ជាទូទៅការប្រើប្រាស់ជីសម្រាប់ដំណាំមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាជាភ្នាក់ងារមួយដែលជំរុញទៅដល់ការលូតលាស់ ការបង្កើនផលសម្រាប់រុក្ខជាតិ។ គេបានបែងចែកជីសម្រាប់ការប្រើប្រាស់ព្រោះជីនីមួយៗមានមុខងារខុសៗគ្នា ហើយវាផ្អែកទៅលើដំណាក់កាលនៃដំណាំ និងប្រភេទដំណាំផងដែរ។ ជីដែលកំពុងចរាចរណ៍ និងមានតម្រូវការសម្រាប់រុក្ខជាតិសព្វថ្ងៃនេះរួមមាន៖ ជីអ៊ុយរ៉េ ជីDAP ជីMAP ជីប៉ូតាស្យូមឬជីKCL ជីកែង ជីសរីរាង្គ និងជីអសរីរាង្គ។ ខាងក្រោមនេះគឺជាការបែងចែកប្រភេទជី ប្រភេទដំណាំ និងដំណាក់កាលនៃដំណាំនីមួយៗជាដើម។
ចំពោះបន្លែយកស្លឹកគេច្រើនតែប្រើជីណាដែលមានការរលាយលឿន និងពុំសូវប្រើប្រាស់ជីទ្រាប់បាតឡើយព្រោះបន្លែយកស្លឹកមួយចំនួនធំមានអាយុកាលខ្លី ហេតុនេះហើយជីទ្រាប់បាតភាគច្រើនជាជីដែលមិនងាយរលាយឬរលាយយូរ។ នៅពេលដែលជីមិនងាយរលាយវាបណ្ដាលឲ្យដីនៅសល់ជីឬសារធាតុមួយចំនួនដែលមាននៅក្នុងជីផងដែរ។ ជីដែលគេប្រើសម្រាប់បំប៉នទៅលើបន្លែស្លឹកជាជីដែលមានអាសូតខ្ពស់ព្រោះស្លឹករុក្ខជាតិត្រូវការអាសូតច្រើនសម្រាប់ការចេញពន្លកត្រួយ និងការលូតលាស់ថ្មីរបស់វា។ ជីដែលមានអាសូតខ្ពស់ដែលត្រូវបានគេស្គាល់សព្វថ្ងៃនេះគឺជាជីអ៊ុយរ៉េដែលកំពុងមានចរាចរណ៍នៅលើទីផ្សារប្រទេសយើងសព្វថ្ងៃវាមានអាសូតរហូតដល់46% ហើយគេអាចប្រើវាសម្រាប់បំប៉នក្នុងទម្រង់ជាម្សៅ ជាគ្រាប់ និងទឹកព្រោះវាជាជីរលាយលឿន។ រីឯប្រសិទ្ធិភាពដែលរុក្ខជាតិអាចប្រើប្រាស់បានរយៈពេល 1-2សប្ដាហ៍។
ដំណាំបន្លែយកផ្លែជាដំណាំមួយដែលមានអាយុកាលវែងវាត្រូវបានគេលើកទឹកចិត្ត នៅពេលដែលកសិកររៀបចំដីគួរតែដាក់ជីទ្រាប់បាតដូចជាជីសរីរាង្គ ជីកំប៉ុស្តិ៍ ជីDAP ជីKCL និងជីកែង។ សម្រាប់បន្លែប្រភេទនេះវាត្រូវការទាំងអាសូត និងប៉ូតាស្យូមខ្លាំងព្រោះដើម្បីលូតលាស់ស្លឹក ត្រួយ និងផ្លែផងដែរ។ នៅពេលបំប៉នគេគួរតែប្រើជីដែលមានភាគរយច្រើនសម្រាប់សមាសធាតុទាំងពីរនេះ។ រីឯដំណាក់កាលនៃការដាក់ជីវាអាស្រ័យទៅលើប្រភេទដី និងដំណាំ ប៉ុន្តែជាទូទៅការដាក់ជីសម្រាប់ដំណាំនេះគេដាក់នៅដំណាក់កាលទ្រាប់បាត(DAP KCL និងជីលាមកសត្វ) ដំណាក់កាលលូតលាស់(ត្រូវការជីណាដែលមានអាសូតខ្ពស់) និងដំណាក់កាលរៀបចេញផ្លា(បន្ថយអាសូតដំឡើងប៉ូតាស្យូម)។
ដំណាំយកមើមភាគច្រើនជាដំណាំដែលមានអាយុកាលខ្លីស្រដៀងទៅនឹងបន្លែដែរ។ សម្រាប់ដំណាំនេះ វាត្រូវការផូស្វ័រច្រើននៅដំណាក់កាលចាប់ផ្ដើមយកមើម ប៉ុន្តែវាក៏ត្រូវការអាសូត និងប៉ូតាស្យូមសម្រាប់លូតដូចគ្នា។ គេប្រើប្រាស់ជីសម្រាប់ទ្រាប់បាតតិច ប៉ុន្តែត្រូវដាក់ជីបំប៉នច្រើនព្រោះវាត្រូវការលូតលាស់មើម។ នៅពេលដែលដំណាំចាប់ផ្ដើមបង្កបង្កើនមើមគេត្រូវបន្ថយអាសូត និងប៉ូតាស្យូម ហើយតំឡើងផូស្វ័រ។
ឈើហូបផ្លែជាដំណាំដែលមានអាយុកាលវែង ហេតុនេះមុនពេលដាំគេគួរតែប្រើប្រាស់នូវជីទ្រាប់បាតជាមុនសិនដូចជាជីកំប៉ុស្ដិ៍ ជីDAP KCL និងជីលាមកសត្វ។ រីឯជីបំប៉នគេអាចប្រើប្រាស់នូវប្រភេទជីដែលមិនងាយរលាយ ច្រើនជាងជីងាយរលាយ ព្រោះវាអាចប្រើប្រាស់បានយូរ។ ម្យ៉ាងទៀតចំពោះជីបំប៉នគេអាចប្រើជីបានដោយផ្អែកទៅលើដំណាក់កាលនៃដំណាំ ព្រោះឈើហូបផ្លែជាដំណាំដែលមានដំណាក់កាលច្រើនវគ្គដូចជាវគ្គលូតលាស់ វគ្គបញ្ចេញត្រួយ វគ្គបញ្ចេញផ្កា វគ្គផ្លែជាដើម។ ដូចនេះហើយវគ្គនីមួយៗសុទ្ធតែមានតម្រូវការសារធាតុចិញ្ចឹមខុសៗគ្នា។ វគ្គលូតលាស់ និងត្រួយជាពេលដែលរុក្ខជាតិត្រូវការអាសូតច្រើនជាងគេ ហើយវគ្គបញ្ចេញផ្កា និងផ្លែជាវគ្គដែលរុក្ខជាតិត្រូវការប៉ូតាស្យូមខ្ពស់។
#ចំណាំ៖ សម្រាប់បរិមាណនៃការដាក់ជី និងចំនួនដងនៃការដាក់ជីវាអាស្រ័យទៅលើប្រភេទដំណាំ លក្ខខណ្ឌដី និងដង់សុីតេរុក្ខជាតិ។
ឯកសារយោង