ប្រព័ន្ធផ្សព្វផ្សាយកសិកម្មលេខ១របស់កម្ពុជា

ក្រុមដីសំខាន់ៗសម្រាប់ដំណាំស្រូវនៅកម្ពុជា

ការយល់ដឹងអំពីដី គឺជាការងារលំបាកមួយសម្រាប់មនុស្សភាគច្រើន ទោះបីឋិតក្នុងកាលៈទេស:សមស្របយ៉ាង ណាក៏ដោយ។ នៅប្រទេសកម្ពុជា កិច្ចការនេះវានឹងរឹតតែលំបាកទៅទៀត ដោយសារយើងខ្វះខាតនូវព័ត៌មាននានា សម្រាប់ការងារនេះ។ ការយល់ដឹងអំពីការធ្វើចំណាត់ថ្នាក់ដី និងការប្រើប្រាស់ដីសម្រាប់ផលិកម្មស្រូវនៅកម្ពុជា ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើន។ឯកសារចងក្រងនេះ ផ្តល់នូវវិធីសាស្ត្រដ៏ងាយស្រួលមួយ ដើម្បីធ្វើអត្តសញ្ញាណដីសម្រាប់ដំណាំស្រូវ។ គន្លឹះនៃការ ធ្វើអត្តសញ្ញាណដីមានភាពសាមញ្ញក្នុងការប្រើប្រាស់លើបណ្តាដីសំខាន់ៗ ដែលត្រូវបានបែងចែកទៅជាក្រុមមួយ ចំនួន ដែលងាយគ្រប់គ្រង និងសម្គាល់។

ក្រុមដី ព្រៃខ្មែរ

ជាប្រភេទដីម្យ៉ាង ដែលកើតឡើងលើទំនាបល្បាប់ជំនន់ចាស់ ឬ ទំនាប់ល្បាប់ជំនន់ល្បាប់សំណឹក ដែលវាយភាពនៃប្រូហ្វីល មានលក្ខណៈជាខ្សាច់ជម្រៅជា ៥០ស.ម។ ដីប្រភេទនេះមានប្រមាណ១១ភាគរយ នៃដីដាំដុះស្រូវសរុប។

ដីនេះត្រូវបានគេបែងចែកជាពីអនុក្រុមគឺ : អនុក្រុមខ្សាច់ម៉ដ្ឋអនុក្រុមខ្សាច់គ្រើម។ក្រុមដីព្រៃខ្មែរលំបាកក្នុងការគ្រប់គ្រង ចំណែកជីជាតិនៃដីក៏មានតិចតួច។ ដីនេះកើតមាននូវ កង្វះសារធាតុ N P K S និង Mg ។ មិនតែប៉ុណ្ណោះកម្រិតនៃសារធាតុសរីរាង្គទាប ហើយការគ្រប់គ្រងជីជាតិមានការលំបាក ដោយសារដីនេះងាយជ្រាបទឹក និង មានការលំបាកក្នុងការតម្រូវសារធាតុទៅនឹងសេចក្ដីត្រូវការរបស់ដំណាំ។

ក្រុមដី ប្រទះឡាង

ជាប្រភេទដីកើតឡើងលើទំនាបល្បាប់ជំនន់ចាស់ ឬ ទំនាបល្បាប់ជំនន់ជាល្បាប់សំណឹក ដែលមានខ្សាច់កម្រាស់តិចជា ៤០ស.ម ដីស្រទាប់ក្រាមមានវាយនភាពល្បាប់ឬ ឥដ្ឋ។វាមានប្រមាណ២៨ភាគរយៈនៃតំបន់ដាំដុះសរុប។

ក្រុមដីប្រទះឡាងត្រូវបានគេធ្វើចំណាត់ថ្នាក់ជា ៣អនុក្រុមផ្សេងគ្នា ដោយផ្អែកលើលក្ខណៈនៃដីស្រទាប់ក្រោម ដែលមានឥទ្ធិពលលើការចាក់ឬសរបស់ដំណាំ និងការជ្រាបទឹក។ អនុក្រុមទាំងនេះមាន ៖ អនុក្រុមរាក់ អនុក្រុមដីឥដ្ឋស្រទាប់ក្រោមអនុក្រុមដីល្បាយស្រទាប់ក្រោម។

