ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

មកយល់ដឹងពីរបៀបប្រើប្រាស់ និងប្រភេទនៃអ័រម៉ូនសំខាន់ៗសម្រាប់រុក្ខជាតិ

ជាទូទៅអ័រម៉ូនមានតួនាទីផ្សេងៗគ្នាទៅតាមប្រភេទនីមួយៗ ហើយមុខងារទាំងនោះរួមមាន ជំរុញទៅដល់ការលូតលាស់នៃឫស ការបញ្ចេញផ្កា បញ្ចេញត្រួយ ការលូតលាស់ដើម និងមុខងារដទៃទៀត។ នៅក្នុងអត្ថបទនេះ នឹងលើបង្ហាញអំពីអ័រម៉ូន ៥ប្រភេទសំខាន់ៗសម្រាប់ដំណាំដែលអ័រម៉ូនទាំងនោះរួមមាន អ័រម៉ូនអុកសុីន អ័រម៉ូនសុីតូគីនីន អ័រម៉ូនជីបបេរីលីន អ័រម៉ូនអេទីឡែន និងអាសុីតអាប់សុីសុីច។

អ័រម៉ូនអុកសុីន(Auxin)

  • ការពារការជ្រុះស្លឹក ឬផ្លែ៖ ជាទូទៅគេប្រើប្រាស់auxinដើម្បីការពារការជ្រុះក្ដិប ផ្លែទុំ និងស្លឹករបស់រុក្ខជាតិព្រោះវាបានជួយពន្យាអាយុនៃការលូតលាស់របស់រុក្ខជាតិផងដែរ។ ជាក់ស្ដែងគេតែងប្រើអុកសុីនក្នុងទម្រង់ a-NAA(10-20ppm) ឬ 2,4D(5-10ppm) ដោយគេអាចបាញ់អុកសុីននៅលើស្លឹក ផ្លែ និងក្ដិបខ្ចីជាដើម។
  • កំចាត់ស្មៅ៖ គេប្រើប្រាស់អុកសុីនដើម្បីជំរុញទៅដល់ការកំចាត់ស្មៅចង្រៃដោយប្រើវាក្នុងកម្រិតខ្ពស់ដើម្បីបង្កើនការលូតលាស់របស់ស្មៅលឿនទ្វេរដង។ ភាគច្រើនគេប្រើប្រភេទអុកសុីន 2,4D ឬ 2,4,5T។
  • ការលូតលាស់ឫស៖ អុកស៊ីនដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ និងការលូតលាស់របស់ឫស ដោយជំរុញការពន្លូតកោសិកា និងចុងឫស ហើយវាបង្អាក់ការលូតលាស់នៃត្រួយ។

អ័រម៉ូនសុីតូគីនីន(Cytokinin)

  • បង្កើនការលូតលាស់នៃត្រួយ៖ វាបានជួយជំរុញទៅដល់ការលូតលាស់នៃត្រួយ និងពន្យារភាពចាស់នៃស្លឹកដោយជំរុញការបែងចែកកោសិកា និងការសំយោគក្លរ៉ូភីលស្លឹក។
  • របៀបប្រើប្រាស់ដោយបាញ់ម្តងក្នុងកំហាប់ 10mg/L កំឡុងពេលលូតលាស់ក្រោយដាំ បន្ទាប់ពី 7-10 ថ្ងៃ បាញ់ម្តង សរុបមក 2 3 ដងក្នុងមួយវដ្តនៃដំណាក់កាលកំពុងលូតលាស់ស្លឹក។

អ័រម៉ូនជីបបេរីលីន(Gibbereline)

