ប្រព័ន្ធកសិកម្មគឺជាអង្គភាពធ្វើការសម្រេចចិត្តដែលរួមមានគ្រួសារកសិដ្ឋាន ប្រព័ន្ធដំណាំ និងបសុសត្វដោយបំលែងដី ទុន និងកម្លាំងពលកម្មទៅជាផលិតផលមានប្រយោជន៍ ដែលអាចប្រើប្រាស់ឬលក់បាន។ ម្យ៉ាងទៀតប្រព័ន្ធកសិកម្មសំដៅទៅលើការដាំដុះ និងការចិញ្ចឹមសត្វនៅលើដី និងពេលវេលាតែមួយ ហើយវាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងដំណើរការសកម្មភាពមួយចំនួននៅក្នុងប្រព័ន្ធកសិកម្ម។
នៅក្នុងធាតុចូលសំដៅទៅលើការចំណាយនៅដំណាក់កាលដំបូងរួមមាន៖ កម្លាំងពលកម្ម ធនធាន គ្រាប់ពូជ សត្វ ជី និងថ្នាំកសិកម្ម។ ចំពោះកម្លាំងពលកម្មគឺជាការប្រើប្រាស់កម្លាំងដើម្បីបង្កើតកសិដ្ឋាន និងធនធានគឺជាវត្ថុឬទ្រព្យមានស្រាប់ដូចជាទីតាំង និងថវិកា។ គ្រាប់ពូជគឺជាពូជដំណាំដែលយើងចង់ដាំនឹងមានទំនាក់ទំនងជាមួយសត្វដែលយើងចង់ចិញ្ចឹម។ ចំណែកឯសត្វគឺជាប្រភេទសត្វណាដែលមានប្រយោជន៍សម្រាប់ការដាំដុះដំណាំ។ ជី និងថ្នាំកសិកម្មគឺជាជីសរីរាង្គដែលកែច្នៃចេញពីវត្ថុធាតុដើមនៅក្នុងចំការស្រាប់ ហើយថ្នាំកសិកម្មក៏ជាថ្នាំដែលផ្សំឡើងពីធម្មជាតិដែលមិនបង្កការគំរាមកំហែងទៅដល់សត្វ។
ការចិញ្ចឹមសត្វពិតជាមានអត្ថប្រយោជន៍ជាច្រើននៅក្នុងប្រព័ន្ធកសិកម្មព្រោះវាបានជួយកាត់បន្ថយចំណាយផ្សេងៗដូចជា លាមកសត្វអាចកែច្នៃទៅជាជីសរីរាង្គដើម្បីយកទៅដាក់ឲ្យដំណាំ។ ម្យ៉ាងទៀតជីលាមកសត្វជាជីធម្មជាតិដែលជួយជំរុញទៅដល់ការលូតលាស់នៃដំណាំ និងបង្កើនសារធាតុចិញ្ចឹមធម្មជាតិទៅដល់ដីដែលវាមិនបង្កឲ្យដីខូច ហើយកាន់តែពិសេសទៅទៀតនោះមិនផ្តលផលវិបាកទៅដល់សត្វក្នុងដី និងបរិស្ថានជុំវិញផងដែរ។ ទន្ទឹមនឹងនេះសត្វដែលអាចចិញ្ចឹមបាននៅក្នុងប្រព័ន្ធកសិកម្មរួមមាន មាន់ ពពែ ជ្រូក គោ…..។
សត្វក្នុងទឹកសំដៅទៅលើត្រី ដែលយើងអាចចិញ្ចឹមនៅក្នុងស្រះត្រី នៅក្នុងបរិវេណចំការ ព្រោះត្រីជាសត្វដែលអាចផ្តល់ជាប្រភពចំណូលប្រចាំខែ និងជាស្បៀងអាហារប្រចាំថ្ងៃផងដែរ។ នៅក្នុងកំឡុងពេលចិញ្ចឹមត្រីគេអាចយកទឹកនោះទៅស្រោចដំណាំព្រោះជាទឹកមួយដែលត្រូវបានគេរកឃើញថាមានជីវជាតិសម្រាប់ការលូតលាស់នៃដំណាំជាដើម។
មានន័យថាគេអាចដាំដំណាំណាដែលអាចផ្តល់ទិន្នផលល្អ និងកាកសំណល់របស់វាអាចច្នៃទៅជាចំណីសត្វដើម្បីកាត់បន្ថយក្នុងការចំណាយទៅលើការទិញចំណីឲ្យសត្វ។ ម្យ៉ាងទៀតការដាំដំណាំនៅក្នុងប្រព័ន្ធកសិកម្មបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់កសិកម្ម ដើម្បីធ្វើជាចំណូលប្រចាំថ្ងៃផងដែរ។
ផលិតផលសម្រេចសំដៅទៅលើលទ្ធិផលចុងក្រោយនៃប្រព័ន្ធកសិកម្ម ដែលផលិតផលទាំងនោះរួមមាន៖ធុញ្ញជាតិ គ្រាប់ពូជ សាច់សត្វ ស៊ុត ផលិតផលដំណាំ កាកសំណល់ដំណាំ និងផលិតផលដទៃទៀត។ មានន័យថាក្រោយពីធ្វើប្រព័ន្ធកសិកម្មរួចគេនឹងទទួលផលផលិតផលដែលគេបានផលិតដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយកសិករទទួលបានចំណូលជាប្រចាំតាមរយៈការដាំដុះ និងការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋានជាដើម។
ឯកសារយោង