ដែក(Fe)គឺជាមីក្រូសារធាតុដ៏សំខាន់សម្រាប់ការលូតលាស់ និង ការអភិវឌ្ឃន៍របស់រុក្ខជាតិ ប៉ុន្ដែការស្រូបយកជាតិដែកច្រើនពេកអាចបណ្ដាលអោយមានការពុលដែកដែលនាំអោយខូចខាតដល់ភ្នាសកោសិការុក្ខជាតិ កាត់បន្ថយនូបការលូតលាស់ ទិន្នផល។ បញ្ហានៃការពុលជាតិដែកនៅក្នុងរុក្ខជាតិដែលជាបញ្ហាទូទៅដែលប៉ះពាល់ដល់ដំណាំដូចជា ស្រូវ សណ្ដែក ស្រូវសាលី បន្លែ ដែលជាបញ្ហាដែលកើតមាននៅ អាស៊ីអាគ្នេយ៍ ប្រេស៊ីល អាហ្រ្វិក អូស្រ្ដាលី និង សហរដ្ឋអាមេរិក។
ដីដែលកើតមានការពុលជាតិដែក
ការពុលដែកកើតឡើងនៅលើដីច្រើនប្រភេទ ប៉ុន្ដែជាទូទៅវាកើតនៅលើដីដំណាំស្រូវនៃតំបន់ដែលលិចទឹក ជាអចិន្រ្ដៃយ៍ក្នុងរដូវកាលដំដុះ។ ដីដែលមានការពុលដែកគឺជាដីដែលមានការដក់ទឹកជាប្រចាំ ដីដែលមានសមត្ថភាពបណ្ដូរការចុងទាប និងដីមានបរិមាណ ម៉ាក្រូធាតុ ( N P K..) ទាប ។ វាកើតឡើងនៅលើដីដែលមាន PH 4-7។
ហេតុដែលធ្វើអោយមានការពុលដែក
ការពុលដែកអាចបណ្ដាលមកពីបុព្វហេតុសំខាន់ៗមួយចំនួនដូចជា៖
- មានកំហាប់អ៊ីយ៉ុងដែក Fe2+ច្រើននៅក្នុងដីបណ្ដាលមកពីដីមាន PH ទាប
- មានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់និងគ្មានតុល្យភាពនៃសារធាតុចិញ្ចឹមដី កង្វះ P ,Ca, Mg, K
- កម្រិតអុកស៊ីតកម្មនៃឬសខ្សោយ ដោយសារតែនៅក្នុងតំបន់ឬស( Rhizosphere) សម្បូរទៅដោយសារធាតុអ៊ីដ្រូសែនស៊ុលភួ (H2S) ដែកស៊ុលភីត (FeS) និង អាស៊ីតសរីរាង្គដែលជាសារធាតុសរីរាង្គជាច្រើនដែលមិនទាន់រលួយពេញលេញ។
- ការផ្ដល់ធាតុដែកច្រើនទៅក្នុងដី
- ការប្រើប្រាស់ទឹកស្អុយឬ កាកសំណល់ឧស្សាហកម្មដែលមានផ្ទុកជាតិដែកខ្ពស់
រោគសញ្ញានៃការពុលដែក
រោគសញ្ញានៃការពុលដែកមានដូចជា៖
- ចំណុចពណ៍ត្នោតតូចៗនៅលើស្លឹកទាប ចាប់ផ្ដើមពីខាងចុង ហើយរីករាលដាលដល់គល់ស្លឹក
- ផ្ទៃស្លឹកមានពណ៍លឿងត្នោតរួចជាបន្ដបន្ទាប់
- ស្លឹកមានសភាពតូច ហើយនៅតែរក្សាបៃតង
- បើពុលខ្លាំងស្លឹកប្រែជាពណ៍ត្នោតស្វាយ ពូជខ្លះចុងស្លឹកពណ៍លឿងទុំហើយស្ងួត
- ការលូតលាស់និងការបែកគុម្ពថយចុះ
- ប្រព័ន្ធឬ ឡើងគ្រោកគ្រាតមិនដុះចេញច្រើនពណ៍ត្នោតក្រហមក្រម៉ៅ
- រោគសញ្ញានេះកើតឡើងពី 1-2សប្ដាហ៍ក្រោយស្ទូងជួនកាល 2ខែក្រោយស្ទូងអាស្រ័យទៅតាមដី។