  • បំបែកដំណេកគ្រាប់៖ អ័រម៉ូនប្រភេទនេះមានតួនាទីក្នុងការបំបែកដំណេកនៃគ្រាប់ពូជដោយគេត្រូវត្រាំគ្រាប់នៅក្នុងអ័រម៉ូនក្នុងកម្រិតមួយទៅតាមប្រភេទនៃគ្រាប់ដែលភាគច្រើនគេប្រើបរិមាណ ២០០-៣០០mg/L ។ មានន័យថាគេប្រើ២០០-៣០០មីលីក្រាមសម្រាប់ទឹក១លីត្រ ក្នុងរយៈពេល ១២-២៤ម៉ោង ហើយវាសាកសមបំផុតសម្រាប់គ្រាប់ធញ្ញជាតិណាមានសំបកក្រាស់ៗមិនងាយចេញពន្លក។ ប៉ុន្តែសម្រាប់គ្រាប់ដែលមានសំបកស្ដើងដូចជាសណ្ដែកគេអាចប្រើក្នុងកំហាប់ ៣.៥mg/L។
  • កាត់បន្ថយជ្រុះនៃផ្កា៖ ជីបបេរីលីនជួយទៅដល់ផ្កាក្នុងការកាត់បន្ថយការជ្រុះនៃផ្កា បានន័យថាបាញ់អ័រម៉ូននេះដើម្បីឲ្យរុក្ខជាតិកាន់ផ្កា ហើយជាទូទៅគេប្រើវាក្នុងកម្រិតប្រហែល ២៥-៣៥mg/L។(មានន័យថាគេប្រើជីបបេរីលីន ២៥-៣៥មីលីក្រាម សម្រាប់ទឹក ១លីត្រ)។ ហើយខាងក្រោមនេះជាប្រភេទនៃការប្រើប្រាស់លើដំណាំមួយចំនួន៖ ប៉េងប៉ោះ ៣០-៣៥mg/L បាញ់នៅដំណាក់កាលចេញផ្កាលើកដំបូង, ក្រូចឆ្មា ៥០mg/L ប្រើនៅដំណាក់កាលមុនចេញផ្កាឬក្រោយផ្កាចេញផ្លែ ប៉ុន្តែដើម្បីបង្កើនប្រសិទ្ធិភាពគេអាចបន្ថែមអ៊ុយរ៉េ ០.២% ផូស្វ័រ ០.២% ប៉ូតាស្យូម០.២% រួចស្រោចទឹក។

អ័រម៉ូនអេទីឡែន(Ethylene)

អេទីឡែនមានតួនាទីចម្បងក្នុងការជំរុញឲ្យផ្លែឈើឆាប់ទុំ ជំរុញឲ្យផ្លែ និងស្លឹកឆាប់ជ្រុះពីលើដើម និងធ្វើឲ្យផ្កាឆាប់ស្រពោន។

  • វិធីសាស្ត្រប្រើប្រាស់សម្រាប់បន្ទំផ្លែឈើ៖ គេអាចប្រើកំហាប់ឧស្ម័នអេទីឡែនក្នុងបរិមាណប្រហែល ១០០-១៥០ppm ហើយគ្របវាក្នុងសីតុណ្ហភាពសមស្របមួយមិនក្ដៅ និងមិនត្រជាក់ពេកក្នុងរយៈពេល២៤ម៉ោង។ បន្ទាប់មកយកវាដាក់ខាងក្រៅសីតុណ្ហភាពធម្មតាដោយពុំចាំបាច់គ្របវាទៀតឡើយ ហើយរយៈពេល ២-៤ថ្ងៃផ្លែឈើនឹងទុំដោយខ្លួនឯង។

អ័រម៉ូនអាសុីតអាប់សុីសុីច(Acid abscissique ឬABA)

អ័រម៉ូនប្រភេទនេះមានតួនាទីផ្ទុយពីអុកសុីន និងជីបបេរីលីន ព្រោះវាបានពន្យឺតការលូតលាស់នៃមែកដោយបង្អាក់ការចេញពន្លកមែកឬត្រួយថ្មីនៅចន្លោះថ្នាំងនៃមែក។ ម្យ៉ាងទៀតវាសាកសមសម្រាប់ប្រើប្រាស់ទៅលើប្រភេទរុក្ខជាតិយកមើមដោយសារABAបានបង្កើនការបញ្ចេញមើម ហើយវាក៏ជាអ្នកជួយពន្យាពេលនៃដំណុះគ្រាប់ដើម្បីអាចរក្សាទុកពូជបានយូរ។

#ចំណាំ៖គ្រប់ប្រភេទអ័រម៉ូនទាំងនេះពុំមានការប៉ះពាល់ទៅដល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរឡើយ។

ឯកសារយោង

Writer