កាលពីអត្ថបទមុនពួកយើងបានរៀបរាប់អំពីការរៀបចំដីនិងរង ព្រមទាំងរបៀបដាំត្រសក់ប្រពៃណី ដូច្នេះអត្ថបទនេះយើងនឹងមករៀបរាប់អំពីការថែទាំដំណាំត្រសក់និងការដោតចំណារវិញម្តង។
- ការស្រោចទឹក
ត្រសក់ជាដំណាំដែលត្រូវការទឹកជារៀងរាល់ថ្ងៃប៉ុន្តែកុំស្រោចវាឱ្យជោគជាំពេកអី វានឹងបណ្តាលឱ្យត្រសក់កើតជំងឺលឿងស្លឹក ដូចនេះប្រសិនបើគ្មានភ្លៀងគេត្រូវស្រោចទឹកជារៀងរាល់ថ្ងៃហើយមួយថ្ងៃ1-2ដង ប៉ុន្តែបើមេឃភ្លៀងត្រូវបង្ហូរទឹកដក់នោះចេញអោយអស់ពីបាតរងភ្លាមៗ។ត្រសក់ត្រូវការទឹកខ្លាំងក្នុងវគ្គចេញផ្កា កង្វះទឹកក្នុងវគ្គនេះធ្វើឱ្យផ្កាត្រសក់ជ្រុះច្រើន។
- ការដកស្មៅនិងបន្ថែមជី
ក្រោយពីមានស្មៅដុះតាមចន្លោះរង ឬតាមរន្ធគុម្ពត្រូវដកស្មៅចេញឱ្យស្អាតគ្រប់ដំណាក់កាលលូតលាស់របស់ត្រសក់។ចំពោះការដាក់ជីបន្ថែមត្រូវបែកចែកជា3វគ្គធំៗ។
- វគ្គលូតលាស់ក្រោយពីដាំបាន 10-15ថ្ងៃ: ត្រសក់មានស្លឹក2-3 គេត្រូវស្រោចជីអ៊ុយរេបំប៉នបន្តិចៗគឺជីមួយស្លាបព្រាបាយលាយទឹកមួយធុង(15-18លីត្រ) ស្រោចគុម្ពត្រសក់។បន្ទាប់មកទៀតចន្លោះពី 15-20ថ្ងៃត្រូវស្រោចម្តងទៀត។
- វគ្គចេញផ្កា: ក្រោយពីត្រសក់ចេញផ្កាក្រពុំៗគេត្រូវបន្ថែម 15-15-15 មួយរងចំនួន150ក្រាមដោយបោះចូលក្រោមកៅស៊ូតាមចន្លោះគុម្ព។
- វគ្គប្រមូលផល: ក្រោយត្រសក់បេះបាន1-2លើកត្រូវយកជីអ៊ុយរ៉េ50ក្រាម ជី 15-15-15 50ក្រាមលាយបញ្ចូលគ្នាហើយបោះចូលក្រោមកៅស៊ូតាមចន្លោះជួរ។
- ការដោតចំណារ
នៅពេលរៀបចំដាំត្រសក់គេត្រូវត្រៀមនូវចំណារមែកឈើទុកជាមុន (មែកឈើស្ងួតៗ) នៅពេលត្រសក់មានស្លឹកចំនួន3-4សន្លឹកចេញដៃសម្រាប់តោង គេចាប់ផ្តើមយកមែកឈើនោះមកដោតឱ្យញឹកតាមគុម្ពនីមួយៗហើយចងគាបចំណារនោះឱ្យជាប់ដើម្បីឱ្យត្រសក់តោងឡើង។
ឯកសារយោង: បណ្ណាល័យអេឡិចត្រូនិចក្រសួងកសិកម្ម។