កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម TAKAHASHI FUMIAKI ប្រធានសមាគមជប៉ុន-កម្ពុជា និង លោក KATO KAZUNORI ប្រធានក្រុមហ៊ុន IL Brille និងជាអនុប្រធានសមាគមជប៉ុន-កម្ពុជា ម្ចាស់គម្រោង «សរសៃសូត្រមាសខ្មែរ» និង កសិដ្ឋានចិញ្ចឹមត្រី ខេមបូឌា ហ្វ្រេស ហ្វាម។ ក្នុងការជួបពិភាក្សាការងារនេះឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍និងត្រេកអរសម្រាប់គម្រោងដែលខាងជប៉ុនបានឡើកឡើងហើយឯកឧត្តមរដ្ឋមន្ត្រីក៏បង្ហាញពីការគាំទ្ររបស់លោកផងដែរ។
ក្នុងកិច្ចពិភាក្សានេះមានចំណុចសំខាន់ដែលខាងជប៉ុនបានស្នើរសុំទៅរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឱ្យជួយ ចូលរួមសហការក្នុងការធ្វើវិញ្ញាបនបត្រសម្គាល់ផលិតផលឱ្យបានកាន់តែលឿនតាមដែលអាចធ្វើទៅបាន។ ដោយហេតុ ក្រុមហ៊ុនជប៉ុនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាជាច្រើនជាពិសេសគឺចង់ជួយដល់ប្រជាកសិករខ្មែរដែលប្រកបមុខរបរលើគម្រោងនេះ ឱ្យទទួលបាននូវជីវភាពកាន់តែល្អប្រសើរជាងមុន។ បន្ថែមពីលើនេះទៀតគោលបំណងនៃការជួបពិភាក្សានេះក៏ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ព្រមទាំងផ្លាស់ប្តូរយោបល់ ពិភាក្សាអំពីវឌ្ឍនភាព និងស្វែងរកកាលានុវត្តភាពបន្ថែម ក្នុងការជំរុញបរិយាកាសធុរកិច្ចនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្រុមហ៊ុនខាងជប៉ុនក៏បានចាប់ផ្ដើមយកពូជដើមមន ដែលត្រូវបានឆ្លងកាត់ការពិសោធន៍យ៉ាងត្រឹមត្រូវឱ្យទៅកសិករសម្រាប់ដាំដុះសាកល្បងហើយក៏ផ្តល់នូវបច្ចេកទេសចាំបាច់ផ្សេងៗមួយចំនួនទៅកាន់កសិករដែលមានការចុះកិច្ចសន្យាកុងត្រា ត្រឹមត្រូវជាមួយក្រុមហ៊ុន ដើម្បីធ្វើឱ្យការផលិតសំបុកដង្កូវនាងស្របទៅតាមស្តង់ដារប្រទេសជប៉ុន សម្បូរទៅដោយប្រូតេអុីន។ សរសៃសូត្រដង្កូវនាងនេះនិងត្រូវគេយកវាទៅប្រើប្រាស់ជាវត្ថុធាតុដើមដើម្បីផលិតផលិតគ្រឿសម្អាង និងហ្វូមលាងសម្អាតមុខ តាមស្តង់ដាររបស់ប្រទេសជប៉ុន។ ងាកមកមើលពីកសិដ្ឋានចិញ្ចឹមត្រី ខេមបូឌា ហ្វ្រេស ហ្វាមវិញ បច្ចុប្បន្ននេះកំពុងចិញ្ចឹមត្រី ទីឡាព្យា ឬណាន់ហ្គុឃឹដៃ លើផ្ទៃដីមានទំហំ៤,៥ហិកតា ក្នុងខេត្តកណ្តាលដោយយកទៅកែច្នៃជាម្សៅរោយបាយ ប្រហិតត្រី ផ្អកត្រី ត្រីងៀត ត្រីបន្ទះជាដើម ដើម្បីលក់ចេញនៅទីផ្សារក្នុងស្រុក និងគ្រោងនាំចេញទៅកាន់ទីផ្សារបរទេសនាពេលខាងមុខ៕
ជាចុងបព្ចាប់ឯកឧត្តម ឌិត ទីណាបានលើកទឹកចិត្តខាងជប៉ុនឱ្យជួយជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែមទៅដល់កសិករកម្ពុជាឱ្យនៅតែបន្តដាំដុះស្លឹកមននិងចិញ្ចឹមដង្កូវនាងកាន់តែផុសផុលឡើងវិញដើម្បីបំពេញតម្រូវការទីផ្សារនាំចេញនិងជំរុញឱ្យនាំចេញផលិតផលដូចជាម្សៅរោយបាយ ប្រហិតត្រី ផ្អកត្រី ត្រីងៀត ត្រីបន្ទះទៅទីផ្សារក្រៅស្រុក។