ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

តើអ្វីទៅប្រព័ន្ធកសិកម្មចម្រុះ?

សនិ្ដសុខស្បៀងគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងសកលលោក ដែលត្រូវតែយកចិត្តទុកដាក់ ដោយហេតុថាបច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុ ដោយមានភ្លៀងធ្លាក់មិនទៀងទាត់ ភ្លៀងច្រើនហើយមានរយៈពេលខ្លី ដែលជាបញ្ហាខ្លាំងសម្រាប់កសិករធ្វើកសិកម្ម។ នៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានយកចិត្តទុកដាក់អនុវត្តន៍វិស័យកសិកម្មប្រកបដោយនិរន្តរភាពនៃផលិតភាពកសិកម្ម តាមរយៈ ការជំរុញប្រព័ន្ធកសិកម្មចម្រុះ ដែលនឹងជួយដោះស្រាយបញ្ហាសង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុនិងសុវត្ថិភាព ស្បៀង។

តើអ្វីជាកសិកម្មចម្រុះ?

ប្រព័ន្ធកសិកម្មចម្រុះ ជាការធ្វើកសិកម្មច្រើនប្រភេទនៅក្នុងកសិដ្ឋានតែមួយ ពេញមួយឆ្នាំ ដែលមានដូចជា៖ ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម ក្សត្រ-កម្ម (កសិរុក្ខកម្ម) នៅលើទីតាំងតែមួយ។ ការអនុវត្តបែបនេះបានបង្កើនផលិតភាព គុណភាព សុវត្ថិភាពផលិតផលកសិកម្ម បង្កើនផលិតភាពនិងប្រសិទ្ធភាព ប្រើប្រាស់ដី ទឹកធាតុចូលកសិកម្មនានា ពលកម្ម និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុបានល្អ។ ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះមានប្រភេទផលិតកម្មសំខាន់ៗដូចខាងក្រោម៖

  • ផលិតកម្មដំណាំ (ស្រូវ ដំឡូងមី ពោត បន្លែ ពពួកសណ្តែក និងដំណាំអចិន្ត្រៃយ៍មួយចំនួន ស្វាយ ស្វាយចន្ទី ម្រេច ។ល។
  • ផលិតកម្មសត្វ (ជ្រូក គោ បក្សី)
  • វារីវប្បកម្ម (ត្រី កង្កែប បង្កង…)
  • រុក្ខជាតិពហុប្រយោជន៍ ផ្តល់ជាម្លប់ ពណ៌បៃតង ដែលចូលរួមធ្វើឲ្យប្រសើរឡើងនូវគុណភាពខ្យល់
  • ស្រះកសិដ្ឋានជួយបង្កើនលទ្ធភាពទទួលបានទឹកសម្រាប់គ្រួសារដែលចិញ្ចឹមសត្វ និងផលិតកម្មដំណាំជា លក្ខណៈខ្នាតតូច។

ប្រព័ន្ធកសិកម្មចម្រុះដែលកសិករនៅក្នុងប្រទេសអាចអនុវត្តបានមាន÷

របៀបទីមួយ

ការអនុវត្តប្រព័ន្ធកសិកម្មចម្រុះដែលមាន ការដាំបន្លែចម្រុះ ការចិញ្ចឹមសត្វ ការធ្វើជីកំប៉ុស ការដាំដុះឈើហូបផ្លែ និងឈើពហុប្រយោជន៍។ប្រព័ន្ធកសិកម្មចម្រុះរបៀបទីមួយ មានលក្ខណៈសាមញ្ញនិងងាយស្រួលអនុវត្តហើយវាសមស្របទៅនឹងគ្រប់លក្ខខណ្ឌអាកាសធាតុនិងសណ្ឋានដីនៅប្រទេសកម្ពុជា។ការអនុវត្តការដាំដុះដំណាំបន្លែមានទំនាក់ទំនងគ្នាយ៉ាងជិតស្និតព្រោះថាបន្លែខូចខាតមិនអាចលក់ចេញបានយើងអាចប្រមូលបន្លែនោះមកធ្វើជាចំណីសត្វ ហើយលាមកដែលបានមកពីសត្វគឺយកទៅធ្វើជាជីសម្រាប់ផ្ដល់ទៅអោយដំណាំវិញ។

របៀបទីពីរ

ប្រព័ន្ធកសិកម្មចម្រុះដែលរួមបញ្ជូល ស្រះទឹក វារីវប្បកម្ម ការដាំបន្លែនិងឈើហូបផ្លែចម្រុះ ការចិញ្ចឹមសត្វនិងការធ្វើជីកំប៉ុស។ ប្រព័ន្ធកសិកម្មមួយបែបនេះស្រដៀងទៅនិងប្រព័ន្ធកសិកម្មទីមួយដែល។

សកម្មភាពនិមួយៗនៅក្នុងប្រព័ន្ធនេះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និត ដោយៈ

  • ស្រះទឹកដែលជីក អាចប្រើប្រាស់ជាអាងស្ដុបទឹកសម្រាប់ស្រោចស្រពដំណាំនិងឈើហូបផ្លែបានគ្រប់រដូវ ហើយកសិករក៏អាចចិញ្ចឹមត្រីក្នុងស្រះនេះបានសម្រាប់បរិភោគក្នុងគ្រួសារនិងលក់ដើម្បីបង្កើនប្រាក់ចំណូលផងដែរ។
  • បន្ថែមពីនេះកសិករអាចប្រើប្រាស់ជីកំប៉ុសដែលផ្សំដោយខ្លួនឯពីកាកសំណល់រុក្ខជាតិនិងលាមកសត្វដែលខ្លួនចិញ្ចឹម ក្នុងកសិដ្ឋាន។

