ដំណាំគូឆាយគឺជាដំណាំដែលងាយស្រួលដាំដុះ ដោយមិនចាំបាច់ថែទាំច្រើនពេកឡើយ ហើយក៏មិនត្រូវបានបំផ្លាញដោយពពួកសត្វល្អិតផ្សេងដែរ ។ អ្វីកាន់តែពិសេសនោះគឺយើងដាំតែម្ដង អាចបំបែកកូនដាំជាបន្ដបន្ទាប់រហូត មិនចំណាញទិញពូជគេទៀតឡើយ។ គូឆាយជា ដំណាំពេញនិយម គេអាចយកវាទៅ ធ្វើម្ហូប ធ្វើនំ ធ្វើប្រេង និង ធ្វើជាឪសថផងដែរ។ វាជាប្រភពដ៏ល្អនៃវិតាមីន A ផ្ដល់នូវប៉ូតាស្យូម កាល់ស្យូម និងវិតាមីន C។
គូឆាយងាយស្រួលដាំមិនរើសដី ប៉ុន្ដែដីត្រូវមានជីជាតិ ចំពោះ PH ពី6.0-7.0 គឺសមស្របបំផុតសម្រាប់ដាំណាំគូឆាយ។ចំពោះដីខ្សាច់ត្រូវប្រើប្រាស់សារធាតុសរីរាង្គពី30-40 តោនក្នុងមួយហិចតា រីឯដីឥដ្ឋត្រូវការបង្ហូរទឹកល្អ និងសារធាតុសរីរាង្គផងដែរ ដើម្បីកែលម្អរចនាសម្ព័ន្ធដីនិងជីជាតិដី។ សម្រាប់ដំណុះនិងការលូតលាស់ល្អបំផុតសីតុណ្ហភាពរបស់ដីគួរមានពី 60-70 °F(15-21 °C)។
មុននិងដាំគូឆាយយើងត្រូវ ភ្ជួររាស់ដី ពី 2-3ដង ដោយលើកទី1 ហាលដីចោលរយៈពេល 3-4 ថ្ងៃ ដោយភ្ជួរលើកទី2 ទុកដីចោលរយៈពេល 3ថ្ងៃ និងលើកទី3ភ្ជួរកាប់ជាចង្អូរៗ បន្ទាប់មកយកដីដំបូកលាយជាមួយនឹងជីកំប៉ុស្ដិ៍ច្របល់គ្នាអោយសព្វ ដាក់ក្នុងចង្អូរនិងលើកជារង ដែលមានចន្លោះពីរងមួយទៅរងមួយចម្ងាយ 60cm ។ ចំពោះរងមានបណ្ដោយប្រវែង 16m ទទឹង60cm។
ត្រូវជ្រើសរើសកូនណាដែលថ្លោសល្អ មុនយកទៅដាំត្រូវកាត់ឬសចោលបន្ដិចដើម្បីការពារកុំអោយស្លឹកគូឆាយឡើងពណ៍ក្រហមហើយត្រូវយកទៅដាំភ្លាមៗ។ ចំពោះដាដាំគូឆាយត្រូវដាំរាក់ៗល្មម ដើម្បីអោយដើមគូឆាយឆាប់ចាប់ឬសល្អ ហើយថ្លោសល្អ។ចន្លោះពីគុម្ពមួយទៅគុម្ពមួយ ប្រវែង២តឹក ។
យកចិត្តទុកដាក់លើការស្រោចទឹកនិងការសម្អាតស្មៅ។ នៅរដូវវស្សារយើងធ្វើការស្រោចមួយដងគឺនៅពេលព្រឹក ចំណែកនៅរដូវប្រាំងយើងស្រោចពីដងក្នុងមួយថ្ងៃ គឺពេលព្រឹកនិងពេលល្ងាច។ ធ្វើការជ្រុំដីដកស្មៅ អោយបានពីដងក្នុងមួយវដ្ដដំណាំ ដើម្បីអោយដីធូរ ។
ក្រោយដាំរយៈពេល3-4ខែគូឆាយអាចប្រមូលផលបានហើយ។