ដំណាំដំឡូងមីគឺពេញនិយមមែនទែននៅក្នុងប្រទេសយើង ប្រជាជនយើងគឺនិយមដាំដំឡូងមីពីព្រោះដំណាំនេះគឺមានទីផ្សារទាំងក្នុងប្រទេសនិងក្រៅប្រទេស។
ដំឡូងមីនេះមានដើមកំណើតពីតំបន់អាមេរិកកណ្តាល ហើយវាក៏ត្រូវបានគេបំប្លែងកែច្នៃជាម្សៅសម្រាប់ប្រើប្រាស់ជាវត្ថុធាតុដើមផលិតស្បៀងអាហារផ្សេងៗ។
តោះមកដឹងពីរបៀបដាំដំឡូងទាំងអស់គ្នានិងវិធីថែទាំទាំងអស់គ្នា!
ជំហានទី1
“ ការជ្រើសរើសទីកន្លែងភ្ជួររាស់លើកទី1” ជ្រើសរើសយកដីកន្លែងដែលមានល្បាយខ្សាច់ មិនជាំទឹក និងជាកន្លែងទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់ដាំ។គួរភ្ជួរដីជម្រៅ 20 ទៅ 25cm។ក្នុងករណីមិនភ្ជួរលើកទី2 គួរបាចជីកំប៉ុសឬជី 15-15-15 មុនពេលភ្ជួរលើកទី1 ដើម្បីកប់ជីនោះ។
ជំហានទី2
“សម្រាប់ការភ្ជួរលើកទី2 និងការដាំ” គួរបាចជីកំប៉ុសឬជី 15-15-15 រួចភ្ជួរសារឡើងវិញជម្រៅ 20-25cm ។គួរដាំដំឡូងនៅពេលដីសើមបន្ទាប់ពីមានភ្លៀងគ្រប់គ្រាន់។ ដើមដំឡូងមីសម្រាប់ដាំគួរមានអាយុតិចជាង៨ខែហើយមិនទទួលរងការបំផ្លាញពីសត្វល្អិតនិងជំងឺ។ គួរដាំដើមដំឡូងនោះប្រវែង 15-25cm ហើយដាំវាក្នុងជម្រៅប្រមាណ 15cm ហើយដាំវាឱ្យឆាប់តាមដែលអាចធ្វើបាន។ បើមានដើមច្រើនគួរជ្រើសរើសផ្នែកគល់ ដើម្បីឱ្យវាងាយដុះឬចាប់ឬសហើយមានមើមល្អនិងច្រើន។ គួរដាំវាជាជួរឱ្យឃ្លាតពីគ្នាពី 60-80cm ហើយជួរនីមួយៗគួរឃ្លាតពីគ្នា 90-100cm។ កំណាត់ដើមដែលកាត់រួចអាចដាំផ្តេក (សម្រាប់ដីស្ងួត) បញ្ឈរ (ឱ្យផុតពីដី 3-5cm សម្រាប់ដីសើមខ្លាំង) ឬទ្រេតបន្តិច (សម្រាប់ដីសើមល្មម)។
ជំហានទី3
“ការកម្ចាត់ស្មៅចង្រៃនិងការស្រោចស្រព” នៅប្រមាណ1ខែក្រោយពីការដាំគួរកំចាត់ស្មៅចង្រៃដោយប្រើចឬថ្នាំសម្លាប់ស្មៅដោយកុំឱ្យប៉ះពាល់ដើមនិងឬស។ជាទូទៅដំឡូងមីអាចធន់ទ្រាំបានយ៉ាងល្អនឹងភាពរាំងស្ងួត ប៉ុន្តែការស្រោចស្រពអាចជួយឱ្យលូតលាស់ល្អ ហើយផ្តល់មើមធំនិងច្រើន។
ជំហានទី4
“ការប្រមូលផល” ក្រោយពីដាំបាន 8-10ខែ គួរពិនិត្យមើលមើម ដើម្បីសម្រេចអំពីការប្រមូលផល។បើដីផុស ឬទន់គួរដកដោយដៃហើយបើដីរឹងគួរដកដោយប្រើឃ្នាស់ឬប្រដាប់គាស់។ដោយសារមើមដើមដំឡូងមីងាយរលួយខូច (ក្នុងពេល 3-4ថ្ងៃ) គេតែងចម្អិនហាលសម្ងួត ស្រោបដោយក្រមួន ខ្ទប់ក្នុងថង់ប្លាស្ទិកបិទជិត ទុកដាក់ក្នុងទូបង្កក (ត្រជាក់ខ្លាំង) ឬបម្លែងវាភ្លាមៗ។
ឯកសារយោង: បណ្ណាល័យអេឡិចត្រូនិចការដាំដុះក្រសួងកសិកម្ម
វិធីល្អណាស់បង