កាកាវគឺជាដំណាំមួយប្រភេទដែលមានតម្រូវការខ្លាំងនៅក្នុងពិភពលោកព្រោះវាជារុក្ខជាតិដែលគេអាចយកគ្រាប់ដើម្បីកែច្នៃទៅជាសូកូឡា ភេជ្ជៈ និងអាហារផ្សេងៗទៀត។ នៅក្នុងប្រទេសកម្ពុជាយើងមានខេត្តមួយចំនួននៅខាងតំបន់ភូមិភាគឦសាន្តបានដាំដុះនូវដំណាំមួយប្រភេទនេះ និងបាននាំចេញទៅក្រៅប្រទេសផងដែរ។ ខាងក្រោមនេះគឺជាបច្ចេកទេសមួយចំនួនក្នុងការដាំដុះនូវដំណាំកាកាវ និងប្រភេទផលិតផលដែលបានកែច្នៃចេញពីកាកាវ។
កាកាវជារុក្ខជាតិដែលស្ថិតនៅក្នុងគ្រួសារ Malvaceae និងមានឈ្មោះវិទ្យាសាស្ត្រ Theobroma cacao។ វាអាចផ្តល់ផលរយៈពេល ១២-១៤ខែក្រោយដាំ និងចាប់ផ្ដើមប្រមូលផលនៅអាយុ ១៨ខែ ព្រមទាំងមានអាយុកាល ៣០ឆ្នាំ។ កាកាវអាចផ្តល់ផល ៣ទៅ៤តោនក្នុងមួយហិកតា និងឲ្យផលខ្ពស់បំផុតចាប់ផ្តើមពីឆ្នាំទី ៥ឡើង។
គេអាចរៀបចំដីសម្រាប់ដាំកាកាវដោយបែងចែកចន្លោះគុម្ពប្រវែង ៣x៣mសម្រាប់ដីដែលមានជីវជាតិល្អ រីឯដីមិនសូវមានជីវជាតិគេអាចដាក់ដង់សុីតេចន្លោះ ៣x២.៥m។ ដោយជីករណ្ដៅក្នុងទំហំ ៥០x៥០x៥០cm ពេលជីករណ្ដៅត្រូវទុកដីស្រទាប់លើ និងហាលដីចោលរយៈពេល ២សប្ដាហ៍មុនដាំ។ មុនពេលដាំ ២ទៅ៣ថ្ងៃ គេអាចដាក់ជីទ្រាប់បាតនៅក្នុងរណ្ដៅចោល រួមមានជីលាមកសត្វឬជីកំប៉ុស្តិ៍ចន្លោះ ១០-១៥kgក្នុងមួយរណ្ដៅ។ រួចដាក់ជីផូស្វ័រ ០.៥kg និងបាចម្សៅកំបោរប្រសិនបើដីជាដីអាល់កាឡាំង។ នៅរយៈពេល ១៥ថ្ងៃក្រោយហាលដីគេត្រូវយកកូនទៅដាំដោយយកកាំបិតមុតស្រួចក្នុងការកាត់ថង់បណ្ដុះ ដែលកាត់ខាងបាតមុនដើម្បីកុំឲ្យវាបែកដីកំណើត។ បន្ទាប់មកដាក់កូនចូលរណ្ដៅយកដីស្រទាប់លើលុបរណ្ដៅឲ្យពេញ ដោយមិនត្រូវឲ្យរណ្ដៅអាចនៅសល់ទឹកដក់ឡើយព្រោះកាកាវជារុក្ខជាតិដែលមិនធន់ទ្រាំនឹងដីលិចឬជាំទឹកយូរឡើយ។
អាយុ(ខែ) | N(kg/ឆ្នាំ) | P2O5(kg/ឆ្នាំ) | K2O(kg/ឆ្នាំ) |
៥-១២ | ២.៥ | ១.៤ | ៣០ |
២៨ | ១៤០ | ៣៣ | ១៨៨ |
៣៩ឡើង | ២១៩ | ៥៤ | ៤០០ |
ឯកសារយោង