ជាទូទៅការដាំដាំដុះគឺជារឿងដ៏ចាំបាច់មួយដែលយើងត្រូវសិក្សាស្វែងយល់ដើម្បីជាមូលគ្រឹះសម្រាប់ការធ្វើកសិកម្ម ប៉ុន្តែក្រោយពីដាំដុះបានជោគជ័យ ការស្តុកទុកឬបច្ចេកទេសប្រមូលផលក៏ជាកត្តាមួយដ៏សំខាន់ផងដែរ។ ការទុកដាក់កសិផលបានត្រឹមត្រូវ រមែងតែងតែទទួលបានផលចំណេញទៅតាមនោះដែរ ដោយឡែកបើយើងមិនបានយល់ដឹងពីរបៀបនៃការស្តុកទុកវាក៏ជាហេតុធ្វើឲ្យផលិតផលខូចគុណភាព និងបាត់បង់ប្រាក់ចំណេញជាដើម។ ខាងក្រោមនេះគឺជាចំណេះដឹងមួយចំនួនទាក់ទងទៅនឹងការប្រមូលផលបន្លែ និងវិធីស្តុកទុក៖
ពេលវេលាសម្រាប់ប្រមូលផលបន្លែ
- ប្រមូលផលនៅពេលមេឃត្រជាក់ដូចជាពេលព្រឹកប្រលឹម និងពេលល្ងាច ដើម្បីកុំឲ្យបន្លែឆាប់ស្រពោន និងខូចគុណភាព
- ចំពោះការប្រមូលផលនៅពេលថ្ងៃត្រង់ត្រូវយកវាទៅទុកនៅក្រោមម្លប់ឬទីតាំងដែលមានសីតុណ្ហភាពទាប ដើម្បីឲ្យបន្លែអាចសាយភាយកម្ដៅចេញមកក្រៅ
- ការប្រមូលផលនៅពេលព្រឹកគឺជាពេលដែលបន្លែមានលក្ខណៈស្រួយខ្លាំងដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នជានិច្ច
- មិនត្រូវប្រមូលផលក្រោយមេឃភ្លៀងឡើយព្រោះទឹកខ្លាំងពេកអាចធ្វើឲ្យបន្លែឆាប់រលួយ ប៉ុន្តែគេអាចយកបន្លែទៅលាងទឹកភ្លៀងចេញដោយទឹកធម្មតាបាន។
វិធីសាស្ត្រប្រមូលផល
- ប្រើប្រាស់កាំបិត, កន្ត្រៃ, ដង្កៀបឬដៃ
- មិនត្រូវទាញផ្លែដើម្បីបេះឡើយវាអាចធ្វើឲ្យដាច់ទង និងបង្កផលប៉ះពាល់ទៅដល់ការប្រមូលផលនៅពេលបន្ទាប់
- មិនត្រូវចាប់ទាញដើមឬមូលដើមទេ វាអាចធ្វើឲ្យប៉ះពាល់ដល់ដើម មើម និងឫស
- នៅពេលចុះទៅប្រមូលផលគេត្រូវពាក់អាវការពារដើម្បីបង្ការពីការរោលឬរលាកដោយសាររោមឬព្រុយរបស់រុក្ខជាតិ(ម្ទេស ប៉េងប៉ោះ ត្រសក់…)
វិធីសាស្ត្រលាងសម្អាត
- លាងសម្អាតនៅក្នុងទឹកក្លរីន ១០០-២០០ppm(លាយទឹកអូសាវែលដែលមានផ្ទុកសមាសធាតុ សូដ្យូមអុីប៉ូក្លរីត ឬNaOCl ៥.២៥% ក្នុងបរិមាណ ៤-៨ស្លាបព្រាបាយ សម្រាប់ទឹក ៣.៧៥L) ក្នុងរយៈពេល ១-៣នាទី។
- វិធីកាត់បន្ថយការរលួយ៖ ដោយប្រើកំបោរ, សាច់ជូរ, ស្លឹកត្របែកចំរាញ់ជាដើម។
វិធីសាស្ត្រស្តុកទុក
ជាទូទៅបន្លែនីមួយៗតែងតែមានសីតុណ្ហភាពស្ដង់ដារបស់វាទៅតាមប្រភេទ និងទំហំ ហើយខាងក្រោមនេះជាសីតុណ្ហភាព និងសំណើមសម្រាប់ការទុកដាក់បន្លែក្នុងរយៈពេលយូរ និងដឹកជញ្ជូនផ្លូវឆ្ងាយ៖
- ត្រសក់&ប៉េងប៉ោះ៖ សីតុណ្ហភាព ១០-១៣oC និងមានសំណើម ៩០-៩៥%
- ម្រះ៖ សីតុណ្ហភាព ១២-១៣oC និងសំណើម ៨៥-៩៥%
- ត្រប់&សណ្ដែកកួរ៖ សីតុណ្ហភាព ១២-១៥oC និងសំណើម ៩០-៩៥%
- ស្ពៃក្ដោប៖ សីតុណ្ហភាព ៣-៥oC និងសំណើម ៩៥-៩៨%
- ខាត់ណា៖ សីតុណ្ហភាព ៨-១០oC និងសំណើម ៩៥-៩៨%
ឯកសារយោង