ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ការជ្រើសរើសប្រភេទថ្នាំជំងឺរុក្ខជាតិឲ្យមានប្រសិទ្ធិភាពខ្ពស់

រុក្ខជាតិតែងតែកើតជំងឺផ្សេងៗទៅតាមអាយុ រដូវកាល ហើយជំងឺទាំងនោះបានកើតឡើងដោយសារតែភ្នាក់ងារបង្កជំងឺដូចជា ផ្សិត បាក់តេរី និងវីរុស។ រីឯការព្យាបាល និងកំចាត់ពពួកជំងឺទាំងអស់នេះមានវិធីសាស្ត្រដាច់ដោយឡែកពីគ្នា ដែលវិធីសាស្ត្រទាំងនោះរួមមាន ការប្រើប្រាស់ថ្នាំប្រភេទប៉ះផ្ទាល់(Contact), ថ្នាំជ្រៀបចូលកោសិការុក្ខជាតិ(Systemic) និងថ្នាំមិនជ្រៀបតាមកោសិកា(Non-systemic)។

ប្រភេទប៉ះផ្ទាល់(Contact)

ជាប្រភេទថ្នាំដែលគេប្រើប្រាស់សម្រាប់ការបាញ់ក្រៅកោសិការុក្ខជាតិដោយបាញ់តែពីលើផ្ទៃ ស្លឹក ដើម និងស្រោចនៅលើឫស។ ថ្នាំប្រភេទនេះមានប្រសិទ្ធិភាពភ្លាមៗ នៅពេលដែលបាញ់ទៅលើផ្នែកណាមួយនៃរុក្ខជាតិ។ ថ្នាំប្រភេទContact បង្កើតជារណាំងការពាររុក្ខជាតិដោយបង្អាក់ការលូតលាស់របស់បាក់តេរីឬផ្សិត។ ម្យ៉ាងទៀតថ្នាំគីមីនេះពុំសូវរក្សាបានយូរឡើយវានឹងត្រូវហួតចេញពីរុក្ខជាតិ ជាពិសេសនៅពេលភ្លៀង និងស្រោចទឹក ដូច្នេះហើយគេត្រូវបាញ់វាជាញឹកញ៉ាប់។ សាកសមសម្រាប់ជំងឺបង្កឡើងពី៖

  • ផ្សិត
  • បាក់តេរី
  • និងបណ្ដេញសត្វល្អិត

ប្រភេទថ្នាំជ្រៀបចូលកោសិកា(Systemic)

Systemic ជាថ្នាំគីមីដែលប្រើសម្រាប់ជ្រាបចូលទៅក្នុងកោសិការុក្ខជាតិ ហើយវាមានប្រសិទ្ធិភាពខ្លាំងចំពោះប្រភេទជំងឺដែលកើតឡើងលើជាលិការុក្ខជាតិទាំងឫស ស្លឹក ដើម មែក។ ថ្នាំប្រភេទនេះគេប្រើដោយបាញ់លើរុក្ខជាតិ ឬស្រោចលើឫសដើម្បីឲ្យវាស្រូបយកធាតុសកម្មទាំងនោះចូលទៅក្នុងកោសិការុក្ខជាតិតាមដំណើរសុីឡែម និងប្លូរអែម។ ដោយឡែកការប្រើប្រាស់ថ្នាំប្រភេទSystemic វាអាចបញ្ចេញនូវប្រសិទ្ធិភាពយឺតព្រោះធាតុសកម្មគីមីអាចចូលទៅក្នុងរុក្ខជាតិប្រើរយៈពេលយូរតាមដំណើរធម្មជាតិរបស់រុក្ខជាតិ។ ថ្នាំនេះមានប្រសិទ្ធិភាពខ្លាំងលើជំងឺបង្កឡើងដោយ វីរុស និងមានប្រសិទ្ធិភាព 50%ទៅលើបាក់តេរី ផ្សិត និងសត្វល្អិតដែលរស់នៅខាងក្នុងរុក្ខជាតិវាអាចបណ្ដាលឲ្យស្លាប់នៅពេលដែលពួកវាសុីរុក្ខជាតិ។

ថ្នាំមិនជ្រៀបចូលកោសិកា(Non-systemic)

ជាប្រភេទថ្នាំដែលមានមុខងារស្រដៀងទៅនឹង Contactដែរ ព្រោះថ្នាំប្រភេទនេះមិនជ្រាបចូលកោសិការុក្ខជាតិឡើយ។ វាមានប្រសិទ្ធិភាពតែនៅលើផ្ទៃរបស់រុក្ខជាតិ និងព្យាបាលទៅលើផ្នែកដែលមានការលូតលាស់នៃបាក់តេរី និងផ្សិត។ ថ្នាំនេះបានបញ្ចេញធាតុសកម្មរបស់វាដើម្បីរារាំងភ្នាក់ងារបង្កជំងឺ និងសត្វល្អិតដែលបានប៉ះលើផ្ទៃរបស់រុក្ខជាតិ។ វាសាកសមសម្រាប់ ជំងឺផ្សិត និងបាក់តេរី។

#ចំណាំ៖ដូច្នេះហើយមុននឹងទិញថ្នាំដើម្បីកំចាត់ជំងឺយើងគួរតែមើលទៅលើការបំផ្លាញរបស់ជំងឺជាមុនសិនវាវិវដ្តិដល់ដំណាក់កាលណា(ចេញរោកគសញ្ញា ងាប់ផ្នែកកើតជំងឺ ជាជំងឺបង្កឡើងដោយភ្នាក់ងារមួយណា…)។

ឯកសារយោង

Writer