នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីដាក់ឲ្យប្រើប្រាស់ «សួនបច្ចេកវិទ្យាកសិកម្ម» នៃមជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (ស៊ីសេន) ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
យើងឃើញថានៅក្នុងកម្មវិធីនេះក៏មានវត្តមានរបស់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាកសិករ សរុបចំនួនប្រមាណ ១៥០នាក់មកចូលរួមយ៉ាងកុះករ ។
ឯកឧត្តម ថង សាវុធ បានជម្រាបឲ្យដឹងថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់«សួនបច្ចេកវិទ្យាកសិកម្ម» ជាផ្លូវការនេះគឺមានសារៈសំខាន់និងគោលបំណងច្រើនដូចជា៖
គោលបំណងទី១៖ គំរោងរបស់មជ្ឈមណ្ឌលឧត្តមភាពស៊ីសេនង្កើតឡើងតាំងពីឆ្នាំ២០១៦ដើម្បីផ្តល់នូវវឌ្ឍនភាពនិងបច្ចុប្បន្នភាពនៃសួនបច្ចេកវិទ្យាកសិកម្ម និងសួនបច្ចេកវិទ្យា កសិកម្មខ្នាតតូច។
គោលបំណងទី២៖ ការប្រកាសបើកសម្ពោធជាផ្លូវការរបស់បច្ចេកវិទ្យាកសិកម្មក្នុងខេត្តមណ្ឌលគិរីនេះគឺគោលបំណងបម្រើតួនាទីជាវេទិកាសម្រាប់ដាក់បង្ហាញនូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាកសិកម្ម ដែលមានសក្តានុពលខ្ពស់ ដើម្បីធ្វើប្រពលវប្បកម្មប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព។
បញ្ជាក់៖ គោលបំណងសំខាន់ក្នុងការបង្កើតសួនបច្ចេកវិទ្យាកសិកម្មឡើងនេះគឺសម្រាប់ផ្តល់ឱកាសឱ្យកសិករបានរៀនសូត្រនិងយល់ដឹងពីតួអង្គពាក់ព័ន្ធ ជាទីតាំងសម្រាប់ការស្រាវជ្រាវ, ក៏ជាថ្នាលសម្រាប់កម្មវិធីហាត់កសិកម្មដល់និស្សិតនិងកសិករ ជាកម្មវិធីសហការអនុវត្តសកម្មភាពជាមួយដៃគូ និងជាវេទិកាភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជន។
សួនបច្ចេកវិទ្យាកសិកម្មនេះមានទីតាំងនៅក្នុងទីធ្លាមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទរបស់ខេត្តមណ្ឌលគិរីដែលទើបតែចាប់ផ្តើមរៀបចំឡើងនៅមួយរយៈពេលក្រោយនេះ ដែលកំពុងស្ថិតនៅស្ថានភាពការរៀបចំនិងកែលម្អនៅឡើយទេ។ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទរបស់ខេត្តមណ្ឌលគិរីព្យាយាមរៀបចំ ដើម្បីក្លាយជាទីតាំងសួនបច្ចេកវិទ្យាកសិកម្មនេះឱ្យមានសោភោណភាពមើលទៅស្រស់ស្អាត់ សម្រាប់បម្រើជាផលប្រយោជន៍ ដល់ការអភិវឌ្ឍវិស័យកសិកម្ម នៅប្រទេសកម្ពុជា៕