ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

វិធីសាស្ដ្រដាំដំណាំដូង និង​ការពារកត្តាចង្រៃ

ដូងជារុក្ខជាតិមួយអាចធ្វើការដាំដុះលើដីច្រើនប្រភេទបាននៅក្នុងប្រទេសកម្ពុជា។វាមានអាយុកាលឱ្យទិន្នផលបានរាប់សិបឆ្នាំ ហើយអាចផ្ដល់ផ្លែផ្កាក្នុងរយៈពេលប្រហែល ៤ ទៅ ៦ ឆ្នាំក្រោយពេលដាំអាស្រ័យទៅលើប្រភេទពូជ។

ការជ្រើសរើសពូជ       

ដើម្បីឱ្យទទួលបានផលឆាប់និងខ្ពស់ យើងត្រូវផ្អែកលើលក្ខណៈក្នុងការជ្រើសរើសពូជដូចជា ជ្រើសរើសពូជចេញពីកសិដ្ឋានដែលបណ្ដុះពូជសុទ្ធ១០០%​ ចៀសវាងប៉ះដូងដែលមិនសុទ្ធ,​ ជ្រើសយកពូជដែលមានត្រឡោកធំ មានសាច់ក្រាស់ រសជាតិផ្អែម ក្លិនក្រអូបធន់ជំងឺនិងសត្វល្អិតចង្រៃ។ ជាពិសេសគួរជ្រើសយកពូជណា ដែលឆាប់មានផ្លែ មានប្រភពច្បាស់លាស់ អាចដាំដុះនៅលើដីច្រើនប្រភេទ និងជាពូជដែលមានតម្លៃខ្ពស់នៅលើទីផ្សារជាដើម។                                                                                                    

ការបណ្ដុះកូន

ក/. ការជ្រើសរើសទីតាំងថ្នាលៈ

ដូង ងាយស្រួលក្នុងការបណ្ដុះជាងរុក្ខជាតិផ្សេងៗ ដោយគ្រាន់តែរក្សាទុកនៅទីសុវត្ថិភាពក្បែរប្រភពទឹក ដីទួលមិនលិចទឹក និងកន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ជាការស្រេច។ 

ខ/.ការបណ្ដុះកូនដូងៈ ត្រូវកាប់សំបកត្រង់ជ្រុងណាដែលធំជាងគេផ្នែកខាងក្បាល រួចដាក់ជ្រុងនោះទៅក្រោម រួចហើយកាប់សំបកចំពីលើ ឱ្យមានស្នាមសម្រាប់ដូងងាយស្រួលដុះពន្លក។ ដាក់ចំបើងឬកម្ទេចកម្ទីរុក្ខជាតិពង្រាយលើថ្នាលដែលពង្រាប រួច

តម្រៀបផ្លែដូងពីលើចំបើងឬកម្ទេចកម្ទីរុក្ខជាតិដែលពង្រាយ រួចហើយគ្របកំណាត់ចំបើងដែលចិញ្ច្រាំខ្លីៗពីលើហើយស្រោចទឹកឱ្យសើមជាប្រចាំរហូតដល់វាមានអាយុ ១ ឆ្នាំទើបអាចយកទៅដាំបាន។

ការដាំដុះ

ក/.ការជ្រើសរើសទីកន្លែងដាំដុះ

ត្រូវដាំដូងនៅកន្លែងដែលមានសុវត្ថិភាព ដីខ្ពស់មិនលិចទឹក តែមានសំណើមនិងមានជីវជាតិល្អឆ្ងាយពីដើមឈើធំៗដែលមានស្រាប់យ៉ាងហោចណាស់ ១០ម៉ែត្រ។ មានប្រភពទឹកនៅក្បែរងាយស្រួលក្នុងការស្រោចស្រពនៅពេលជួបប្រទះភាពរាំងស្ងួត។

ខ/. របៀបជីករណ្ដៅ

រណ្ដៅដាំដែលមានទំហំសមល្មមគឺជម្រៅមួយម៉ែត្រ បណ្ដោយមួយម៉ែត្រ និងទទឹងមួយម៉ែត្រ ហើយគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយយ៉ាងហោចណាស់ ១០ ម៉ែត្រ ហើយត្រូវធ្វើយ៉ាងណាកំណត់ជួរឱ្យប៉ះនឹងពន្លឺព្រះអាទិត្យស្មើគ្នា។ 

គ/. ការដាក់ជីក្នុងរណ្តៅ  

ក្រោយពេលជីករណ្ដៅរួច មុនពេលដាំត្រូវប្រមូលសំរាមដែលបានពីរុក្ខជាតិ ផេះ លាមកសត្វ ឬជីកំប៉ុសិ៍ដាក់ក្នុងរណ្ដៅឱ្យបានច្រើនជាការប្រសើរ ព្រោះវាជាជីធម្មជាតិដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនយ៉ាង។​ ដីដាំដូង ត្រូវមានដង្ហើមទឹករាក់ៗ ចាប់ពី ៣ម៉ែត្រ ទៅ ៨ម៉ែត្រ គិតពីនីវ៉ូទឹក មកដីខាងលើដីមិនលិចទឹក តែមានសំណើមទឹក និងជាតំបន់ឧស្សាហ៍មានភ្លៀងធ្លាក់។

ឃ/. ការដាំកូនដូង

ត្រូវពិនិត្យនិងអនុវត្តឱ្យបានហ្មត់ចត់ដូចជាកូនដូងត្រូវមានអាយុយ៉ាងតិច ១ឆ្នាំ។ ត្រូវដាំនៅពេលល្ងាចដើម្បីឱ្យវាទទួលបានសំណើមពេលយប់និងស្រោចទឹកដើម្បីឱ្យឫសឆាប់ជាប់នឹងដីថ្មី។ ក្នុងមួយហិចតា ក្នុងមួយឆ្នាំ តាមខ្នាត ដូងក្រអូប 6×6 m និងដូងធម្មតា 8x8m។

