ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បន្លែធម្មជាតិពីខាងខេត្តមណ្ឌលគិរីកំពុងវាយលុកទីផ្សារខ្លាំង

នៅក្នុងខេត្តមណ្ឌលគិរីឥឡូវនេះយើងសង្កើតឃើញថាបងប្អូនប្រជាកសិករខាងនោះរកបានចំណូលពីការធើ្វកសិកម្មបានច្រើនជាងឆ្នាំមុនៗ។ ថ្មីៗទីផ្សារមានតម្រូវការលើបន្លែធម្មជាតិគ្មានជាតិគីមីច្រើនជាងរាល់ដងដែលជម្រុញឱ្យបងប្អូនខាងខេត្តមណ្ឌលគិរីយើងនាំគ្នារួសរាន់ព្យាយាមដាំបន្លែសម្រាប់តម្រូវការរបស់អ្នកទិញនៅខេត្តនាៗពេលខ្លះពួកគាត់ដាំបន្លែស្ទើរមិនទាន់តម្រូវការទីផ្សារ។

យើងឃើញថានៅតាមតំបន់មាត់បឹងទំនប់ក្រោមស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យមានចំការរបស់ បងប្អូនដាំបន្លែធម្មជាតិនៅទីនោះច្រើន។ លោក ឃ្លោង ថេង ដែលជាកសិករដាំបន្លែនៅតំបន់នោះមានប្រសាសន៌ថា លោកផ្ដោតការដាំដុះច្រើនជាងគេគឺទៅលើស្ពៃក្ដោប ព្រោះពូជស្ដៃក្ដោបនេះវាជាប្រភេទបន្លែដែលអាចទុកបានយូរ។នៅពេលដល់រដូវកាត់យកទិន្នផលម្តងៗ គេអាចកាត់យកទិន្នផលស្ពៃក្ដោបបន្តបន្ទាប់គ្នាបានក្នុងរយៈពេលយូរព្រោះវាមិនមានការខូចខាតនោះទេខុសពីបន្លែដទៃទៀតមិនតែប៉ុណ្ណោះថែមទាំងលក់ចេញបានក្នុងតម្លៃថ្លៃទៀតផង ។

ទីផ្សារបច្ចុប្បន្ននេះគឺពួកគេអាចលក់ស្ដៃក្ដោបក្នុងតម្លៃ៥ទៅ៦ពាន់រៀលក្នុងមួយគីឡូក្រាម រួចបើតាមការរៀបរាប់ពីលោក ឃ្លោង ថេង នៅក្នុងទំហំផ្ទៃដីចំការជិតកន្លះហិកតារបស់លោកផ្ទាល់លោកអាចកាត់យកទិន្នផលម្តងបានប្រមាណប្រហែលចន្លោះពី៤០គីឡូ ទៅជាង១០០គីឡូក្រាមជាទូទៅ។ គាត់មិនត្រឹមតែដាំដុះស្ពៃក្ដោបនោះទេគាត់ក៏ដាំដុះបន្លែផ្សេងៗដូចជា៖ ស្លឹកខ្ទឹម ស្ពៃក្រញ៉ាញ់ ត្រប់ ត្រសក់ និងតាំងឱជាដើម ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថាបើគិតត្រឹមចុងខែមករាឆ្នាំ២០២៣ផ្ទៃដីដែលដាំដុះដំណាំបន្លែរដូវប្រាំងបានកើនលើសឆ្នាំមុន១៣ហិកតាដែលបានអនុវត្តរហូតដល់ប្រមាណ១១៤ហិកតា។ នេះបានន័យថាទីផ្សារបន្លែនៅក្រុងសែនមនោរម្យពិតជាមានការកើនឡើងល្អជាងឆ្នាំមុនសម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ ប៉ុន្តែលោកប្រធានមន្ទីរបានជម្រុញដល់កសិករឱ្យខិតខាំបន្ថែមដើម្បីពង្រីកខ្លួនដល់ទីផ្សារអន្តរជាតិ។ ថ្មីៗនេះនៅមន្ទីរកសិកម្មទើបតែធ្វើការសម្ពោធសមទ្ធិផលដ៏ទំនើបមួយគឺសួនវិទ្យាសាស្ត្រកសិកម្មជាកន្លែងសម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ និងជួយជម្រុញការប្រើប្រាស់ទំនើបកម្មរបស់កសិករផងដែរ ។ បច្ចុប្បន្ននេះ មន្ត្រីជំនាញខេត្តមណ្ឌលគិរីកំពុងព្យាយាមធ្វើកិច្ចសហប្រតិបត្តិការមួយទៀតដែលទទួលបានការគាំទ្រពីប្រទេសកូរ៉េខាងត្បូងក្នុងគម្រោងការដាំដុះដំឡូងបារាំងដែលមានទីប្រឹក្សាផ្នែកបច្ចេកទេសជួយណែនាំដល់កសិករឱ្យការដាំដុះពួកគេកាន់តែបានទិន្នផលខ្ពស់ថែមទាំងការពារទប់ស្កាត់ពីជំងឺ និងការយាយីពីសត្វល្អិតនាៗជាដើម ៕

Reference

Korona, S. 2023. ទីផ្សារ​បន្លែ​ធម្មជាតិ​នៅ​មណ្ឌលគិរី​កាន់តែ​ល្អ​ប្រសើរឡើងខណៈ​ផ្គត់ផ្គង់​មិន​ចង់​ទាន់​​ពេល. Koh Santepheap Daily. https://kohsantepheapdaily.com.kh/article/1688663.html

Writer