ដីនេះមានការលំបាកក្នុងការគ្រប់គ្រងចំពោះផលិតកម្មដំណាំស្រូវ។

ក្រុមដីឡាបាសៀក

ដីឡាបានសៀក កើតមាននៅតាមជើងភ្នំ ឬ នៅលើភ្នំដែលមានដីពណ៍ក្រហម ផ្ទៃខាងលើមានវាយនភាពជាឥដ្ឋ មានទម្រង់ខ្ទេចហើយស្រទាប់ក្រោមមានវាយនភាពជាឥដ្ឋដែរ។ ដីនេះមានតិចជាង ១ភាគរយៈ នៃផ្ទៃដីដាំស្រូវសរុប។ ដីឡាបានសៀកមានជីជាតិមធ្យម កម្រិតនៃសារធាតុសរីរាង្គប្រែប្រួលពីមធ្យមទៅខ្ពស់ ហើយសមស្របទៅនឹងផលិតកម្មស្រូវចម្ការ។ ដីប្រភេទនេះខ្វះធាតុ N P K និង S ។ ជាទូទៅក្រុមដីនេះ ជាដីដែលមានលក្ខណៈអាស៊ីតខ្សោយ តែវាយនភាពមានលក្ខណៈជាអាល់កាឡាំងដែរ។

ក្រុមដី អូរូង

ដីអូរូងកើងឡើងនៅលើទំនាបល្បាប់ចាស់ និងល្បាប់ជំនន់។ ដីស្រទាប់លើជាល្បាយ ឬ ឥដ្ឋមានជម្រៅមិនលើស ៤០ស.ម និងពុំមានវត្តមានក្រហែងទេ ឬ បើមាន គឺមានតែនៅផ្ទៃដីលើរ៉ាក់ៗប៉ុណ្ណោះ។ ស្រទាប់ខាងក្រោមជាដីខ្សាច់ មានកម្រាស់ពី ១០ទៅ ២០ ស.ម មានពណ៍ប្រផេះ ភ្លឺទៅប្រផេះព្រលែត ។ ដីក្រុមនេះត្រូវបានរកឃើញប្រហែល ១-២%នៃផ្ទៃដីដាំដុះស្រូវសរុប។ ដីនេះភាគច្រើនកើតមាននៅតំបន់ព្រៃត្រូពិច ឬតំបន់ទើបរានដីថ្មីសម្រាប់ដាំដុះស្រូវ។ ប៉ុន្ដែវាមិនសូវមានភាពសមស្របសម្រាប់ដំណាំស្រូវទេ ដោយទាមទារនូវការគ្រប់គ្រងទឹកនិងជីជាតិដីអោយបានល្អ ទើបទទួលបានទិន្នផលខ្ពស់ ។ ក្រុមដីនេះ មានសមត្ថភាពដោះដូរកាចុងនិងសារធាតុសរីរាង្គទាបខ្លាំង ហើយជីជាតិដីក៏ទាប។ដីនេះ មានកង្វះសារធាតុចាំបាច់មួយចំនួនដូចជា  N P K និង S។

ក្រុមដី ក្រគរ

ដីក្រគរ ជាដីមាណពណ៍ប្រផេះត្នោត ប៉ុន្ដែមិនមែនប្រផេះក្រម៉ៅ ឬ ត្នោតក្រម៉ៅ ឬ ខ្មៅនោះទេ។ ដីក្រគរមានទម្រង់ជាដីល្បាប់ ឬ ដីឥដ្ឋនៅស្រទាប់លើ និងមានទម្រង់ជាដីខ្សាច់ ល្បាប់ ដីឥដ្ឋ នៅស្រទាប់ក្រោម។ ដីប្រភេទនេះកើតមាននៅតំបន់ទំនាបលិចទឹកសកម្ម។ មានប្រមាណ ១៥ភាគរយៈ នៃផ្ទៃដីដាំដុះស្រូវនៅកម្ពុជា ។ដីនេះត្រូវបានចែកជា ២ អនុក្រុមគឺ អនុក្រុមមិនប្រេះក្រហែង និងអនុក្រុមប្រេះក្រហែង ។ ដីប្រភេទនេះមានអំណោយផលចំពោះការស្រោចស្រប ប្រសិនបើគេអាចគ្រប់គ្រងទឹកបានយ៉ាងមានប្រសិទ្ធភាពនោះ។ ការលូតលាស់របស់ឬសគ្មានព្រំដែនទេក្នងដីនេះ ។ ដីនេះឆ្លើយតបទៅនឹងការប្រើប្រាស់តែ អាសូត និងផូស្វ័រប៉ុណ្ណោះហើយវាជាក្រុមដីដែលមានជីជាតិល្អ។

