ជាទូទៅការបន្សុទ្ធពូជគឺជាការជម្រើសនូវប្រភេទពូជណាមួយដែលគេចង់បាន ហើយមានដំណើរការផ្សេងៗគ្នាទៅតាមលក្ខខណ្ឌនៃការបន្សុទ្ធសម្រាប់ពូជស្រូវនីមួយៗ។ ខាងក្រោមនេះគឺជាការបន្សុទ្ធពូជស្រូវស្របតាមបច្ចេកទេសនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។
ជាទូទៅទីតាំងឬស្រែដែលធ្វើការបន្សុទ្ធពូជត្រូវតែជាស្រែដែលស្ថិតនៅឆ្ងាយពីស្រែដែលមានពូជខុសគ្នាជៀសវាងមានការលាយពូជក្នុងស្រែបន្សុទ្ធពូជ។ ម្យ៉ាងទៀតដីស្រែត្រូវធ្វើការសម្អាតស្មៅ និងស្រូវឬកូនស្រូវចាស់ឲ្យអស់ពីស្រែ ដោយធ្វើការភ្ជួរវាជាច្រើនលើកច្រើនសារ យ៉ាងហោច ៧-១៥ថ្ងៃ និងធ្វើឲ្យដីរាបស្មើផងដែរ។
ជាដំបូងរាល់សម្ភារៈឬឧបករណ៍ដែលត្រូវយកមកប្រើប្រាស់នៅក្នុងការបន្សុទ្ធពូជ គេត្រូវលាងសម្អាតវាជាមុនសិនជៀសវាងការជាប់នូវពូជដទៃដែលនៅសល់លើសម្ភារៈប្រើប្រាស់។ ចំពោះដំណើរការដាំគេត្រូវយកគ្រាប់ពូជទៅសាបជាថ្នាលលាតឬជាជួរក្នុងទំហំ ០.៥-១ហ.ត ដែលប្រើបរិមាណគ្រាប់ពូជចំនួន ២៥- ៣០ kg ។ បន្ទាប់មកត្រូវស្ទូងស្រូវដោយដៃមិនត្រូវប្រើឧបករណ៍ឬម៉ាសុីនស្ទូងឡើយ ហើយស្ទូង ១ដើម/គុម្ព។
នៅពេលដែលស្រូវចាប់ផ្ដើមលូតលាស់គេត្រូវសង្កេតមើលដើមណាដែលខុសគេហើយដកដើមនោះចោល។ ម្យ៉ាងទៀតនៅដំណាក់កាលចេញកួរ ក៏ជាពេលវេលាបន្សុទ្ធដ៏ល្អមួយ ព្រោះរយៈពេលស្រូវចេញកួរគេអាចកំណត់បានថាស្រូវណាមានអាយុកាលខ្លី និងវែង។ ចំពោះការបន្សុទ្ធជាទូទៅគេត្រូវសង្កេតស្រូវរ៉ាប់ចាប់តាំងពីដាំរហូតដល់ប្រមូលផលមិនមែន ជម្រើសពូជស្រូវដើម្បីទុកពូជនៅពេលដែលស្រូវទុំហើយជ្រើសរើសជ្រុងណាមួយនៃស្រែដែលមានការលូតលាស់ស្រូវល្អជាងគេឡើយ។ ការសង្កេតនៃការបន្សុទ្ធរួមមាន៖ លក្ខណៈនៃកម្ពស់, ពណ៌(ដើម ស្លឹក ផ្កា), កំណកំណើតកួរឬថ្ងៃចេញផ្កា, ទំហំស្លឹក និងគ្រាប់, លក្ខណៈកន្ទុយស្រូវ…។
ចំពោះវិធីសាស្ត្រនៃការប្រមូលផលគេត្រូវប្រមូលផលស្រូវដោយដៃ រួមទាំងដំណើរការនៃការច្រូត បោកបែនជាដើម។ រីឯការស្តុកទុកត្រូវទុកដោយឡែកពីទីតាំងដែលស្តុកស្រូវសម្រាប់បរិភោគ និងស្រូវពូជ ជៀសវាងការលាយឡំគ្នា។ ហើយទុកនៅទីតាំងណាដែលមានសុវត្ថិភាពដោយគ្មានសត្វល្អិតឬសត្វដទៃពាំនាំនូវគ្រាប់ពូជទៅទីតាំងដទៃឡើយ។
ឯកសារយោង