វិធានការបង្ការការពុលដែក
វិធានការដើម្បីបង្ការការពុលដែកមានដូចខាងក្រោម៖
- ពូជ ៖ ប្រើពូជស្រូវដែលធន់នឹងភាពពុលដែក។ ពូជស្រូវអ៊ីប្រ៊ីត (Hybrid) ដែលមានប្រព័ន្ធឬសលូតលាស់ខ្លាំង ហើយឬសមានកម្លាំងធ្វើអុកស៊ីតកម្មខ្លាំង មានភាពធន់និងការពុលដែក
- គ្រប់គ្រងការដាំដុះ ៖ ពន្យាពេលដាំដុះដំណាំ រហូតដល់ផុតពេលដែលកំហាប់នៃដែករលាយ (Fe2+) គឺគួរដាំដំណាំក្នុងរយៈពេល 10-12ថ្ងៃ ក្រោយពេលដីលិចទឹក។
- គ្រប់គ្រងទឹក ៖ ចៀសវាងការពន្លិចទឹកជាប្រចាំ ចំពោះដីដែលមានបរិមាណសារធាតុសរីរាង្គច្រើននិងកំហាប់ដែកខ្ពស់។ ត្រូវបង្ហូរទឹកចេញនៅពេលពាក់កណ្ដាលរដូវកាលដាំដុះ ដើម្បីកាត់បន្ថយបរិមាណដែកនៅក្នុងដី ។ នៅពាក់កណ្ដាលដំណាក់កាលបែកគុម្ព (25-3០ថ្ងៃក្រោយស្ទូងឬ ព្រោះ) ត្រូវបង្ហូរទឹកចេញពីស្រែអោយអស់ ដោយគ្រាន់តែទុកដីអោយសើមរយៈពេល 7-10ថ្ងៃ ដើម្បីផ្គត់ផ្គង់អុកស៊ីសែននៅក្នុងដំណាក់កាលបែកគុម្ព។
- គ្រប់គ្រងជីជាតិដី ៖ ធ្វើអោយមានតុល្យភាពនៃការប្រើប្រាស់ជីជាតិ NPK ឬ NPKបូកនិងការប្រើប្រាស់កំបោរ ដើម្បីចៀសវាងភាពមិនប្រក្រតីនៃសារធាតុចិញ្ចឹមរបស់ដំណាំ ។ប្រើជី Kអោយបានគ្រប់គ្រាន់ឬ បាចកំបោរទៅលើដីអាស៊ី ប្រើជីអ៊ុយរ៉េ ប្រសើរជាជីអាម៉ូញ៉ូមស៊ុលផាត
- គ្រប់គ្រងដី ៖ ភ្ជួរដីហាលបន្ទាប់ពីប្រមូលផលរួច ដើម្បីបង្កើនការធ្វើអុកស៊ីតកម្មដែក (Fe2+)ក្នុងពេលដីនៅទំនេរ ការភ្ជួរជួយកាត់បន្ថយកំណើននៃដែក ដែលរលាយបន្ទាប់ពីមានការពន្លិចទឹក។
ឥទិ្ធពលនៃការពុលជាតិដែកលើដំណាំផ្សេងៗ
ខាងក្រោមគឺជាប្រភេទនៃដំណាំនិងឥទ្ធិពលនៃការពុលជាតិដែក
- ស្រូវ ៖ ស្លឹកសំរិទ្ធ ការលូតលាស់ក្រិន កាត់បន្ថយនូវទិន្នផល និងជីវម៉ាស
- សណ្ដែកសៀង ៖ Leaf chlorosis ការលូតលាស់ក្រិន ទិន្នផលថយចុះ កាត់បន្ថយជីវម៉ាសភាពតានតឹងអុកស៊ីតកម្ម និងការផ្លាស់ប្ដូរទៅក្នុងការបញ្ចេញហ្សែន។
- សណ្ដែកខៀវ ៖ កាត់បន្ថយនូវដំណុះគ្រាប់ពូជ
- ត្រសក់ ៖ ថយចុះបរិមាណ chlorophyll ការលូតលាស់និងទិន្នផល
- ដំឡូងបារាំង ៖ ការលូតលាស់ថយចុះ ការថយចុះនូវទិន្នផលមើម ការខ្សោះនៃជីវជាតិស្ករ ម៉្សៅ។
- សណ្ដែកបារាំង ៖ កាត់បន្ថយការលូតលាស់ Leaf chlorosis ថយចុះនូវទិន្នផល
ឯកសារយោង