ជាទូទៅយើងតែងតែលឺពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពនានា ចុះទាំងអស់គ្នាមានធ្លាប់ដឹងអត់ថាវិស័យកសិកម្មយើងក៏មានធានារ៉ាប់រងដែរ?
ធានារ៉ាប់រងវិស័យកសិកម្មនេះគឺធានាដល់នូវការខូចខាតរបស់បងប្អូនកសិករពីគ្រោះធម្មជាតិផ្សេងៗដូចជាទឹកជំនន់ គ្រោះរាំងស្ងួត ឬការខូចខាតដំណាំផ្សេងៗពីសត្វល្អិតដែលស្របទៅតាមលក្ខខណ្ឌរបស់ក្រុមហ៊ុនធានារ៉ាប់រងដែលបានចែង។នៅក្នុងប្រទេសកម្ពុជាយើងគឺមានក្រុមហ៊ុន Forte insurance ដែលជាក្រុមហ៊ុនផ្តល់នូវធានារ៉ាប់រងសម្រាប់វិស័យកសិកម្មនិងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)ដែលកំពុងដំណើរការលើធានារ៉ាប់រងកសិកម្មនេះផងដែរ។
ធានារ៉ាប់រងពីក្រុមហ៊ុន forte ចែកចេញជា២គឺធានារ៉ាប់រងព្រៃឈើនិងធានារ៉ាប់រងដំណាំ។
ការធានារ៉ាប់រងដំណាំកសិកម្ម Forte Weather Index គឺជាការគ្រប់គ្រងហានិភ័យ ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កសិករ ក្រុមហ៊ុនធានារ៉ាប់រងនឹងសងជាសំណងដល់អតិថិជននៅពេលដែលដំណាំពួកគេជួបនឹងបញ្ហាអាកាសធាតុដែលឈានដល់ការខូចខាតដោយផ្អែកលើភាពធ្ងន់ធ្ងរនៃព្រឹត្តិការណ៍អាកាសធាតុ។ករណីជាក់ស្តែងលោកតាំងដែលបានផ្តល់បទសម្ភាស៌ទៅKhmer Time ដែលបានចុះផ្សាយនៅក្នុងឆ្នាំ2015 ថាលោកពិតជាបានទទួលសំណងដែលប្រហាក់ប្រហែលនឹងចំនួនទឹកប្រាក់ដែលលោកបានទិញធានារ៉ាប់រងពីក្រុមហ៊ុនពិតមែនដែលធានារ៉ាប់រងនោះគឺមានរយៈពេល៥ខែចាប់ពីថ្ងៃដែលដាំដុះរហូតដល់ថ្ងៃប្រមូលផល។
ហេតុអ្វីបានជាបងប្អូនប្រជាកសិករយើងគួរមានធានារ៉ាប់រងនេះ?
បងប្អូនកសិករនឹងមិនមានការភ័យខ្លាចកំឡុងពេលដាំដំណាំថានឹងមានគ្រោះធម្មជាតិដែលស្មានមិនដល់កើតឡើង ឬក៏កើតឡើងមែនក៏ទទួលបានសំណងមកវិញមិនខាតទៅទាំងស្រុង ដោយហេតុកសិកម្មប្រទេសយើងពឹងផ្អែកលើទឹកភ្លៀង ហើយប្រជាជនពី 60 ទៅ 70 ភាគរយគឺជាកសិករទៀតផង ដូច្នេះមានធានារ៉ាប់រងសម្រាប់កសិកម្មមួយក៏ជួយសម្រាលវិបត្តិយើងច្រើនផងដែល។
ឯកសារយោង: forth insurance,khmertimekh.com,The phnompenh post