ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ជំងឺដែលតែងតែកើតឡើងលើបន្លែនារដូវវស្សា

បន្លែគឺជារុក្ខជាតិចាំបាច់ដើម្បីផលិតជាអាហារប្រចាំថ្ងៃរបស់មនុស្ស ហើយនៅក្នុងបន្លែមានសារធាតុចិញ្ចឹមជាច្រើនដែលមនុស្សគ្រប់រូបត្រូវការ។ ទន្ទឹមនឹងនេះទីផ្សារបន្លែក៏មានការឡើងចុះទៅតាមរដូវកាល ទោះជាមានតម្រូវការប្រចាំថ្ងៃក៏ដោយ ជាពិសេសនៅរដូវវស្សាបន្លែស្ទើរតែគ្រប់ប្រភេទបានកើនឡើងនូវតម្លៃ។ បញ្ហាទាំងអស់នេះបណ្ដាលមកពីរដូវវស្សាជារដូវមួយដែលរារាំងទៅដល់ការដាំដុះ ដូចជាទឹកជំនន់ ដីជាំទឹក សត្វល្អិត និងជំងឺជាដើម។ ចំណែកឯជំងឺ នារដូវវស្សាភាគច្រើនជាជំងឺដែលបង្កឡើងដោយផ្សិត និងបាក់តេរី ដែលជំងឺទាំងនោះរួមមាន៖

ជំងឺម្សៅផ្សិត(Powdery mildew)

ជាជំងឺផ្សិតដែលបានបង្កឡើងជាចំណុចម្សៅៗនៅលើដើម ស្លឹក និងផ្ការបស់រុក្ខជាតិ។ វាតែងតែកើតឡើងជាញឹកញ៉ាប់លើដំណាំ ត្រសក់, ល្ពៅ, ឪឡឹក, ឃ្លោក, ត្រឡាច, ត្រសក់ផ្អែម និងម្រះជាដើម។ ចំពោះការគ្រប់គ្រងដោយប្រើថ្នាំគីមីវិញរួមមាន៖

  • Azoxystrobin
  • Myclobutanil
  • Pyraclostrobin

ជំងឺអុជលឿង(Downy mildew)

ជាជំងឺដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺផ្សិត វាតែងតែបំផ្លាញទៅលើស្លឹកនៃរុក្ខជាតិ។ រោគសញ្ញានៃជំងឺនេះកើតឡើងដំបូងពណ៌លឿងអុជៗបន្ទាប់មកប្រែទៅជាលឿងស្លេក ឬលឿងអុជពេញផ្ទៃស្លឹក។ រីឯការលូតលាស់របស់រុក្ខជាតិនៅពេលកើតជំងឺនេះវាមានសភាពក្រិន និងងាប់ស្លឹក។ ជំងឺផ្សិតនេះបង្កលើដំណាំមួយចំនួនដូចជា ស្ពៃ, សាឡាត់, ត្រសក់។

សម្រាប់ការគ្រប់គ្រងដោយថ្នាំគីមីរួមមាន៖

  • Copper hydroxide
  • Mancozed
  • Chlorothalonil

ជំងឺចំណុចស្លឹក(Bacterial leaf spot)

ជាជំងឺដែលបង្កឡើងដោយបាក់តេរីនៅក្នុងស្រឡាយ Xanthomonas Pseudomonas និង Acidovorax។ ជំងឺនេះមានរោគសញ្ញាដូចជា កើតនៅចំណុចត្នោត ឬខ្មៅឬប្រផេះនៅកណ្ដាលហើយមានពណ៌លឿងជុំវិញ។ នៅពេលដែលមានការបង្កខ្លាំងដំបៅទាំងនោះរីកហើយរួមបញ្ចូលគ្នា បណ្ដាលឲ្យងាប់ស្លឹកទាំងមូល។ ជំងឺប្រភេទនេះបង្កឡើងចំពោះដំណាំ ប៉េងប៉ោះ, ម្ទេស, ត្រសក់, និងបន្លែដទៃទៀត។ ចំណែកឯការគ្រប់គ្រងដោយប្រើប្រាស់ថ្នាំគីមីរួមមាន៖

  • Copper Oxycloride
  • Cymoxanil
  • Famoxadone

#ចំណាំ៖ រាល់ធាតុសកម្មគីមីមុននឹងប្រើប្រាស់ត្រូវអានការណែនាំនៅលើកញ្ចប់ថ្នាំជាមុនសិនជៀសវាងការប្រើប្រាស់ដោយគ្មានប្រសិទ្ធិភាព។

ឯកសារយោង

Writer