ក្រុមដី បាកាន

ដីបាកានកើតឡើងនៅលើទំនាបល្បាប់ចាស់ និងល្បាប់ជំនន់ ឬ ល្បាប់ ។ ដីស្រទាប់លើជាល្បាយ ឬ ឥដ្ឋ ពុំមានវត្តមានក្រហែងទេ ឬ បើមាន គឺមានតែនៅផ្ទៃដីលើរាក់ៗប៉ុណ្ណោះ។ ដីស្រទាប់ក្រោមជាដីល្បាយ ឬ ឥដ្ឋមានស្នាមចម្រុះ។ក្រុមដីបាកានមានប្រហែល ១២ ភាគរយៈនៃដីដាំដុះស្រូវក្នុងប្រទេសកម្ពុជា ហើយដីនេះសមស្របទៅនឹងផលិតកម្មស្រូវ។ ការគ្រប់គ្រងទឹកបានល្អ គឺជាលក្ខណខណ្ឌដ៏ប្រសើរសម្រាប់ការបង្កើនទិន្នផលស្រូវ។ ដីនេះមានជីជាតិមធ្យម តាមការពិសោធន៍បង្ហាញថាដីនេះជួបបញ្ហាខ្វះជីធាតុ  អាសូត ផូស្វ័រ ប៉ូតាស្យូម និងអាចខ្វះស្ពាន់ធ័រ ទៀតផង។ គេសង្កេតឃើញថា វាហាក់បីដូចជាមានការឆ្លើយតបទៅនឹងការប្រើប្រាស់ជីជាតិអាសូត(N) ផូស្វ័រ(P) ប៉ូតាស្យូម(K)។

ក្រុមដី ក្បាលពោធិ

ដីក្រុមនេះមានពណ៍ប្រផេះក្រម៉ៅ ឬ ត្នោតក្រម៉ៅខ្លាំងទៅខ្មៅដីស្រទាប់លើជាឥដ្ឋ មានក្រហែងជ្រៅហើយធំ ស្រទាប់ក្រោមជាឥដ្ឋ។ ដីប្រភេទនេះកើតឡើងនៅលើទំនាបលិចទឹកសកម្ម។ តាមការប៉ាន់ស្មាន ដីនេះមានប្រហែល ១៣ភាគរយៈ នៃផ្ទៃដីដាំដុះស្រូវទាំងមូល។ ដីក្បាលពោធិ ត្រូវចែកចេញជាពីអនុក្រុមអាស្រ័យទៅតាមលក្ខណៈគីមីរបស់វាគឺ អនុក្រុមស្យូនិច និង អនុក្រុមមិនស្យូនិច។ ដីប្រភេទនេះមានការងាយស្រួលក្នុងការគ្រប់គ្រង ដោយសារវាមានសក្ដានុពលភាពខ្ពស់សម្រាប់ផលិតកម្មដំណាំស្រូវនិងមានការឆ្លើយតបល្អទៅនឹងការគ្រប់គ្រង ។ ដីប្រភេទនេះមានលក្ខណៈសមស្របទៅនឹងការស្រោចស្រព។ដីស្រទាប់ក្រោមនៃអនុក្រុមស្យូនិចជា ដីអាស៊ីតមានPH តូចជា៤.៥វាអាចមានឥទ្ធិពលដល់ការលូតលាស់របស់ដំណាំប្រសិនបើដីនេះ ត្រូវបានគេត្រឡប់មកស្រទាប់លើដោយការភ្ជួរជ្រៅពេក។

ក្រុមដី កៀនស្វាយ

ក្រុមដីកៀនស្វាយ មានវាយនភាពជាដីឥដ្ឋ ឬ ល្បាយទាំងពីស្រទាប់ហើយមានពណ៍ត្នោត ។ ដីកៀនស្វាយ កើតឡើងនៅលើជម្រាលច្រាំងទន្លេ ឬ នៅលើជម្រាលក្រោយច្រាំងទន្លេ។ វាមានផ្ទៃដីក្រឡាប្រមាណតិចជាង ២ភាគរយៈបើប្រៀបធៀបទៅនឹងផ្ទៃដីដាំស្រូវទាំងមូល។ ក្រុមដីកៀនស្វាយ ងាយស្រួលគ្រប់គ្រង និងមានសក្ដានុពលខ្ពស់សម្រាប់ផលិតកម្មកសិកម្ម។ដីនេះអាចខ្វះជីជាតិអាសូត និង ផូស្វ័រ ហើយមានភាពឆ្លើយតបទៅនឹងការប្រើប្រាស់ជីជាតិផូស្វ័រនៅលើស្រែ តែទោះជាមានការខ្វះខាតក៏ដោយ ក៏មិនចាំបាច់ប្រើជីផូស្វ័រខ្ពស់ដែរ។

