កាលពីប៉ុន្មានថ្ងៃមុន Admin បានណែនាំអំពីផ្លែប័រខ្លះមកហើយជូនដល់បងប្អូនថែមទាំងណែនាំ អំពីអត្ថប្រយោជន៍របស់វានិងវិធីដាំដុះ។ ថ្ងៃនេះ Admin ចង់ពន្យល់បន្ថែមអំពីទីផ្សារសម្រាប់ផ្លែប័ររួមទាំងកត្តាខ្លះទៀតទាក់ទងនឹងបញ្ហានាៗដែលកសិករដាំផ្លែប័រនេះអាចប្រឈមមុខ។ Admin ក៏ចង់មកណែនាំពីគន្លឹះខ្លះក្នុងការដោះស្រាយបញ្ហាទាំងនេះ។
នៅកម្ពុជាយើងបងប្អូនប្រជាពលរដ្ឋចូលចិត្តបរិភោគនិងប្រើប្រាស់ផ្លែប័រណាស់។ ប័រនៅកម្ពុជាភាគច្រើនយកមកពីខេត្តមណ្ឌលគិរីនិងរតនៈគិរីប៉ុន្តែយើងឃើញថាអ្នកលក់មួយចំនួននាំចូលផ្លែប័រមកពីប្រទេសថៃនិងវៀតណាមតែរសជាតិមិនអាចប្រៀបបានជាមួយផលិតផលជាតិយើងទេ។ ក្នុងទីផ្សារឥឡូវនេះតម្លៃបោះដុំមានតម្លៃចាប់ពីប្រមាណ ៥០០០ រៀលទៅ ៧០០០ រៀលក្នុងមួយគីឡូក្រាម។
សព្វថ្ងៃនេះបងប្អូនកសិករយើងកំពុងជួបទុក្ខលំបាកជាច្រើនរួមមានការខាតបង់ឥតឈប់ឈរដោយសារការចំណាយច្រើនជាងចំណូល។ ផលិតផលគ្មានទីផ្សារឬលក់បានថោកធ្វើឱ្យកសិករអស់កម្លាំងចិត្តក្នុងការបន្តដោយហេតុផលិតផលមកពីក្រៅស្រុកមានការប្រកួតប្រជែងខ្លាំង។ បញ្ហាបន្ទាប់រួមមានកសិករខ្វះខាតបច្ចេកវិទ្យាក្នុងការដាំដុះព្រោះកសិករមួយចំនួនគឺកសិករខ្នាតតូចធ្វើបែបគ្រួសារប៉ុណ្ណោះ។ ពួកគេមានការចំណាយទៅលើការដាំដុះនិងថែទាំខ្ពស់ហើយវាមានការពិបាកថែទាំបន្តិច។ ដោយសារការចំណាយច្រើន ផលិតផលក៏ត្រូវលក់ចេញវិញក្នុងតម្លៃខ្ពស់ជាងផលិតផលនាំចូល។ ក្នុងទីផ្សារឥឡូវមានការក្លែងបន្លំផលិតផលជាតិដើមច្រើនជាមួយផលិតផលនាំចូលពីថៃនិងវៀតណាមដែលមិនមានរសជាតិឆ្ងាញ់ដូចគ្នាទេ។ ដូចនេះពេលអ្នកទិញបរិភោគទៅធ្វើឱ្យបាត់បង់និងលែងជឿទុកចិត្តផលិតផលក្នុងស្រុកយើង។
បញ្ហាទាំងនេះសុទ្ធសឹងតែជាបញ្ហាដែលយើងមិនគួរមើលរំលងពីព្រោះបងប្អូនប្រជាកសិករយើងនឹងប្រឈមនឹងបញ្ហាគ្មានទីផ្សារសម្រាប់ផលិតផលពួកគេនាំឱ្យពួកគេគ្មានចំណូល។ ដើម្បីដោះស្រាយបញ្ហានេះប្រជាជនយើងត្រូវមានការយល់ដឹងបន្ថែមពីបញ្ហាក្នុងនឹងផងដែរ រដ្ឋាភិបាលក៏គួរមានវិធានការខ្លះៗផងដែរ។ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងចាប់ផ្តើមយល់ដឹងពីបញ្ហានេះជាបន្តបន្ទាប់និងព្យាយាមគាំទ្រផលិតផលជាតិផងដែរ។ ដូច្នេះបងប្អូនប្រជាកសិករគួររួមដៃគ្នាចងក្រងជាសហគមន៍កសិករដាំដំណាំប័រ ធ្វើដូចនេះកសិករនឹងអាចទទួលបាននូវជំនួយក្នុងការដាំដុះបែបបច្ចេកទេស បានទុនវិនិយោគនិងទីផ្សារផងដែរ។ជាចុងក្រោយប្រជាកសិករក៏ត្រូវធ្វើនិងគោរពតាមវិធានការដែលបានចាត់ឡើងចេញពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក្នុងការដាំដុះបែបបច្ចេកទេសដើម្បីរក្សារសជាតិផលិតផលជាតិយើង។
ឯកសារយោង:
https://www.phnompenhpost.com/post-life-food-drink/get-taste-avocados-all-year-mondulkiri
https://www.ardb.com.kh/wp-content/uploads/2022/03/គម្រោងដាំដុះដំណាំប័រ