ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

កម្ពុជាកំពុងគ្រោងផែនការបើករាជបណ្ឌិតសភាកម្ពុជាផ្នែកកសិកម្មនាពេលខាងមុខនេះ 

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) គ្រោងនឹងពង្រីកខ្លួនទៅជារាជបណ្ឌិតសភាកម្ពុជាដើម្បីបង្កើនប្រសិទ្ធភាពនៃវិស័យកសិកម្មនៅកម្ពុជា។ ក្នុងឱកាសដែលឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះទៅពិនិត្យការងារនិងសំណេះសំណាលជាមួយ CARDI ផ្ទាល់កាលពីលើកមុនឯកឧត្តមបានស្នើលើកទឹកចិត្តឱ្យ CARDI ត្រូវបន្តស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យកសិកម្មឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ជាពិសេសទាក់ទងនឹងពូជស្រូវ។ ឯកឧត្តមទីណាបានបន្ថែមថា “យើងជំរុញឱ្យ CARDI ពិចារណាផងដែរអំពីប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពរបស់ខ្លួន ដើម្បីស្វែងរកដៃគូរសហការបន្ថែមទៀតជាមួយក្រុមហ៊ុនធំផ្សេងៗ ” ។ ឯកឧត្តមទីណា ក៏បានជំរុញឱ្យ CARDI គ្រប់គ្រងផលិតកម្មគ្រាប់ពូជទាំងអស់ ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រពូជស្រូវ និងពង្រីកក្លាយជារាជបណ្ឌិត្យសភាកសិកម្មនាពេលអនាគត។

អ្នកនាំពាក្យក្រសួងលោកស្រី អ៊ឹម រចនា បានថ្លែងថាគោលដៅរបស់ក្រសួងគឺជំរុញលើកទឹកចិត្តឱ្យ CARDI ក្លាយជារាជបណ្ឌិត្យសភាកសិកម្មដែលមានរចនាសម្ព័ន្ធ និងមានស្ដង់ដារ។ យើងដឹងថា CARDI គឺជាវិទ្យាស្ថានមួយដែលផ្តោតលើការស្រាវជ្រាវ និងផលិតដំណាំផ្សេងៗ ហើយនៅពេលអនាគតនឹងពង្រីកខ្លួនក្លាយទៅជារាជបណ្ឌិត្យសភាកសិកម្ម។ យើងសង្ឃឹមថាពេលនោះកម្ពុជានឹងមានពោរពេញដោយអ្នកជំនាញនិងមានចំណេះដឹងកម្រិតខ្ពស់ដែលអាចផ្តល់បង្រៀនបច្ចេកទេសទាក់ទងនឹងកសិកម្មនិងជួយណែនាំដល់កសិករយើងបាន។ លោកស្រីបន្តទៀតថា ការប្រែក្លាយវិទ្យាស្ថានទៅជារាជបណ្ឌិត្យសភាកសិកម្មនៅតែស្ថិតក្នុងដំណាក់កាលគ្រោងផែនការនៅឡើយទេ។ លោកស្រីបាននិយាយថា មូលហេតុដែលក្រសួងជ្រើសរើស CARDI ក្នុងការពង្រីកចូលទៅក្នុងរាជបណ្ឌិត្យសភាកសិកម្មដោយសារតែវិទ្យាស្ថានមានសក្តានុពលជាពិសេសលើការងារអភិវឌ្ឍន៍ ក៏ដូចជាការផលិតដំណាំផ្សេងៗសម្រាប់កសិករ។

នាយកអង្គការ CARDI លោក ឡោ ប៊ុណ្ណា មានប្រសាសន៍ថា ការបង្កើតបណ្ឌិត្យសភាកសិកម្មនេះគឺជារឿងល្អសម្រាប់កម្ពុជាក្នុងការប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញកសិកម្មដែលធ្វើការលើវិស័យផ្សេងៗគ្នាមកផ្ដុំគំនិតធ្វើការជាមួយគ្នា ជាពិសេសការស្រាវជ្រាវលើវិស័យកសិកម្មដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើន។ “បណ្ឌិត្យសភាកសិកម្ម នឹងជួយវិស័យក្នុងប្រទេសកម្ពុជាបានច្រើន។ ប្រសិនបើយើងមើលទៅប្រទេសជិតខាងរបស់យើង ពួកគេជឿនលឿនជាងយើងច្រើនជំហានទៅហើយព្រោះពួកគេមានសាលារៀននិងស្ថាប័នស្រាវជ្រាវធំៗច្រើន។ មកមើលកម្ពុជាយើងវិញឥឡូវនេះ យើងមានតែវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ដើម្បីសិក្សាអំពីដំណាំស្រូវ និងដំណាំមួយចំនួនទៀតតូចប៉ុណ្ណោះដូច្នេះមានន័យថាយើងខ្វះខាតច្រើន។

លោក ហេង គឹមហុង ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិកម្ពុជាបានមានប្រសាសន៍ថា មិនថាតាមរយៈស្ថាប័ន ឬបណ្ឌិត្យសភាកសិកម្មទេ ក្រសួងត្រូវតែផ្តោតលើគុណភាពនៃការបណ្តុះបណ្តាលអ្នកជំនាញនិងស្រាវជ្រាវជាមុនសិន។ លោកបានបន្ថែមថាអ្វីដែលសំខាន់ឥឡូវនេះគឺក្រសួងគួរតែរៀបចំផែនការពង្រឹងការបណ្តុះបណ្តាលអ្នកជំនាន់ក្រោយ ពង្រឹងសមត្ថភាពសាស្ត្រាចារ្យ និងធានាការបណ្តុះបណ្តាលប្រកបដោយគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃវិស័យកសិកម្មនៅកម្ពុជាយើង

Writer