ផាសិន(Passion fruit)គឺជាដំណាំវល្លិ៍ ឬជាដំណាំទ្រើង ដែលគេអាចបរិភោគផ្លែទុំ និងត្រួយខ្ចី។ ផាសិនមានច្រើនប្រភេទ និងច្រើនពូជ ប៉ុន្តែពូជដែលកំពុងចរាចរនៅលើទីផ្សារសព្វថ្ងៃមានពីប្រភេទ ផាសិនសំបកលឿង និងសំបកស្វាយឬក្រហម។ ផាសិនសំបកលឿងមានរសជាតិផ្អែមឈ្ងុយជាងសំបកស្វាយ រីឯតម្លៃក៏ខ្ពស់ជាងដែរ ព្រោះសំបកស្វាយមានឱជារសជូរ និងជូរអែម ព្រមទាំងមានទំហំតូចជាង។ ផាសិនមិនត្រឹមតែអាចយកទៅបរិភោគជាផ្លែឈើតែមួយមុខនោះទេ គេក៏អាចកែឆ្នៃទៅជាភេជ្ជៈ នំ និងគ្រឿងទេសផ្សេងៗទៀតផងដែរ។ ផ្លែផាសិនមានផ្ទុកនូវវីតាមីនCជាច្រើនដែលអាចជំនួយទៅដល់សុខភាពនៃអ្នកទទួលទានជាដើម។ ខាងក្រោមនេះគឺជាបច្ចេកទេសដាំដុះ និងការថែទាំដំណាំផាសិនដែលមានការអនុវត្តផ្ទាល់ពីកសិករនៅក្នុងប្រទេសវៀតណាម៖
ចំពោះកូនគេអាចបណ្ដុះឬទិញដើមស្រាប់ ប៉ុន្តែដើម្បីចំណេញសេដ្ឋកិច្ចគេអាចយកគ្រាប់ផាសិនណាដែលល្អមានប្រភពច្បាស់លាស់ទៅបណ្ដុះដោយខ្លួនឯង។ ម្យ៉ាងទៀតដើម្បីឲ្យផាសិនឆាប់ផ្លែគេត្រូវបណ្ដុះកូនផាសិនទៅលើពូជដែលធន់នឹងអាកាសធាតុ រួចយកមែកផាសិនដែលផ្តល់ទិន្នផលខ្ពស់ រសជាតិឆ្ងាញ់ ទៅតលើជើងទម្រនៃផាសិនមួយទៀត។ ការធ្វើបែបនេះអាចធ្វើឲ្យផាសិនលូតលាស់បានលឿន និងឆាប់បង្កបង្កើនផល។ ចំពោះជើងទម្រត្រូវមានអាយុយ៉ាងតិច ៣-៤ខែដើម្បីឲ្យវាមានសុខភាពរឹងមាំជាដើម។
ចំពោះប្រព័ន្ធទឹកវាអាស្រ័យទៅតាមប្រភេទដី និងកត្តាអាកាសធាតុនៅតាមតំបន់នីមួយៗ ប៉ុន្តែជាទូទៅគេតែងប្រើប្រាស់ប្រព័ន្ធតំណក់ទឹក(Drip) ឬ ប្រព័ន្ធសាចទាបនៅជុំវិញគល់(Sprinkler)។ (ផាសិនត្រូវការទឹក ២០-៣០លីត្រ/២ថ្ងៃ)
ឯកសារយោង