន្តជម្រៅប្រហែល ១៥ ទៅ ២០ សង់ទីម៉ែត្រ
  • ធ្វើរងដោយប្រើប្លាស្ទិចគ្របដី ឬ ប្រើចំបើង

ជំហានទីបី៖ ការដាំដុះ

ត្រូវរៀបចំប្រព័ន្ធទឹកតាមចន្លោះរងសិនរួចដាក់ជីគីមីលាយចូលក្នុងរណ្តៅដីនីមួយៗឱ្យសព្វនិង ស្រោចទឹកឱ្យជោគល្អមុនដាំ។ យកកូនឪឡឹកដែលបានបណ្តុះមានអាយុកាល ៨ ទៅ ១២ ថ្ងៃ ទៅដាក់ដាំនៅពេលរសៀលមេឃត្រជាក់ក្នុងរណ្តៅត្រឹមជម្រៅដូចត្រឹមដីបណ្តុះហាមដាំកប់គល់ រួចស្រោចទឹកវាឱ្យជោគ។

ជំហានទីបួន៖ ការថែទាំ

ត្រូវស្រោចទឹកឱ្យបានទៀងទាត់នៅពេលព្រឹក ហើយត្រូវពិនិត្យមើលដីបើវាស្ងួតខ្លាំងគួរបន្ថែមការស្រោចទឹកបើឃើញវាជោគគួរកាត់បន្ថយ។ ត្រូវពិនិត្យឱ្យបានទៀងទាត់ក្នុងការកាយស្មៅនិងតាក់តែងមែក។ យើងអាចតាក់តែងមែកនៅពេលវាចេញខ្នែង ៥។ ហើយត្រូវដាក់ជីបំប៉នដល់ការលូតលាស់របស់វាផងដែរ។

ជំហានទីប្រាំ៖ ការប្រមូលផល

យើងអាចប្រមូលផលផ្លែឪឡឹកចាប់ពីបានដាំដុះរយៈពេល ៥០ ទៅ ៦០ថ្ងៃ។ អ្នកគួរបេះកាត់វាចេញដោយប្រើកាំបិតត្រូវទុកទាំងទងនិងមិនគួរបេះដោយទាញពីដើមផ្ទាល់ព្រោះវាប៉ះពាល់ដល់ដើម។

ឯកសារយោង
Writer