ក្រុមដី ទួលសំរោង

ដីនេះកើតឡើងនៅលើល្បាប់ជំនន់ចាស់ ឬ ល្បាប់សំណឹក ដែលមានវាយនភាពស្រទាប់លើជាឥដ្ឋ ឬ ល្បាយ។ ដីនេះមានក្រហែងធំជម្រៅជ្រៅជា ៥ស.ម ស្រទាប់ក្រោមជាឥដ្ឋឬ ល្បាយ ។ ដីស្រទាប់លើមានពណ៍ប្រផេះ ឬ ត្នោត ប៉ុន្ដែមិនមែនប្រផេះក្រម៉ៅឬ ខ្មៅទេ ។ក្រុមដីទួលសំរោង មានប្រហែល ១០ភាគរយៈនៃផ្ទៃដីដាំស្រូវ។ ដីនេះចែកជាពីរអនុក្រុមអាស្រ័យទៅតាមពណ៍និងជីជាតិរបស់ដីគឺ  អនុក្រុមនិងអនុក្រុមពណ៍ប្រផេះ។ ដីនេះសមស្របចំពោះផលិតកម្មស្រូវ ពោលគឺមានសក្ដានុពលពីបង្គួរទៅខ្ពស់។ តាមការសង្កេតកន្លងមក ដីនេះមានការឆ្លើយតបល្អចំពោះតែការប្រើប្រាស់ N និង P ប៉ុណ្ណោះ។

ក្រុមដី គោកត្រប់

ដីក្រុមគោកត្រប់កើតឡើងនៅលើល្បាប់ជំនន់ចាស់ ដែលមានវាយនភាពដីស្រទាប់លើជាល្បាយឬ ឥដ្ឋ ពណ៍ប្រផេះចាស់ ឬ ត្នោតក្រម៉ៅ ទៅខ្មៅ ដីស្រទាប់ក្រោមជាល្បាយឬឥដ្ឋពណ៍ប្រផេះឬត្នោតខ្ចី។ដីនេះមាននៅភាគខាងត្បូងនៃប្រទេសកម្ពុជាពិសេសនៅក្នុងខេត្ត ព្រៃវៃង និងស្វាយរៀងហើយមួយភាគតូចទៀតនៅខេត្តកណ្ដាល និង តាកែវ។ ក្រុមដីគោកត្រប់មានប្រហែល ៥ភាគរយៈនៃផ្ទៃដីដាំដុះស្រូវនៅកម្ពុជា។ ដីនេះត្រូវបានចែកចេញជាពីអនុក្រុមដាច់ពីគ្នា អនុក្រុមមានជីជាតិ និងអនុក្រូមគ្មានជីជាតិ។

ក្រុមដី កំពង់សៀម

ក្រុមដីកំពង់សៀម កើងឡើលើផ្នែកនៃសណ្ឋានដីប្រែប្រួលខ្ពស់ទាបមិនរាបស្មើរ ដែលមានវាយនភាពស្រទាប់លើជាដីឥដ្ឋមានពណ៍ខ្មៅ ឬ ប្រផេះក្រម៉ៅ មានក្រហែងធំជ្រៅ ដីស្រទាប់ក្រោមជាដីឥដ្ឋពណ៍ប្រផេះ។ មានប្រហែល២ភាគរយៈនៃផ្ទៃដីដាំស្រូវទាំងអស់នៅប្រទេសកម្ពុជា ។ ដីនេះត្រូវបានចែកចេញជាពីរអនុក្រុមដោយឡែកទៅវត្តមាន និងអវត្តមាននៃក្រួស។ ក្រុមដីកំពង់សៀម មានកង្វះសារធាតុ អាសូត និង ផូស្វ័រ។ ការលូតរបស់ឬសល្អនិង សមត្ថភាពស្ដុបទឹកទុករបស់ដីស្រទាប់លើល្អ ប៉ុន្ដែក្នុងកំឡុងពេលមានភ្លៀងតិច ដីនេះអាចហួតហែងដោយសារតែវាអាចស្ដុបទឹកបានតិចតូច។

ឯកសារយោង