ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើងមានកសិករមួយចំនួនតូចតែប៉ុណ្ណោះដែលបានស្វែងយល់ និងបានដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់។ ហើយសម្រាប់កសិករដែលមានបំណងចង់ដាំបន្លែសុវត្ថិភាព និងមានតម្លៃខ្ពស់ ព្រមទាំងជួយកាត់បន្ថយការបំពុលបរិស្ថាន នៅក្នុងអត្ថបទនេះបានលើកឡើងនូវអត្ថប្រយោជន៍មួយចំនួនដែលយើងគួរតែសិក្សាស្វែងយល់ និងទុកជាចំណេះដឹងមូលដ្ឋានក្នុងការយល់ដឹងទាក់ទងទៅនឹងផ្ទះសំណាញ់ផងដែរ។
កសិករអាចដាំដុះបន្លែនៅក្នុងផ្ទះសំណាញ់បាននូវគ្រប់រដូវកាល ព្រោះផ្ទះសំណាញ់បានជួយការពារដំណាំពីការយាយីរបស់សត្វល្អិតចង្រៃ ម្យ៉ាងទៀតផ្ទះសំណាញ់បានផ្តល់នូវលក្ខខណ្ឌអាកាសធាតុសមស្របមួយដែលអាចឲ្យបន្លែលូតលាស់បានទាំងរដូវវស្សា និងរដូវប្រាំង។ មួយវិញទៀតផ្ទះសំណាញ់បានជួយការពាររុក្ខជាតិពីការប្រែប្រួលនៃសីតុណភាព និងទឹកភ្លៀងដែលអាចបង្កការប៉ះពាល់ទៅដល់ការលូតលាស់របស់ដំណាំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេកសិករអាចធ្វើការប្រកបរបរដាំបន្លែបានជាប្រចាំពេញមួយឆ្នាំ។
ផ្ទះសំណាញ់ជាកត្តាមួយរារាំងដល់ការកើតជំងឺរបស់រុក្ខជាតិពីមជ្ឈដ្ឋានខាងក្រៅឆ្លងទៅដល់ដំណាំផងដែរ។ ដំណាំអាចលូតលាស់បានល្អ រក្សានូវរូបរាងដើម រីឯទិន្នផលក៏ខ្ពស់ជាងដំណាំនៅទីវាល ចំណែកឯគុណភាពរបស់បន្លែវិញកាន់តែមានភាពប្រសើរជាង ព្រោះរុក្ខជាតិមិនមានការបំផ្លាញពីសត្វល្អិត និងជំងឺ។
ផ្ទះសំណាញ់ត្រូវបានគេរចនាឡើងដើម្បីចាប់យក និងកែច្នៃទឹកឲ្យកាន់តែមានប្រសិទ្ធិភាពសម្រាប់អ្នកប្រើប្រាស់។ ម្យ៉ាងទៀតវាមានមុខងារក្នុងការកំណត់នូវលក្ខខណ្ឌអាកាសធាតុមួយដែលអាចរក្សាសំណើម សីតុណ្ហភាព និងពន្លឺ។ ដែលកត្តាទាំងនេះបានជះឥទ្ធិពលទៅលើដំណាំដោយផ្ទាល់ ដើម្បីឲ្យវាអាចស្រូបយក ហើយបំលែងទៅជាថាមពលដែលវាត្រូវការចាំបាច់ផងដែរ។
ចំពោះការដាំដុះនៅក្នុងផ្ទះសំណាញ់វាបានផ្តល់នូវគុណសម្បត្តិជាច្រើនសម្រាប់បរិស្ថាន ដោយវាបានជួយកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី(ថ្នាំព្យាបាលជំងឺ ថ្នាំសត្វល្អិត និងថ្នាំស្មៅចង្រៃ)។ ម្យ៉ាងទៀតបន្លែដែលដាំចេញពីផ្ទះសំណាញ់សុទ្ធសឹងតែជាបន្លែសរីរាង្គដែលអាចជួយរក្សានូវប្រព័ន្ធអេកូឡូសុីសម្រាប់កត្តាជីវៈចម្រុះជាដើម។
ឯកសារយោង