ការថែទាំ

ក/. ការដាក់ជីបំប៉នៈ ជីបំប៉នត្រូវដាក់ពីរដងក្នុងមួយឆ្នាំនៅរៀងរាល់ដើមនិងចុងរដូវវស្សា ជីកំប៉ុស្ត៍ ជួយដល់ការលូតលាស់បានល្អ រស់ជាតិទឹក និងសាច់ឆ្ងាញ់ សាច់ក្រាស់ មានរ៉ែច្រើន មានវីតាមីនច្រើន និងដូងមានប្រេងច្រើន ផ្លែច្រើន ផ្លែធំល្អ ជាពិសេសធ្វើអោយដើមដូងមានសុខភាពរឹងមាំល្អ។ ជីករណ្ដៅដែលរាងមូលតែមានផ្ចិតប្រវែង ៥ តឹកនិងជម្រៅ ៥តឹក ចម្ងាយពីគល់ប្រហែល ១ ទៅ ២ ម៉ែត្រ។ ដាក់ជីធម្មជាតិនិងជីគីមីសមាសដែលមានធាតុ អ៊ិន ប៉េ កា ហើយចំពោះការដាក់លើកក្រោយៗទៀតចៀសវាងកុំឱ្យជាន់រណ្ដៅដដែល។

ខ/.ការរៀបចំប្រព័ន្ធតំណក់ទឹក ឬ ប្រព័ន្ធទឹកសាច ឬកាយប្រឡាយទឹក ដែលប្រឡាយទឹកចំណាយច្រើន ប្រព័ន្ធទឹកសាចចំណាយមធ្យម និងប្រព័ន្ធតំណក់ទឹក ចំណាយតិចជាងគេ។ ដាក់តំណក់ទឹករៀងរាល់ថ្ងៃ នៅរដូវក្តៅ ឬទឹកសាច រៀងរាល់៣ថ្ងៃម្តង ប្រព័ន្ធតំណក់ទឹក ជួយសំលាប់សត្វល្អិត នៅខាងក្រោមឬសដូងជួយអោយដូងលូតលាស់បានល្អ ផ្លែឆាប់ធំ ផ្លែបានច្រើន ផ្លែធំល្អ ផ្លែមានទឹកច្រើន។ 

គ/.ភ្ជួរជ្រោយដី និងកាត់ស្មៅរៀងរាល់ឆ្នាំ ហាមដុតភ្លើងក្នុងចំការដូង។

ឃ/.ដាក់អំបិល ជុំវិញគល់ ដើម្បីការពារពីសត្វល្អិតស៊ីឬសដួង និងបន្សាបជាតិអាស៊ីតតរបស់ដី។

កត្តាចង្រៃ

🪲🪲🪲ពពួកកញ្ចែស៊ីបំផ្លាញដំណាំដូងគ្រប់ប្រភេទ: Coconut Rhinoceros Beetle(CRB)🪲🪲🪲

ក/.ជាប្រភេទសត្វល្អិតដែលស៊ីបំផ្លាញខ្លាំងលើដំណាំដូង តាមរយៈការស៊ី ឬចោះធាងខ្ចីៗ ឬចូលស៊ីក្នុងបណ្តូលតែម្តង វាមានវត្តមានស៊ីបំផ្លាញដូងពេញ ១ឆ្នាំ ជាពិសេសគេអង្កេតឃើញវត្តមានវាច្រើននូវក្នុងរដូវវស្សា។

ខ/.វដ្តជីវិត មាន ៤ដំណាក់កាល=›មេចំណាស់ =›ពង =›ដង្កូវឌួង =›ឌឹកដឿ =›មេពេញវ័យ ។

គ/.សញ្ញានៃការស៊ីបំផ្លាញ

  • មានកំទេចអាចម៍ ឬកាកសំណល់ពីការស៊ីបំផ្លាញរបស់ចេញមកក្រៅ។ 
  • ធ្វើឱ្យធាងដូង ឬបណ្តូលដូងបាក់ ឬងាប់។
  • អាចធ្វើឱ្យដូងអាក់កាលូតលាស់ ឬអាចងាប់បានបើវាស៊ីចូលដល់បណ្តូលរបស់ដូង។

វិធានការការពារ និងកំចាត់

  • ការសំអាតស្មៅក្នុងចំការ ឬសំអាតរុក្ខជាតិចង្រៃជំវិញគល់ដូងជាប្រចាំ។
  • តាមដានរវត្តមានមេអំបៅ ឬអង្កេតស្នាមបំផ្លាញតាមដើមដូង១ខែឱ្យបាន២ដង។
  • ពេលឃើញស្នាមបំផ្លាញ ត្រូវឆ្កឹះ ឬចាក់ពពួកកញ្ចែឱ្យបាន។
  • ប្រើថ្នាំគីមីកម្ចាត់សត្វល្អិតបន្ថែម៖ ប្រើថ្នាំបាញ់បញ្ចូលក្នុងដើម បណ្តូល និងគល់ បាញ់ ១-២ដងក្នុង ១ខែ។  ប្រើថ្នាំកម្ចាត់សត្វល្អិត្វភេទគ្រាប់ លាយជាមួយដីខ្សាច់ រោយដាក់តាមធាងដូងក៏បាន ដាក់រាល់ ២-៣ខែ ម្តងឬដាក់អំបិលតាមគល់ឬដាក់តាមចន្លោះធាងដូង ក៏ចូលរួមកាត់បន្ថយវត្តមានការបំផ្លាញពពួកកញ្ចែបានដែរ។


ឯកសារយោង

Writer