របៀបទីបី

ប្រព័ន្ធកសិកម្មចម្រុះដែលមានការដាំដុះដំណាំស្រូវការចិញ្ចឹមត្រីក្នុងស្រែ ការដាំបន្លែចម្រុះ ការចិញ្ចឹមសត្វការធ្វើជីកំប៉ុស និងការដាំឈើហូបផ្លែ។ប្រព័ន្ធកសិកម្មចម្រុះប្រភេទទីបីនេះមានលក្ខណៈសមស្របសម្រាប់កសិករដែលមានដីស្រែវស្សា ជាប់នឹងដីផ្ទះរបស់ខ្លួន ដែលអាចអោយកសិករអាចបង្កបង្កើនផលស្រូវផង ចិញ្ចឹមត្រីក្នុងស្រែផង និងអនុវត្តសកម្មភាពកសិកម្មដទៃទៀតដែលពឹងផ្អែកលើគ្នាទៅវិញទៅមក លើដីផ្ទះរបស់ខ្លួន។

របៀបទីបួន

ប្រព័ន្ធកសិកម្មដែលមានការដាំដុះដំណាំយកប្រាក់ ឈើហូបផ្លែ ស្រះស្ដុបទឹក ការដាំដុះឈើពហុប្រយោជន៍និងដំណាំពពួកសណ្ដែក និងការធ្វើជីកំប៉ុស ។ប្រព័ន្ធកសិកម្មចម្រុះប្រភេទទីបួននេះសមស្របនិងកសិករដែលមានផ្ទៃដីចម្ការដែលអាចដាំដំណាំលក់យកប្រាក់ផង ដាំឈើហូបផ្លែនិងឈើពហុប្រយោជន៍ផង និងអាចជីស្រះស្ដុបទឹកសម្រាប់ប្រយោជន៍ក្នុងដាំដុះ និងប្រើប្រាស់ប្រចាំថ្ងៃផង។ ដំណាំលក់យកប្រាក់ដែលសមស្របនិងប្រព័ន្ធនេះមានដូចជា ដំឡូងមី ល្ង និងពោតជាដើម។ការអនុវត្តនេះគឺយើងធ្វើឡើងក្នុងពេលជាមួយគ្នា ដោយឈើហូបផ្លែក៏យើងដាំហើយដំណាំពពួកសណ្ដែកក៏យើងដាំដែរ។កសិករអាចប្រមូលផលសណ្ដែកបានហើយសណ្ដែកនេះ វាជួយផ្ដល់សារធាតុចិញ្ចឹមទៅដល់ដីវិញទៀត។

ចំណាំ ៖ ប្រព័ន្ធកសិកម្មនេះអាចមានច្រើនប្រភេទខុសគ្នាៗហើយការអនុវត្តអាចបត់បែនទៅតាមសណ្ឋានដី លក្ខណៈអាកាសធាតុ និងធនធានដែលកសិករមាន តែលក្ខណៈពិសេសតែមួយគត់ដែលមិនអាចប្រែប្រួលរបស់វា គឺអត្ថប្រយោជន៍ដ៏លើសលប់សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្ដរភាព។

អត្ថប្រយោជន៍នៃការអនុវត្ត ប្រព័ន្ធកសិកម្មចម្រុះ

ប្រព័ន្ធកសិកម្មចម្រុះ មានសារៈសំខាន់ដូចជា៖

ចូលរួមអភិរក្ស ដើម្បីធ្វើឲ្យប្រសើរឡើងនៃការប្រើប្រាស់ធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពតាមរយៈការ ធ្វើប្រព័ន្ធកសិកម្មចម្រុះ ដោយរួមបញ្ចូលការប្រើប្រាស់ដី ទឹកនិងប្រព័ន្ធជីវចម្រុះ (ប្រព័ន្ធអេកូឡូស៊ី) ។ល។

  • ជួយរក្សាប្រព័ន្ធប្រព័ន្ធជីវចម្រុះ (ប្រព័ន្ធអេកូឡូស៊ី) ឲ្យបានល្អនៅក្នុងជុំវិញកសិដ្ឋាននិងអាចជាវិធីមួយដែល ធន់ទ្រាំទៅនឹងការប្រែប្រួលអាកាសធាតុ
  • បង្កើនសន្តិសុខស្បៀងនិងសុវត្ថិភាពចំណីអាហារតាមរយៈ ការបង្កើនគុណភាពអាហាររូបត្ថម្ភ
  • រក្សានិងកែលម្អគុណភាពដី
  • បង្កើនទិន្នផលជំរុញសេដ្ឋកិច្ចក្នុងតំបន់ឲ្យមានការរីកចម្រើន
  • ការកាត់បន្ថយថ្លៃដើមផលិតកម្ម
  • បង្កើនការងារនិងប្រភពចំណូលមកពីប្រភពច្រើនយ៉ាងតាមរយៈការធ្វើទីផ្សារផលិតផលកសិកម្ម
  • ដោះស្រាយបញ្ហាថាមពល ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ កាត់បន្ថយការ កាប់បំផ្លាញព្រៃឈើ
  • ការកែច្នៃធនធានឡើងវិញនិងថែរក្សាលំនឹងបរិស្ថាន
  • ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពនិងជីវភាពរបស់កសិករ

ឯកសារយោង