ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

បច្ចេកទេសគ្រប់គ្រងជំងឺAnthracnoseលើដំណាំ

Anthracnose គឺជាជំងឺផ្សិតដែលប៉ះពាល់ដល់រុក្ខជាតិជាច្រើនប្រភេទ រួមទាំងដំណាំឈើហូបផ្លែ និងដំណាំបន្លែ។ ជាទូទៅមេរោគ Anthracnose បណ្តាលឲ្យមានស្នាមអុជខ្មៅ លើស្លឹក ដើម ផ្លែ និងផ្នែកផ្សេងៗនៃរុក្ខជាតិ។ ដំបៅទាំងនេះអាចតូច ឬធំ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ។ ក្នុងករណីធ្ងន់ធ្ងរ ដំបៅអាចបណ្ដាលឲ្យផ្នែកនៃរុក្ខជាតិដែលរងផលប៉ះ ពាល់ក្រៀមស្វិត និងស្លាប់។ ជំងឺនេះបង្កឡើងដោយផ្សិត Colletotrichum ហើយវារីករាលដាលបានល្អនៅពេលដែលមានអាកាសធាតុត្រជាក់ហើយសើម។

ប្រភេទរុក្ខជាតិដែលអាចកើតជំងឺ

  • ស្វាយ
  • ដំណាំមានដៃតោង(ម្រះ ល្ពៅ ត្រសក់…)
  • ម្ទេស
  • ប៉េងប៉ោះ
  • ចេក
  • ប្រទាលកន្ទុយក្រពើ
  • ក្រូច
  • ឪឡឹក
  • ប័រ
  • ត្រាប់
  • សណ្ដែក
  • ត្របែក
  • ដើមខ្ទឹម។ល។

រោគសញ្ញានៃជំងឺ

ជាទូទៅជំងឺប្រភេទនេះតែងបង្កនូវរោគសញ្ញាមួយចំនួនដែលអាចឲ្យយើងកត់ចំណាំឬសម្គាល់បាន។ នៅពេលវាជួបនូវលក្ខខណ្ឌអំណោយផល រោគសញ្ញាលេចឡើងនៅលើផ្លែ ដែលលេចចេញជាដំបៅរាងជា រង្វង់ ឬជ្រុង បន្ទាប់មកនៅពេលវាធ្ងន់ធ្ងរធ្វើឲ្យផ្លែឈើរលួយផ្លែទាំងមូល។ រីឯលក្ខណៈនៃដំបៅមានពណ៌ជាចំណុចខ្មៅនៅក្នុងរង្វង់ទីតាំងកើតជំងឺ។ ដំបូង ដុំពកពណ៌ទឹកក្រូចប្រែទៅជាពណ៌ផ្កាឈូក អាចមើលឃើញនៅលើផ្ទៃផ្លែ។ រីឯ រោគសញ្ញានៅលើដើម និងស្លឹកលេចឡើងជាចំណុចពណ៌ត្នោតតូចៗដែលលិចដោយពណ៌ប្រផេះជាមួយនឹងគែម ខ្មៅងងឹត។

វិធានការការពារតាមធម្មជាតិ

  • ប្រើគ្រាប់ពូជដែលមានគុណភាពល្អ
  • ប្រើប្រាស់នូវប្រព័ន្ធធារាសាស្ត្រដែលមានប្រភពច្បាស់លាស់
  • សម្អាតកាកសំណល់នៅលើដីចាស់ឲ្យបានស្អាត
  • សម្អាតសម្ភារៈប្រើប្រាស់ឲ្យបានល្អ
  • ដំណាំឆ្លាស់

វិធានការគ្រប់គ្រងជំងឺ

គេអាចប្រើប្រាស់ថ្នាំគីមីដែលមានធាតុសកម្មដូចជា៖ Copper Oxychloride, Difenoconazole និង Carbendazim។ គេអាចប្រើប្រភេទថ្នាំនីមួយៗមុនពេលកើតជំងឺ និងក្រោយពេលកើតជំងឺ។

  • របៀបប្រើ៖ កម្រិតធាតុសកម្មក្នុងបរិមាណ ២ក្រាមក្នុង ១លីត្រទឹក ហើយប្រើ ២ដងសម្រាប់រយៈពេល ២០ថ្ងៃ។(ម្យ៉ាងទៀតគេអាចប្រើប្រាស់តាមការណែនាំលើកញ្ចប់ថ្នាំផងដែរ)

ឯកសារយោង

Writer